COVID-19
អន្តរជាតិ
CDC៖ កូ​រ៉ូ​ណាវី​រុស អាច​ស្ថិតនៅក្នុង​ខ្យល់​ចម្ងាយ​ពី​អ្នកជំងឺ​ចំនួន ៤​ម៉ែត្រ​
12, Apr 2020 , 5:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​តាម​ការសិក្សា​ថ្មី​មួយ បាន​បង្ហាញថា កូ​រ៉ូ​ណាវី​រុស បង្ក​ទៅជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (COVID-19) អាច​ស្ថិតនៅក្នុង​ខ្យល់​ចំនួន ៤​ម៉ែត្រ​ពី​អ្នកជំងឺ COVID-19​។ ការសិក្សា​ថ្មី​នេះ គឺ​បង្ហាញ​ពី​ភាពខុសគ្នា​រវាង​ការសិក្សា​មុនៗ ដែល​ទាមទារ​ឲ្យ​មនុស្ស​ទាំងអស់​រក្សា​គម្លាត (Social Distancing) ត្រឹមតែ​ពី​១,៥ ម៉ែត្រ ទៅ ២​ម៉ែត្រ​ប៉ុណ្ណោះ​។



​តាមរយៈ​និ​ទា​នុប្ប​វ​ត្តិ​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី​១០ ខែមេសា បានបង្ហាញ​ពី លទ្ធផល​ដំបូង​មួយ​នៃ​ការស៊ើបអង្កេត​របស់​ក្រុម​អ្នកជំនាញ​ចិន​លើ​កូ​រ៉ូ​ណាវី​រុស ។ ការស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹងថា បរិមាណ​នៃ​វីរុស ដែល​ស្ថិត​ចម្ងាយ​៤​ម៉ែត្រ​ពី​ជំងឺ គឺមាន​ចំនួន​តិចតួច ហើយ​លទ្ធភាព​នៃ​ការឆ្លង​ក៏​កម្រ​ផងដែរ​។ 
 
​ជាការ​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ បណ្ឌិតសភាយោធា​នៃ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​របស់​ចិន កូ​រ៉ូ​ណា​វីរុស​ត្រូវបាន​គេ​សិក្សា​ផ្នែក​ខាងក្រៅ ខ្យល់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាប់ និង​កម្រាល​ឥដ្ឋ​នៅក្នុង​មន្ទីរពេទ្យ Huoshenshan ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ ការសិក្សា​នេះ គឺមាន​អ្នកជំងឺ​ចំនួន ២៤​នាក់ ដែល​បានចាប់ផ្តើម​ពិសោធន៍​តាំង​ថ្ងៃទី​១៩ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា​។ 
 
​លទ្ធផល​នៃ​ការសិក្សា បាន​បង្ហាញថា កូ​រ៉ូ​ណា​វីរុស​ភាគច្រើន គឺ​នៅលើ​កម្រាល​ឥដ្ឋ ប៉ុន្តែ​អ្នកជំនាញ​មិនទាន់​រកឃើញ​មូលហេតុ​នៅឡើយ​ទេ ថា​តើ​ហេតុអ្វី​បាន​កម្រាល​ឥដ្ឋ​មាន​វីរុស​ច្រើន​បែបនេះ​។ យ៉ាងណាមិញ អ្នកជំនាញ​សង្ស័យថា វា​អាច​បណ្តាលមកពី​ទំនាញផែនដី ឬ​ខ្យល់​បក់​។ មិន​ត្រឹម​តែមាន​លើ​កម្រាល​ឥដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូ​រ៉ូ​ណាវី​រុស អាចមាន​នៅលើ ម៉ៅ​កុំព្យូទ័រ (Mice), ធុងសម្រាម​, គ្រែ​អ្នកជំងឺ​, និង​គន្លឹះទ្វារ​ជាដើម​។ បន្ថែម​ពីលើ​នេះ ស្បែក​របស់​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ COVID-19 ក៏មាន​កូ​រ៉ូ​ណាវី​រុស​ដែរ ហើយ​ស្បែកជើង​នេះ​ទៀតសោត ក៏​អាចជា​ប្រភព​ចម្លង​ដ៏​សំខាន់​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទន្ទឹមគ្នា​នេះដែរ ការស្រាវជ្រាវ​នេះ ក៏​ពិនិត្យ​លើ​ដំណក់​ទឹកតូចៗ ដែល​ចេញ​មកពី​អ្នកជំងឺ​ផងដែរ​។ បើ​អ្នកជំនាញ ដំណក់​ទឹកតូចៗ​នេះ អាច​ស្ថិតនៅក្នុង​ខ្យល់​បាន ៤​ឬ​៥​ម៉ោង ប៉ុន្តែ​ដំណក់​ទឹកតូចៗ ដែល​កើតចេញពី​ការ​ក្អក ឬ​កណ្តាស់​អាច​ធ្លាក់​ទៅលើ​ដី​លឿន​។ ដំណក់​ទឹកតូចៗ​នេះ​ទៀតសោត អាចមាន​វត្តមាន​ពី​អ្នកជំងឺ​រហូតដល់​៤​ម៉ែត្រ​៕

Tag:
 អាមេរិក​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com