ជាតិ
២៥ខេត្ត/រាជធានី
ពលរដ្ឋ​នៅ​អេកូ​ទេសចរណ៍​ព្រះ​រំកិល បាត់​ចំណូល​ក្រោយ​សត្វ​ផ្សោ​តទៅ​ជ្រក​ក្នុង​ទន្លេមេគង្គ​ឡាវ​
12, Apr 2020 , 7:29 pm        
រូបភាព
​ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​នៅក្នុង​សហគមន៍​អេកូរ​ទេសចរណ៍​ព្រះ​រំកិល បាត់​ចំណូល​ប្រចាំថ្ងៃ ដោយ​ខ្សត់​ភ្ញៀវទេសចរ​មក​កម្សាន្ត​ព្រោះ​ចំនួន​សត្វ​ផ្សោត​ធ្លាក់ចុះ​។ ធ្លាក់ចុះ​ចំនួន​ផ្សោត​នៅក្នុង​ដែន​សហគមន៍​ព្រះ​រំកិល គឺ​ផ្សោត​ទាំងនេះ​ទៅ​ជ្រក​នៅក្នុង​ទន្លេមេគង្គ​ឡាវ​វិញ ដែលជា​តំបន់​ទឹក​ជ្រៅ​ជាង​ទន្លេមេគង្គ​កម្ពុជា​។ ទាំង​អាជីវករ និង​ឆ្មាំ​ប្រាំ​សហគមន៍​អេកូ​ទេសចរ​ព្រះ​រំកិល យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​ក្នុងការ​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​នៅ​គង់វង្ស​ក្នុង​ដែនទឹក​កម្ពុជា​។​



​ដើម្បី​ជ្រាប​បន្ថែម សូម​លោក​-​អ្នកនាង អញ្ជើញ​ទស្សនា​វីដេអូ​បទ​យកការណ៍ នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​ដូចតទៅ​៖
 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ទៅកាន់​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​ដង​ទន្លេមេគង្គ ដែល​រៀប​ចំឡើយ​ដោយ​អង្គការ WWF និង​អង្គការ NTFP-EP កម្ពុជា អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន រួមទាំង​អ្នកសារព័ត៌មាន​ថ្មីៗ​២៥ បាន​ទៅ​ទស្សនា​ផ្ទាល់​រមណីយ និង​ជិះទូក​ទៅ​ទស្សនា​សត្វ​ផ្សោត​នៅ​ខាង​ទន្លេមេគង្គ​ឡាវ​។ អ្នកសារព័ត៌មាន ក៏បាន​រងចាំ​ផ្ដិត​យក​រូបភាព សត្វ​ផ្សោត​ទាំងនោះ ដែល​បាន​ងើបឡើង​គួរ​ឲ្យ​ចង់​ទស្សនា​ម្ដង​ហើយ​ម្ដងទៀត​។ 
 
​ក្រុមការងារ ThmeyThmey25 បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ទៅកាន់​តំបន់​ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេមេគង្គ និង​បាន​ទៅ​ទស្សនា​ផ្ទាល់​នៅ​រមណីយដ្ឋាន​ព្រះ​រំកិល ដែល​ស្ថិតនៅ​ទឹកដី​ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ប្រទេស​ឡាវ ដែល​រៀប​ចំឡើយ​ដោយ​អង្គការ WWF និង​អង្គការ NTFP-EP កម្ពុជា​។​
 
​នៅ​ជ្រុង​ម្ខាង​នៃ​សហគមន៍​អេកូរ​ទេសចរណ៍​«​ព្រះ​រំកិល​» តាំងពីព្រឹក​ដល់​ថ្ងៃរសៀល​នៅតាម​តូប​លក់​ម្ហូបអាហារ​នីមួយៗ មាន​សភាព​ស្ងប់ស្ងាត់ ដោយ​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ដូច​មុនៗ​ឡើយ​។ ខ្សត់​ភ្ញៀវទេសចរ​ដោយសារ​ផ្លូវ​លំបាក​ជា​រឿង​មួយ តែ​សំខាន់​គឺ​មិន​សម្បូរ​សត្វ​ផ្សោត​ទៀតឡើយ​នា​រដូវប្រាំង​នេះ ដោយ​វា​ទៅ​ជ្រក​ក្នុង​ទន្លេ​មេគ្គ​ឡាវ​ដែលមាន​ទឹក​ជ្រៅ​ជាង​ទន្លេមេគង្គ​កម្ពុជា​។ ថ្ងៃ​ខ្លះ​ក៏​ឃើញ​មាន​សត្វ​ផ្សោត​ចុះមក​ខាង​ទន្លេមេគង្គ​កម្ពុជា ថ្ងៃ​ខ្លះ​ក៏​មិនឃើញ​ចុះមក​។​
 
​អ្នកស្រី ជឿន ធីតា អាជីវករ​លក់ដូរ​នៅ​រមនីយដ្ឋាន​ព្រះ​រំកិល ដែល​ស្ថិតនៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​អះអាង​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​អត់​សូវ​មាន​ភ្ញៀវ​ទេស​ឥឡូវ​! ភ្ញៀវ​បរទេស​ធ្លាក់ចុះ​ច្រើន ហើយ​ភ្ញៀវទេសចរ​ខ្មែរ​ក៏​ធ្លាក់​ដែរ​។ និយាយ​ទៅ មកពី​ផ្លូវ​វា​ពិបាក​ផង និង​ផ្សោត​មិនសូវ​នៅ​ហ្នឹង​ច្រើន​ដូច​ពីមុន ព្រោះ​វា​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ទៅ​នៅ​ខាងលើ​វិញ (​ទន្លេមេគង្គ​ឡាវ​) តាំងពី​គេ​ធ្វើ​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​មក​»​។ អាជីវក​រវ័យ​៣០​ឆ្នាំ ដែល​លក់​បាយដំណើប និង​បុកល្ហុង​នៅ​សហគមន៍​អេកូរ​ទេសចរណ៍​ព្រះ​រំកិល រយៈពេល​៣​ឆ្នាំ​មកហើយ​នោះ ធ្លាប់តែ​រកចំណូលបាន​៦០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ មក​នៅក្រោម​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​
 
​ស្ថិតនៅ​ខាងមុខ​សហគមន៍​អេកូរ​ទេសចរណ៍​ព្រះ​រំកិល ដែលមាន​ដាក់តាំង​រូបចម្លាក់​សត្វ​ផ្សោត ជា​កន្លែង​ភ្ញៀវទេសចរ​រងចាំ​ជិះទូក​ទៅ​ទស្សនា​សត្វ​ផ្សោ​យ​។ នៅ​ឆ្វេង​ដៃ​នៃ​រូបចម្លាក់​នេះ គឺ​តូប​លក់​អាហារ​របស់​អ្នកស្រី សាយ វណ្ណា ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​ចំនួន​សត្វ​ផ្សោត ជាហេតុ​នាំ​ឲ្យ​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ទីនេះ​។ អាជីវករ សាយ វណ្ណា បង្ហាញ​ក្តីបារម្ភ​ដូច្នេះ​៖«​ខ្ញុំ​កាន់តែ​បារម្ភ​ហើយ​! បើ​អស់ពី​ផ្សោ​តទៅ មានតែ​មើល​ព្រៃ​លិច​ទឹក ដើមឈើ និង​សត្វ​ស្លាប​តែ​ប៉ុណ្ណឹង​។ អ្នកនេសាទ​ត្រី​ឥឡូវ​វា​ទំនើប​ណាស់ បើ​យើង​មិន​ជួយ​ថែរក្សា​គ្នា​វា​នឹង​បាត់បង់​ទាំងអស់​»​។​
 
​ភ្ញៀវទេសចរ​បរទេស​ប្ដី​ប្រពន្ធ​មួយគូ បាន​ត្រឡប់​ន​មកពី​ជិះទូក​មើល​ផ្សោត​វិញ នា​ម៉ោង​ប្រមាណ ១​រសៀល ហើយ​ភ្ញៀវទេសចរ​ជា​ប្ដី​បាន​ចង្អុល​ទៅ​រូបចម្លាក់​ផ្សោត ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា យើង​មក​ទីនេះ ដើម្បី​មើល​ផ្សោត​។ យើង​ចំណាយពេល​១​ម៉ោង​លើទឹក តែ​មិនឃើញ​ផ្សោត​ទេ​។ ភ្ញៀវទេសចរ​ប្ដី​ប្រពន្ធ ដែល​បាន​ជិះទូក​ទៅ​ទស្សនា​សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ​នៃ​ខេត្តស្ទឹងត្រែង​នេះ សម្រេចចិត្ត​ឡើងគោក​វិញ​ក្រោយ​រងចាំ​អស់​រយៈ​១​ម៉ោង​ហើយ តែ​ពុំ​បានឃើញ​សត្វ​ផ្សោត​ដូច​បំណង​ឡើយ​។  
 
​អ្នកស្រី Ketty ដែលជា​ប្រពន្ធ​បាន​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​យើង​ចង់ឃើញ​សត្វ​ផ្សោត​នៅទីនេះ ប៉ុន្តែ​យើង​មិន​បានឃើញ​នោះទេ​។ ជា​អកុសល វា​នៅ​ឆ្ងាយ​ពី​ទីនេះ​»​។ ភ្ញៀវទេសចរ​បរទេស​ប្ដី​ប្រពន្ធ​មួយគូ​នេះ បាន​ជិះទូក​ម្ដងទៀត​ទៅកាន់​ទន្លេមេគង្គ​ឡាវ ដើម្បី​ទស្សនា​សត្វ​ផ្សោត​ដែល​ពួកវា​កំពុង​ប្រមូល​ផ្តុំគ្នា​ទៅ​រស់នៅក្នុង​ទឹក​ជ្រៅ​នៃ​ទន្លេមេគង្គ​លើ​ខាង​ប្រទេស​ឡាវ​។​
 
​អង្គការ WWF Cambodia បានបង្ហាញ​របាយការណ៍​ថា នៅ​ឆ្នាំ​២០១៩ ផ្សោត​ចំនួន​៨​ក្បាល​បាន​ស្លាប់ និង​មាន​ផ្សោត​ចំនួន​១៣​ក្បាល​បានកើត​ថ្មី នៅ​អន្លង់​ផ្សោត​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​។ បច្ចុប្បន្ន កម្ពុជា មាន​ផ្សោត​ចំនួន​៩២​ក្បាល ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​។ 
 
​លោក ដន ប័ណ្ណ ឆ្មាំ​ទន្លេមេគង្គ​ប្រចាំ​សហគមន៍​អេកូរ​ទេសចរណ៍​ព្រះ​រំកិល បាន​អះអាងថា ផ្សោត​នៅ​ដង​ទន្លេមេគង្គ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ព្រោះ​មាន​អ្នក​លួច​ដាក់មង និង​ឆក់​តាម​ដង​ទន្លេមេគង្គ​។ ក្រុមការងារ​ឆ្មាំ​របស់លោក បាន​រឹបអូស និង​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​បាន​ច្រើន ដែល​ចូលរួម​ថែរក្សា​ការពារ​សត្វ​ផ្សោត​នៅ​កម្ពុជា និង​ជាស​ត្វ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​នៅ​ព្រះ​រំកិល​។​
 
​លោក ដន ប័ណ្ណ ដែល​អះអាងថា​សត្វ​ផ្សោត​នៅក្នុង​ដែន​សហគមន៍​អេកូ​ទេ​ចរណ៍​ព្រះ​រំ​គិល​មានតែ​៣​ក្បាល​ប៉ុណ្ណោះ បាន​សំណូម​ទៅ​ឆ្មាំ​ភាគី​ឡាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​សំណូមពរ​ឲ្យ​គេ​ចូលរួម​ផង​(​ភាគី​ឆ្មាំ​ឡាវ​) បើ​គាត់​មិនបាន​ធ្វើ​ទេ គឺ​ផ្ដល់​សិទ្ធិ​ឲ្យ​ខាង​ក្រុម​យើង​ចូលទៅ ព្រោះ​វា​(​ផ្សោត​)​នៅ​ទឹកដី​គេ​ឆ្ងាយ​។ បើ​មិន​អីចឹង​ទេ គឺ​អស់ហើយ​។ សត្វ​ផ្សោត​មានតែ​៣​ក្បាល​ទេ ហើយ​ផ្សោត​ទាំងនោះ​ចូល​ទឹកដី​ខាង​ភាគី​ឡាវ​ជ្រៅ គឺ​ឆ្មាំ​របស់ខ្ញុំ ពិតជា​ពិបាក​ធ្វើការ​»​។ 
 
​អ្នកស្រី សាយ វណ្ណា ដែល​ប្រកប​របរ​លក់ដូរ​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល សំ​ណូ​ពរ​ដល់​ពលរដ្ឋ​ឲ្យ​រួមគ្នា​ការងារ​សត្វ​ផ្សោត​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​យើង ជួយ​ការពារ​គ្នា​។ ឥឡូវ​អ្នកនេសាទ​ត្រី​ហ្នឹង វា​ទំនើប​ណាស់ បើ​យើង​អត់​ជួយ​ថែរក្សា​គ្នា វា​នឹង​ទៅ​(​បាត់បង់​)​ទាំងអស់​ហ្នឹងហើយ​»​។ ចំពោះ​អ្នកស្រី ជឿន ធីតា ដែលជា​អាជីវករ​ម្នាក់ទៀត​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​គេ​ចុះ​មើល ដូច​ថា មាន​អ្នក​ឆក់​អីចឹង ខ្លាច​ប៉ះពាល់​ដល់​ផ្សោត​។ តែ​ភាគច្រើន ខ្ញុំ​ថា មកពី​គេ​ធ្វើ​វា​រី​អគ្គីសនី​ហ្នឹង​ច្រើនជាង​។ ដោយសារ គេ​ធ្វើ​ដំបូង គេ​បំផ្ទុះ​គ្រាប់បែក​ដើម្បី​កម្ទេច​ថ្ម អីចឹង​វា​ឮ​ខ្លាំងៗ សូមបីតែ​យើង​នៅលើ​គោក យើង​ភ្ញាក់​ម្ដងៗ​ដែរ ចុះ​ទម្រាំ​ផ្សោត​វា​នៅក្នុង​ទឹក គឺ​វា​ប៉ះពាល់​ខ្លាំង​មែនទែន​»៕

Tag:
 បទ​យកការណ៍​
  ស្ទឹងត្រែង​
  ដន​សា​ហុង​
  ទន្លេមេគង្គ​
  ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com