COVID-19
ជាតិ
សុខភាព
លទ្ធភាពនៃការឆ្លង COVID-19 ជាសហគមន៍នៅតែខ្ពស់ បើពលរដ្ឋមិនអនុវត្តតាមការណែនាំ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនាសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែមេសា
× ភ្នំពេញ៖ ប្រសិនបើពលរដ្ឋនៅកម្ពុជា មិនអនុវត្តនូវវិធាននានាតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការបង្ការឬទប់ស្កាត់នឹងការឆ្លងមេរោគកូវីដ-១៩(COVID-19)ទេ នោះកម្ពុជានឹងឈានដល់ការចម្លងមេរោគនេះក្នុងសហគមន៍។ នេះជាសារព្រមានរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជារកឃើញករណីអ្នកឆ្លងកូវីដ-១៩នៅក្នុងស្រុក បានចម្លងទៅម្នាក់ទៀតនៅក្នុងស្រុក ហើយ។
បើតាមអ្នកស្រី ឱ វណ្ណឌីន ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២០ កម្ពុជាកំពុងស្ថិតនៅក្នុងសភាពផុយស្រួយណាស់ឬងាយប្រឈមក្នុងការចម្លងមេរោគកូវីដ-១៩នៅក្នុងសហគមន៍ ប្រសិនបើការចម្លងមេរោគនេះនៅក្នុងស្រុក ពីម្នាក់ទៅម្នាក់នៅតែបន្ត។ អ្នកនាំពាក្យរូបនេះបានអះអាងដូច្នេះ«ប្រសិនបើការចម្លងនេះ ចេះតែរាតត្បាតបន្តទៅ ហើយយើងមិនមានលទ្ធភាពក្នុងការស្រាវជ្រាវរកប្រភពឱ្យបានច្បាស់លាស់នោះ គឺជាការចម្លងនៅក្នុងសហគមន៍ហើយ»។
អ្នកស្រី ឱ វណ្ណឌីន បានពន្យល់បែបនេះ កន្លងមកក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដ-១៩ មួយចំនួនមកហើយ អំពីករណីអ្នកដែលឆ្លងមេរោគនេះនាំចូលមកកម្ពុជាហើយបានឆ្លងដល់ពលរដ្ឋនៅក្នុងស្រុកប៉ុណ្ណោះ។ អ្នកស្រីបានបន្តនិយាយដូច្នេះ៖«ក៏ប៉ុន្តែឥឡូវ យើងរកឃើញថា មេរោគនេះបានឆ្លងទៅម្នាក់ទៀតនៅក្នុងស្រុកហើយ ហើយអ្នកក្នុងស្រុកនោះ បានឆ្លងទៅម្នាក់ទៀតហើយ»។
ការឆ្លងរាតត្បាតបែបនេះហើយ បានជារាជរដ្ឋាភិបាល ទាមទារយ៉ាងចាំបាច់ ឱ្យប្រជាពលរដ្ឋត្រូវតែរក្សាអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ ទឹកអាល់កុល និងជែលឱ្យបានញឹកញាប់ ព្រមទាំងអនុវត្តតាមវិធានណែនាំនានាដែលក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផ្សព្វផ្សាយកន្លងមក ក្នុងការប្រយុទ្ធនៃការរាតត្បាតជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី១៣មេសា ឆ្នាំ២០២០ កម្ពុជារកឃើញនាក់ឆ្លងមេរោគកូវីដ-១៩ ចំនួន១២២ករណី ក្នុងរាជធានីនិងខេត្តចំនួន១៣។ ក្នុងនោះមានអ្នកជាសះស្បើយ៧៧ករណី។ ដោយឡែក ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគរកកូវីដ-១៩នេះ មានជិត៩ពាន់សំណាក។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបញ្ជាក់ថាក្នុងចំណោមប្រជាជន១លាននាក់ មាន៥៥៦សំណាកដែលបានធ្វើវិភាគ ចំនួននេះកម្ពុជាមានច្រើនជាងប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដូចជាឡាវ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, និងហ្វីលីពីន ជាដើម៕
Tag:
COVID-19
សហគមន៍
ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com