COVID-19
អន្តរជាតិ
កូរ៉េខាងជើង បើក​កិច្ចប្រជុំសភា​ជាន់ខ្ពស់ ឯ​ករណី​ឆ្លង COVID-19 នៅតែ​គ្មាន​ដដែល
13, Apr 2020 , 11:45 am        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េខាងជើង នា​ថ្ងៃទី​១២ ខែមេសា បាន​បើក​កិច្ចប្រជុំ​មួយ ជុំវិញ​ការអនុម័ត​ថវិកាជាតិ និង​ការផ្លាស់ប្តូរ​មុខតំណែង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង​។


​ថ្ងៃទី​១០ ខែមេសា គឺជា​ថ្ងៃ​កំណត់​នៃ​ការបើក​កិច្ចប្រជុំ​កិច្ចប្រជុំសភា​ជាន់ខ្ពស់​កូរ៉េខាងជើង ប៉ុន្តែ​វា ត្រូវបាន​គេ​ពន្យារពេល​យកមក​ប្រជុំ​នៅ​ថ្ងៃទី​១២ ខែមេសា​វិញ ដោយ​មិនមាន​មូលហេតុ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង ដោយមាន​អធិបតី​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង និង​ពិភាក្សា​ពី​បញ្ហា​ជុំវិញ COVID-19​។​
 
​ក្នុង​កិច្ចប្រជុំ​នេះ សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េខាងជើង បានអនុម័ត​កញ្ចប់​ហិរញ្ញវត្ថុ​របស់​រដ្ឋ និង​បន្ថែម​មុខងារ​ថ្មី​ដល់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​។ ចំណែក​កិច្ចការ​ផ្សេងទៀត​ដូចជា ទំនាក់ទំនង​ជាមួយ​អាមេរិក គឺ​សភា​មិនបាន​លើកយក​មក​និយាយ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង  KCNA ។ 
 
​សម្រាប់​ថវិកាជាតិ​ឆ្នាំនេះ កូរ៉េខាងជើង​នឹង​ចំណាយ​បន្ថែម​លើ​គម្រោង​សាងសង់​ទាក់ទង​នឹង​សេដ្ឋកិច្ច​ចំនួន ៦,២​ភាគរយ​។ សម្រាប់​វិស័យ​សំណង់​នេះ កូរ៉េខាងជើង នឹង​ចំណាយ​រហូតដល់ ៤៧,៨​ភាគរយ លើ​ការចំណាយ​សរុប​។ ចំណែក​វិស័យ​សុខភាព​សាធារណៈ​វិញ កូរ៉េខាងជើង​បាន​បន្ថែ​ម​ថវិកា​ប្រមាណ​ជា ៧,៤​ភាគរយ ខណៈពេល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស​។ បើតាម​គម្រោង កូរ៉េខាងជើង នឹង​យកទៅ​សាងសង់​មន្ទីរពេទ្យ និង​ដំឡើង​ប្រព័ន្ធ​អុកស៊ីសែន​ជាដើម​។ ចំណែក​ថវិកា​ការពារជាតិ គឺ​កើនឡើង​បន្តិច​បើ​ធៀប នឹង​ឆ្នាំមុន ពោលគឺ​ឡើង​ពី​១៥,៨ ភាគរយ មក​១៥,៩​ភាគរយ​។ ការចំណាយ​លើ​វិស័យ​ផ្សេងទៀត ក៏​ត្រូវបាន​កូរ៉េខាងជើង​ដំឡើង​ផងដែរ​។​
 
​បន្ថែម​ពីលើ​នេះ សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េខាងជើង បាន​បោះឆ្នោត​ជ្រើសតាំង លោក Ri Son Gwon រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ជា​សមាជិក​គណៈកម្មការ​កិច្ចការរដ្ឋ​។ ក្រៅពី​លោក Ri សភា​កូរ៉េខាងជើង​មួយ​នេះ បាន​បោះឆ្នោត​ជ្រើសតាំង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ផ្សេងទៀត ជា​សមាជិក​គណៈកម្មកា​រ​កិច្ចការរដ្ឋ​ដែរ​។ 
​ក្រៅពី​ការអនុម័ត​ថវិការ​រដ្ឋ របាយការណ៍​មួយ​ស្តីពី​យុទ្ធនា​ការប្រឆាំង COVId-19 ត្រូវបាន​គេ​ដាក់ជូន​ទៅក្នុង​កិច្ចប្រជុំសភា​នេះ​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងជើង បាន​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់ COVID-19 យ៉ាងខ្លាំង បើទោះបីជា​ប្រទេសមួយ​នេះ មិនទាន់មាន​របាយការណ៍​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​ក៏ដោយ​។ នាពេល​កន្លងមក កូរ៉េខាងជើង បានធ្វើ​តេស្ត​មនុស្ស​ចំនួន ៧០០ និង​ដា​ក់ច​ត្តា​ឡី​ស័ក​មនុស្ស​ជាង ៥០០​នាក់​៕ 
 

Tag:
 កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com