COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ពន្យារពេល​រឹតត្បិត​ការដើរ​ហើរ​១៤​ថ្ងៃ​បន្ថែម រហូតដល់​ចុងខែ​មេសា
10, Apr 2020 , 5:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ថ្លែងលើកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ (Malay mail)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ថ្លែងលើកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ (Malay mail)
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បានសម្រេច​ប្រកាស​លើក​ពេល​បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) រយៈពេល​២​សប្តាហ៍​បន្ថែម ពោលគឺ​នឹង​អនុវត្ត​រហូតដល់​ថ្ងៃទី ២៨ ខែមេសា​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា​អាច​ទប់ស្កាត់ COVID-19 ផងដែរ​។

 
​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃទី​១០ ខែមេសា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin លើកឡើងថា បទបញ្ជា​រឹតត្បិត​ការដើរ​ហើរ​នេះ បាន​ជួយ​កាត់បន្ថយ​ការរីក​រាលដាល COVID-19 ហើយ​កំណើន​ករណី​ឆ្លង ត្រូវបាន​កម្រិត​ត្រឹម​៧​ភាគរយ ពោលគឺ​ទាប​ជាង​១០​ភាគរយ​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ 
 
«​ចំនួន​ករណី​វិជ្ជមាន​ប្រចាំថ្ងៃ ក៏បាន​ធ្លាក់ចុះ​។ ប្រសិនបើ​និន្នាការ​នេះ បន្ត​ទៅមុខ​សម្រាប់​២​សប្តាហ៍​ទៀត​នោះ យើង​អាច​បង្ការ​ការរីក​រាល​ដាល​នៃ COVID-19​។ ក៏ប៉ុន្តែ​យើង​ពុំ​អាច​មើលស្រាល​ស្ថានការណ៍​នេះឡើយ​»​។ លោកនាយក​រដ្ឋមន្ត្រី Muhyiddin បញ្ជាក់​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ។​
 
​តាមពិតទៅ ដំណាក់កាល​ទី​១​នៃ​បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) ដែល​បាន​អនុវត្ត​ដើម្បី​បំបែក​សង្វាក់​នៃ​ការឆ្លង COVID-19 ត្រូវបាន​កំណត់​បញ្ចប់​កាលពី​ថ្ងៃ​៣១ ខែមីនា​។ ក៏ប៉ុន្តែ​ក្រោយមក វា​បាន​លើក​រហូតដល់​ថ្ងៃទី​១៤ ខែមេសា​។ 
 
​ក្រោម​បទបញ្ជា​នេះ សាលារៀន និង​អាជីវកម្ម​ដែល​ពុំ​ចាំបាច់ ត្រូវ​បិទទ្វារ​។ ប្រជាជន​ត្រូវ​លើកទឹកចិត្ត​ឲ្យ​ស្នាក់​នៅផ្ទះ ដើម្បី​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ខណៈ​អាជ្ញាធរ​សុខាភិបាល​ប្រឹង​ញាប់ដៃ​ញាប់ជើង​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 ។ 
 
​គិត​ត្រឹម​ថ្ងៃ​សុក្រ ១០​ខែមេសា ប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន​៤២២៨​ករណី​ហើយ ក្នុងនោះ​ជាសះស្បើយ​១៦០៨​នាក់ ខណៈ​អ្នក​ស្លាប់មាន​៦៧​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com