COVID-19
ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់​អភិបាល​រាជធានី​-​ខេត្ត អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​លើ​បទបញ្ជា​រឹតបន្តឹង​ការធ្វើដំណើរ​
10, Apr 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែ​នាំទៅ​អភិបាល​រាជធានី​-​ខេត្ត​ឲ្យ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តី​ការ​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុង​ប្រ​ទស​។ សម្តេច ក៏បាន​ជំរុញ​អាជ្ញាធរ ឲ្យ​ជួយ​សម្របសម្រួល​ការធ្វើ​ចរាចរណ៍ ការពារ​សន្តិសុខ សុវត្ថិភាព និង បញ្ចៀស​រាល់​ហិង្សា​ផ្សេងៗ​។ 

 
​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១០ ខែមេសា​នេះ បានចេញ​សេចក្តីណែនាំ​មួយ ដោយ​ប្រាប់​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​រៀបចំ​គោលដៅ​ត្រួតពិនិត្យ និង​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។ 
 
​ការដាក់ចេញ​បទបញ្ជា​របស់​សម្តេច ស ខេង ធ្វើឡើង​ស្របពេល​កម្ពុជា​កំពុង​អនុវត្ត​វិធាន​ការដាក់កំហិត​ការធ្វើដំណើរ​ក្នុងប្រទេស ដែលជា​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថែមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស​ត្រូវ​ជួយ​សម្របសម្រួល ដោះស្រាយ និង បញ្ចៀស​រាល់​អំពើហិង្សា​គ្រប់​រូបភាព​។​
 
​ទន្ទឹមនឹងនេះ សម្តេច​រដ្ឋមន្ត្រី បាន​ដាស់តឿន​ឲ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ថៃ រួមមាន​បាត់ដំបង បន្ទាយមានជ័យ និង ឧ​ត្ត​រ​មានជ័យ ត្រូវ​បន្ត​ជួយ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុងករណី​មាន​ពលរដ្ឋ​ខ្មែរ​ចង់​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា​។  
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ បានចេញ​បទបញ្ជា​បន្ទាន់​មួយ ដោយ​សម្រេច​ដាក់​កំហិត​ការធ្វើដំណើរ​ក្នុង​ផ្ទៃ​ប្រទេស​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ ក្នុងនោះ ប្រមុខ​រដ្ឋាភិបាល ហាម​មិន​ឲ្យ​មានការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​រាជធានី​ភ្នំពេញ ចូលទៅ​ខេត្ត ពី​ខេត្ត ចូលមក​រាជធានី​ភ្នំពេញ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ដោយ​លើកលែង​ការដឹកជញ្ជូន​ទំនិញ រដ្ឋ​យន្ត​របស់​មន្ត្រីរាជការ រថយន្ត​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ ឡានពេទ្យ​រដ្ឋ​និង​ឯកជន រថយន្ត​ពន្លត់​អគ្គិភ័យ ឡាន​ដឹក​សំរាម រថយន្ត​ដឹក​កម្មករ​ទៅធ្វើ​ការងារ​តាម​រោងចក្រ​-​សហគ្រាស និង ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​។ 
 
​វិធាន​ការដាក់កំហិត​ការធ្វើដំណើរ​នេះ មិនទាន់​ត្រូវបាន​អនុវត្ត​ពេញ​១​ថ្ងៃ​ផង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមេសា​នេះ បានចេញ​បទបញ្ជា​ថ្មី ដោយ​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ទៅមក​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល និង​អាចធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​។ តែ​ការធ្វើដំណើរ​ចេញ​ខេត្ត​ដទៃ ចូលមក​រាជធានី​ភ្នំពេញ ឬ​ចេញពី​រាជធានី​ភ្នំពេញ ចូលទៅ​ខេត្ត​ដទៃ នៅតែ​ហាមឃាត់ ហើយ​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត ក៏​នៅតែ​ហាមឃាត់​ដែរ​។ បទបញ្ជា​នេះ ត្រូវអនុវត្ត​រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០៕ 

Tag:
 សម្តេច ស ខេង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com