កីឡាអន្តរជាតិ
អន្តរជាតិ
Southampton ជា​ក្លិប​ដំបូង​គេ​នៅ EPL ដែល​ពន្យារ​បើកប្រាក់​ឈ្នួល​កីឡាករ ដោយសារ COVID-19
11, Apr 2020 , 5:59 pm        
រូបភាព
Southampton បាន​ក្លាយជា​ក្លិប​ដំបូង​គេ​នៅ Premier League ដែល​ប្រកាស​ពន្យារពេល​បើកប្រាក់​ឈ្នួល​មួយផ្នែក​ដល់​កីឡាករ​របស់​ពួកគេ ចំពេល​វិបត្តិ​ជំងឺ​រាតត្បាត COVID-19​។ សម្រាប់​បុគ្គលិក ក្លិប​រហស្សនាម The Saints នៅតែ​ផ្តល់​ប្រាក់ខែ​ពេញ ១០០​ភាគរយ​។​



​លោក Ralph Hasenhuttl ដែលជា​អ្នកចាត់ការ​ទូទៅ និង​បុគ្គលិក​ក៏ដូចជា​ក្រុមប្រឹក្សាភិបាល ក៏​នឹងត្រូវ​អនុវត្ត​វិធានការណ៍​ពន្យារពេល​បើក​ប្រាក់ខែ​នេះដែរ ពោលគឺ​រហូតដល់​ខែមិថុនា​។​
​កន្លងមក មាន​ក្លិប​នៅ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មួយចំនួន​បានស្នើ​ឲ្យ​កីឡាករ​របស់​ពួកគេ​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន ៣០ ភាគរយ​ដើម្បី​ការពារ​អនាគត​ក្លិប និង​ធានា​បើកប្រាក់​ខែ​ដល់​បុគ្គលិក​ឲ្យ​បាន​ពេញលេញ​។​
 
​យ៉ាណា​ក៏ដោយ ការស្នើ​បែបនេះ​ត្រូវបាន​សហព័ន្ធ​កីឡាករ​បាល់ទាត់​អាជីព (PFA) អះអាងថា នឹង​ប៉ះពាល់​ដល់​ការបង់ពន្ធ​ចូល​រដ្ឋ ដែល​ត្រូវ​ផ្តល់​បន្តទៅ​ឲ្យ​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) ដើម្បី​ប្រឆាំង COVID-19 នៅ​ចក្រភព​អង់គ្លេស​។​
 
​ជុំវិញ​ការពន្យារ​ពេលនេះ Southampton បាន​ធានាថា ក្លិប​នឹងមិន​ប្រើ​គោលការណ៍​កាត់​ប្រាក់​ឈ្នួល​តាម​រដ្ឋាភិបាល​អង់គ្លេស​ក្នុងអំឡុង​ខែមេសា ឧសភា និង​មិថុនា​ឡើយ ហើយ​បុគ្គលិក​ទាំងអស់​ដែល​មិនត្រូវ​ឲ្យ​ពន្យារពេល​បើកប្រាក់​ឈ្នួល​នោះ នៅតែ​ទទួលបាន​ប្រាក់ខែ​១០០​ភាគរយ​ដដែល​។​
 
Newcastle United, Tottenham Hotspur, Bournemouth និង Norwich City បានប្រកាស​រួចហើយ​ថា ពួកគេ​នឹង​បញ្ឈប់​បុគ្គលិក​បណ្តោះអាសន្ន ខណៈ​គ្មាន​ការប្រកួត​ដោយសារ​វិបត្តិ COVID-19​។ Liverpool ដំបូង​ឡើយ​ក៏​សម្រេច​ធ្វើ​ដូចគ្នានេះដែរ ប៉ុន្តែ​ក្រោយមក​ក៏​ផ្លាស់ប្តូរ​គំនិត​នេះ​វិញ​។​
 
​មួយវិញទៀត កីឡាករ​នៅ​ក្របខណ្ឌ Premier League បានចាប់ផ្តើម​គំនិត​ផ្តួចផ្តើម #PlayersTogether ដើម្បី​បង្កើត​មូល​និ​ធី​ដើម្បី​ចែកចាយ​ថវិកា​ដល់ NHS ផងដែរ​៕

Tag:
 Southampton
  Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com