COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី សុំ​ចិត្ត​ពលរដ្ឋ​វ័យ​ចំណាស់​កុំ​ចេញពីផ្ទះ ព្រោះ​ឱកាស​នៃ​ការស្លាប់​ដោយសារ Covid-19 ខ្ពស់​
12, Apr 2020 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (រូបភាព៖ AFP)
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​អំពាវនាវ​ជាពិសេស​ទៅដល់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​នឹង​វិធាន​ការការពារ និង​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ Covid-19​។ លោក បាន​សុំ​ចិត្ត​ពលរដ្ឋ​ឲ្យ​មានការ​អត់ធ្មត់​បំផុត និង​កុំ​ចាក​ចេញពីផ្ទះ​រហូត​ទាល់តែ​ស្ថានភាព​ត្រលប់​ទៅ​សភាព​ដើម​។​

 
​តាមរយៈ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​១០ មេសា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​គូសបញ្ជាក់ថា ឱកាស​នៃ​ការស្លាប់​របស់​ពលរដ្ឋ​វ័យ​ចំណាស់​ដោយសារតែ​ជំងឺ​ផ្លូវដង្ហើម Covid-19 មាន​ច្រើនជាងគេ​បំផុត ហើយ​ប្រសិនបើ​យើង​ឆ្លង និង​បន្ត​រាលដាល​ទៅ​មិត្តភក្តិ​ដែលមាន​វ័យ​ស្របាល​គ្នា ឬ​នាំ​ជំងឺ​នេះ ទៅផ្ទះ​ក្រុមគ្រួសារ នោះ​យើង នឹង​នាំ​គ្រោះថ្នាក់​ធំ​បំផុត​ដល់​ពួកគេ​ហើយ​។ 
 
​តាមរយៈ​សារ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី វ័យ​៦៨​ឆ្នាំ​រូបនេះ បាន​អះអាងថា លោក ពិតជា​យល់​អារម្មណ៍ នៃ​ការ​ស្នាក់​នៅផ្ទះ​សម្រាប់​មនុស្ស​ចាស់ គឺជា​រឿង​ធុញ​ធ​ប់​បំផុត​។ សូម្បី​រូបលោក ផ្ទាល់ ក៏មាន​អារម្មណ៍​យ៉ាង​ដូច្នេះ​ដែរ​។ 
 
​លោក បន្ថែមថា លោក ដឹងថា អ្នក​គ្រប់គ្នា​ចង់​ជួបជុំ​មិត្តភក្តិ សួរសុខទុក្ខ​ចៅៗ​របស់ខ្លួន និង​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ជាដើម ក៏ប៉ុន្តែ​មនុស្ស​វ័យ​ចំណាស់ គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការឆ្លង​ពី​វីរុស Covid-19 ដូច្នេះ​ជម្រើស​តែមួយ និង​ល្អ​បំផុត​គឺជា​ស្នាក់​នៅផ្ទះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ផ្តល់​ជា​អនុសាសន៍​ថា ឆ្លៀតឱកាស​នេះ ចាស់ៗ គួរតែ​ប្រើ​ពេលវេលា​ជាមួយនឹង​ក្រុមគ្រួសារ ឬក៏​មើល​កម្មវិធី​ដែល​ខ្លួន​ចូលចិត្ត ខណៈ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​ផ្នែក​វេជ្ជសាស្ត្រ​របស់​រដ្ឋាភិបាល​។​
 
​លោក​ទទួលស្គាល់ថា វិធានការ​នេះ មាន​ផល​លំបាក​ខ្លះ ជាពិសេស​នោះ​ចំពោះ​ក្រុមគ្រួសារ ឬ​មនុស្ស​ចាស់ ដែល​មិនបាន​ស្នាក់នៅ​ជាមួយនឹង​កូនៗ​របស់​ពួកគេ ក៏ប៉ុន្តែ ស្ថានភាព​អាច​នឹង​វិល​ត្រលប់​ទៅ​ភាព​ដើម​បាន​ឆាប់រហ័ស​ប្រសិនបើ​ប្រជាពលរដ្ឋ អាចអនុវត្ត​បាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com