COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
IMF បន្ធូរបន្ថយ​ការយក​បំណុល​ពី​ប្រទេស​ក្រីក្រ​ចំនួន ២៥
14, Apr 2020 , 1:58 pm        
រូបភាព
លោកស្រីនាយកគ្រប់គ្រងមូលនិធិរូបយវត្ថុអន្តរជាតិ Kristalina Georgieva, រូបភាព៖ AFP
លោកស្រីនាយកគ្រប់គ្រងមូលនិធិរូបយវត្ថុអន្តរជាតិ Kristalina Georgieva, រូបភាព៖ AFP
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នា​ថ្ងៃទី​១៣ ខែមេសា បានសម្រេច​បន្ធូរបន្ថយ​ការយក​បំណុល​ពី​ប្រទេស​ក្រីក្រ​ចំនួន ២៥ ក្នុង​រយៈពេល ៦​ខែ​ដំបូង ដើម្បី​ជួយ​ប្រទេស​ទាំងនោះ ឲ្យ​មានលទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។


​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ អគ្គនាយិកា​មូលនិធិ​រូបយ​វត្ថុ​អន្តរជាតិ Kristalina Georgieva បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​ណាស់ ដែល​ក្រុមប្រឹក្សាភិបាល​មូលនិធិ​រូបិយវត្ថុ យល់ព្រម​បន្ធូរបន្ថយ​ការយក​បំណុល​ពី​ប្រទេស​ក្រីក្រ​ចំនួន​២៥ ក្រោម​គម្រោង​របស់ ភ្នាក់ងារ Catastrophe Containment and Relief Trust (CCRT)» ។ 
​ការបន្ធូរបន្ថយ​បំណុល​សម្រាប់​ប្រទេស​ក្រីក្រ​ចំនួន ២៥​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ប្រទេស​ទាំងនោះ មានលទ្ធភាព​ក្នុងការ​ប្រមែប្រមូល​ធន​ធាន​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ COVID-19​។ 
 
​គម្រោង​ប​ន្ធ​រ​បន្ថយ​បំ​ណុង​រយៈពេល ៦​ខែ​ដំបូង​នេះ គឺជា​គម្រោង​របស់​ភ្នាក់ងារ Catastrophe Containment and Relief Trust (CCRT)  ដែលជា​ផ្នែក​មួយ​របស់ IMF ហើយក៏​ជា​ភ្នាក់ងារ​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ COVID-19 ទៅលើ​សេដ្ឋកិច្ច​ផងដែរ​។ បច្ចុប្បន្ន CCRT មាន​ទឹកប្រាក់​ចំនួន ៥០០​លាន​ដុល្លារ ដែល​អាច​ផ្តល់​សេវា​ដោះបំណុល​ដល់​ប្រទេស​ក្រីក្រ​។ ទឹកប្រាក់​នេះ បានមកពី​ការបរិច្ចាគ​របស់​ចក្រ​ភព​អង់គ្លេស ជប៉ុន ចិន និង​ហូ​ឡង់​ជាដើម​។ 
 
​បន្ថែម​ពីលើ​នេះ លោកស្រី​អគ្គនាយិកា IMF ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​មហាអំណាច និង​ប្រទេស​អ្នកមាន ឲ្យ​បន្ធូរបន្ថយ​ការយក​បំណុល​ពី​ប្រទេស​ក្រីក្រ​រយៈពេល ២​ឆ្នាំ​ផងដែរ ក្នុង​កាលៈទេសៈ​ប្រយុទ្ធ​ជាមួយ COVID-19 បែបនេះ​។ 
 
​សូមបញ្ជាក់ថា ប្រទេស​២៥ ដែល​ត្រូវបាន IMF បន្ធូរបន្ថយ​ការយក​បំណុល​នេះ​ភាគច្រើន​គឺ​មកពី​តំបន់​អាហ្វ្រិក ហើយ​ក៏មាន​ប្រទេស​មកពី​តំបន់​ផងដែរ​ដូចជា នេ​ប៉ាល់ អា​ហ្វ​ហ្កា​នី​ស្ថាន យេ​មែន និង​ហៃ​ទី​ជាដើម​៕

Tag:
 IMF
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com