ជាតិ
បទសម្ភាសន៍
ស្ថាបនិក «Rean Extra»៖ បើ​បរាជ័យ ខ្ញុំ​ខាត​តែឯង តែបើ​ជោគជ័យ​យើង​ចំណេញ​ទាំងអស់គ្នា​!
15, Apr 2020 , 8:59 am        
រូបភាព
លោក ហេង សន្យា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់សិក្សាអន្ដរជាតិ (DIS) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងជាស្ថាបនិក «Rean Extra—រៀនបន្ថែម»
លោក ហេង សន្យា សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់សិក្សាអន្ដរជាតិ (DIS) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងជាស្ថាបនិក «Rean Extra—រៀនបន្ថែម»
ដោយ:
​លោក ហេង សន្យា ជា​គ្រូបង្រៀន​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក នៅ ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្ដរជាតិ (DIS) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។ ក្រៅពី​ការងារ​ដ៏​មមាញឹក អនុបណ្ឌិត​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ សរសេរ​អត្ថបទ​វិភាគ និង​បកប្រែ​ដល់​វិទ្យាស្ថាន​សភា​កម្ពុជា (PIC) លើ ប្រធានបទ​ភូមិសាស្ដ្រ​នយោបាយ​ក្នុង​តំបន់ និង​ការបើក​វគ្គ​បណ្ដុះបណ្ដាល «​ជំនាញ​វិភាគ​» ដល់​សាធារណជន​។ សារព័ត៌មាន​ថ្មីៗ បានកត់សម្គាល់​ជាពិសេស​លើ​គម្រោង​អប់រំ​របស់​សាស្ត្រាចារ្យ​រូបនេះ ដោយ​គម្រោង​នោះ​មាន​ឈ្មោះថា  «Rean Extra—​រៀន​បន្ថែម​»( https://www.facebook.com/ReanExtra)​។ 

 
​តើ​រៀន «Rean Extra-​រៀន​បន្ថែម​» ជា​អ្វី​? ហើយ​លោក ហេង សន្យា មាន​ការងារ​អ្វីខ្លះ​លើ​គម្រោង​អប់រំ​មួយ​នេះ​? សូម​អាន​បទ​សម្ភាស​រវាង​លោក ជាមួយនឹង​លោក អ៊ឹម ម៉េង​ស៊ា​ង អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ដូចខាងក្រោម​៖
 
​លោក អ៊ឹម ម៉េង​ស៊ា​ង​៖ អ្វី​ជា​គម្រោង «Rean Exra- រៀន​បន្ថែម​» ? តើ​មាន​មាតិកា​អ្វីខ្លះ​? 
 
​លោក ហេង សន្យា​៖ «Rean Extra—​រៀន​បន្ថែម​» ជា​គម្រោង​រួមចំណែក​ពង្រឹងសមត្ថភាព​ប្រជាជន ជាពិសេស​យុវជន​កម្ពុជា​ទាក់ទង​ភាសា​អង់គ្លេស និង​ទំនាក់ទំនង​អន្ដរជាតិ​តាមរយៈ​វីដេអូ​មេរៀន​ខ្លីៗ​ដែល​ផ្ដល់​ចំណេះ​បន្ទាប់បន្សំ​បន្ថែម​ពីលើ​អ្វីដែល​ពួកគាត់​ធ្លាប់​បានដឹង​ឬ​រៀន​នៅ​សាលា​។ បច្ចុប្បន្ន​គម្រោង​នេះ​ដំណើរការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Rean Extra—​រៀន​បន្ថែម ផ្ទាល់​ដែលមាន​អ្នកតាមដាន​សកម្ម​ជាង ២​ម៉ឺន​នាក់ ក្រោយ​បង្កើតបាន​ជិត​៣​ខែ និង​លើ Youtube Channel Rean Extra ផ្ទាល់​។​
 
​យើង​មាន​មាតិកា​ច្រើន​នៅក្នុង Rean Extra—​រៀន​បន្ថែម តែ​ពេលនេះ​យើង​ផ្ដោត​ខ្លាំង​លើ​មាតិកា​ធំៗ​ពីរ​គឺ ភាសា​អង់គ្លេស និង​ទំនាក់ទំនង​អន្ដរជាតិ​។  ក្នុង​ភាសា​អង់គ្លេស យើង​ផ្ដោត​ចម្បង​លើ ការចេះ​ប្រើប្រាស់​ពាក្យ​ឱ្យបាន​ច្បាស់លាស់​និង​ជា​ផ្លូវការ ក្នុងនោះ​មាន «​ពាក្យ​ដែលមាន​ន័យ​ច្រើន​», «​ពាក្យ​ដែល​ងាយ​ច្រឡំ​គ្នា​» និង «​ពាក្យ​ដែល​ជាន់គ្នា​» ជាដើម​។ ក្នុង​ទំនាក់ទំនង​អន្ដរជាតិ យើង​ផ្ដោតលើ​បទ​វិភាគ​ខ្លីៗ​តែ​គួរឱ្យ​ចាប់អារម្មណ៍​លើ​បញ្ហា​ឬ​រឿងរ៉ាវ​អន្ដរជាតិ​ធំៗ ដែល​ដំបូង​ខ្ញុំ​បានចេញ​ផ្សាយ​ជា​អត្ថបទ តែ​បន្ទាប់​មកជា​សម្លេង​វិញ​ជាការ​ឆ្លើយតប​តាម​ការ​សំណូមពរ​ភាគច្រើន​។​
 
​ហើយ​ការពន្យល់​បកស្រាយ​ទាំងអស់​គឺជា​ភាសា​ខ្មែរ ព្រោះ​យើង​ផ្ដោត​តែ​លើ​ជនជាតិខ្មែរ​ប៉ុណ្ណោះ​។ 
​ចំពោះ​ការបង្កើត គឺ​ខ្ញុំ​ជា​អ្នក​ផ្ដួចផ្ដើម កំណត់​មាតិកា ខ្លឹមសារ និង​គោលដៅ និង​អនុវត្ត​គម្រោង​នេះ​ផ្ទាល់ ដោយមាន​ការជួយ​ពី​អ្នកបច្ចេកទេស​ខ្លះៗ​ផ្នែក​វីដេអូ និង​គ្រប់គ្រង Page ។​

​លោក អ៊ឹម ម៉េង​ស៊ា​ង​៖ តើ​បុគ្គល​ប្រភេទ​ណាខ្លះ​ជា​គោលដៅ​នៃ​គម្រោង​នេះ​?  

​លោក ហេង សន្យា ៖ ទស្សនិកជន​គោលដៅ​របស់ខ្ញុំ គឺ​សាធារណជន​ខ្មែរ​យើង រួមមាន សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន មន្ដ្រីរាជការ និង​ពលរដ្ឋ​ទូទៅ ដែល​ចង់​ពង្រឹង​ភាសា​អង់គ្លេស​នៅពេល​ទំនេរ​ដោយ​មិន​ចំណាយ​ប្រាក់កាស ឬ​ចង់​ពង្រីក​ការយល់ដឹង​ទាក់ទង​នឹង​ប្រធានបទ​ឬ​ការវិវត្ត​លើ​ឆាក​អន្ដរជាតិ​។ 
 
​ពិតណាស់​ការរៀន​តាម​រយៈ​វីដេអូ​ខ្លីៗ​នេះ​មិនអាច​លម្អិត​គ្រប់​ជ្រុងជ្រោយ​ទេ តែ​គោលដៅ​យើង​គឺ បំផុស​ពួកគាត់​ឱ្យ​ឆ្ងល់ ឱ្យ​ចាប់អារម្មណ៍​នឹង​ចំណុច​តូចៗ​តែ​សំខាន់ និង​ផ្ដល់​មូលដ្ឋានគ្រឹះ​ឱ្យ​ពួកគាត់​យកទៅ​សិក្សា​ស្រាវជ្រាវ​បន្ត​។ ទោះ​តិចតួច​យ៉ាងណា​ក៏​ប្រសើរ​ជាង​អត់​សោះ ហើយ​បើ​គាត់​ឧស្សាហ៍​មើល​មាតិកា​ចំណេះដឹង​លើ​ហ្វេ​ស​ប៊ុ​ក នោះ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្វេ​ស​ប៊ុ​ក​នឹង​បង្ហាញ​មាតិកា​ចំណេះដឹង​កាន់តែច្រើន​ទៀត​លើ Newsfeed ពួកគាត់​។​

​លោក អ៊ឹម ម៉េង​ស៊ា​ង ៖ តើ​កត្ដា​អ្វី​ជំរុញ​ឲ្យ​លោក​បង្កើត​គម្រោង​នេះ​ឡើង​? 

​លោក ហេង សន្យា​៖ គម្រោង​នេះ​មាន​លក្ខណៈ​ឯកជន​សុទ្ធសាធ ពោល​ខ្ញុំ​មាន​គោលដៅ​ទាញយក​ប្រយោជន៍​ពី​វា​នៅពេល​ខាងមុខ​ក្នុង​រូបភាព​ណាមួយ តែ​ខ្ញុំ​ចង់ឱ្យ​ប្រយោជន៍​ដែល​ខ្ញុំ​ទទួលបាន​នោះ​វា​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​ដែល​ខ្ញុំ​អាច​ផ្ដល់ទៅឱ្យ​សង្គម​វិញ​។ បើ​គម្រោង​នេះ​ដើរទៅ​មុខ នោះ​ខ្ញុំ​អាច​ទទួលបាន​ចំណូល​ពី​វា​ដូចជា​តាមរយៈ Sponsor ឬ​ការបើក​វគ្គ​បង្រៀន​ផ្ទាល់​ផ្សេងៗ តែបើ​គម្រោង​នេះ​លែង​ទៅមុខ យ៉ាងហោចណាស់​ខ្ញុំ​ទទួលបាន «​ពាក្យ​អរគុណ​» ពី​អ្នក​ដែល​ទទួល​ចំណេះ​ពី​ខ្ញុំ​។ 
 
​និយាយ​ឱ្យ​ខ្លី​ខ្ញុំ​តែង​ទន្ទេញ​ឃ្លា​មួយ​ថា «​បើ​បរាជ័យ​ខ្ញុំ​ខាត​តែឯង តែបើ​ជោគជ័យ​យើង​ចំណេញ​ទាំងអស់គ្នា​!» ហេតុនេះ​ខ្ញុំ​ធ្វើ​វា​ដោយ​មិន​ភ័យ​មិន​ព្រួយ ព្រោះ​ទោះ​បរាជ័យ​ក៏មាន​គេ​គោរព​ឱ្យ​តម្លៃ​ដែរ​។ នេះ​ជា​កត្តា​ជម្រុញ​ដ៏​ខ្លាំង​នៅ​ពីក្រោយ​គម្រោង​នេះ​។​
 
​លោក អ៊ឹម ម៉េង​ស៊ា​ង ៖ តើ​វា​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ដែល​លោក​ជួបប្រទះ​? 

​លោក ហេង សន្យា​៖ បញ្ហា​ប្រឈម​ធំ​បំផុត​គឺ​ពេលវេលា ព្រោះ​ដូចដែល​ប្រាប់​ពី​ខាងលើ​គម្រោង​នេះ​មិនមែនជា​ការងារ​ស្នូល (Full-Time Job) របស់ខ្ញុំ​ទេ​។ វា​ជា​គម្រោង​បែប «​ឆ្លៀត​» សុទ្ធសាធ​ពោល​៨០​ភាគរយ​នៃ​ការងារ​ត្រូវបានធ្វើ​នៅ​ចុង​សប្ដាហ៍ ដូចជា​ការស្រាវជ្រាវ ការថត​វីដេអូ​/​សម្លេង ការកាត់ត ការ កំណត់ពេល​បង្ហោះ​ជាដើម​។ ហេតុនេះ​បើសិន​មានការ​បង្អាក់​ណាមួយ​នៅ​ចុង​សប្ដាហ៍​វា​នឹង​ប៉ះពាល់​ដល់​គម្រោង​នេះ​ពេញ​មួយ​សប្ដាហ៍​ខាងមុខ​។ តែ​រយៈពេល​៣​ខែ​មកនេះ ដូចជា​មិនទាន់មាន​បញ្ហា​អ្វី​ធំដុំ​ទេ​ដោយ​យើង​អាច​គ្រប់គ្រង​ពេលវេលា​បាន​។​
 
​លោក អ៊ឹម ម៉េង​ស៊ា​ង​៖ ខ្ញុំ​ចាប់អារម្មណ៍​ថា លោក​ក៏មាន​បើក «​វគ្គ​មូលដ្ឋានគ្រឹះ​ជំនាញ​វិភាគ​» ផងដែរ​! តើ​ក្នុង​វគ្គ​នេះ លោក​នឹង​លើក​អ្វី​មក​បង្ហាញ​ខ្លះ​?  
 
​លោក ហេង សន្យា​៖ ក្រោយ​បង្កើត​គម្រោង Rean Extra—​រៀន​បន្ថែម បាន​មួយខែ ខ្ញុំ​ទទួលបាន​សំណូមពរ​ជាច្រើន​ឱ្យ​បើក​ថ្នាក់​បង្រៀន​ផ្ទាល់ ហេតុនេះ​ជា​ជំហាន​ដំបូង ខ្ញុំ​សម្រេច​បើក​វគ្គ​បណ្ដុះ​មូលដ្ឋានគ្រឹះ «​ជំនាញ​វិភាគ​» ដែលមាន​ក្បួនខ្នាត​ច្បាស់​លា​ល់​ចេញពី​ការស្រាវជ្រាវ បង្រៀន​និង​បទពិសោធន៍​វិភាគ​ខ្ញុំ​ផ្ទាល់ ដោយ​ផ្ដោតលើ​គំនិត ហេតុផល និង​ព្រឹត្តិការណ៍​នានា​ភ្ជាប់​ដោយ​ឧទាហរណ៍​ជាក់ស្ដែង​ថ្នាក់ជាតិ និង​អន្ដរជាតិ និង​មាន​លក្ខណៈ​ទូទៅ​អាចឱ្យ​សិក្ខាកាម​យកទៅ​ប្រើ​ជា​ប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ ការបំពេញ​ការងារ ការសិក្សា ឬ​ប្រកប​របរ​រក​ទទួលទាន​ផ្សេងៗ​។ មកទល់ពេលនេះ​យើង​បើក​បាន​២​វគ្គ​ហើយ និង​មាន​គម្រោង​បើក​វគ្គ​ទី ៣ ទៅតាម​តម្រូវការ​ជាក់ស្ដែង ហើយ​លោកអ្នក​អាចទាក់ទង​ព័ត៌មាន​លម្អិត​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Rean Extra—​រៀន​បន្ថែម​។​
 
​លោក អ៊ឹម ម៉េង​ស៊ា​ង​៖ តើ​អ្វី​ជា​ផែនការ​ខាងមុខ​ទៀត ដែល​លោក​យកទៅអនុវត្ត​ក្នុង​គម្រោង​នេះ​? 

​លោក ហេង សន្យា​៖ ផែនការ​ខាងមុខ​របស់​យើង​មាន​ច្រើន ដូចជា​៖ បង្កើត​មាតិកា​ធំៗ​ផ្សេងទៀត ឬ​ពង្រីក​មាតិកា​ដែលមាន​ស្រាប់​ទៅតាម​ទំនោរ​គាំទ្រ​របស់​ទស្សនិកជន អញ្ជើញ​អ្នកជំនាញ​មក​បកស្រាយ​ប្រធានបទ​ណាមួយ បើក​វគ្គ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ក្នុង​បរិបទ​ផ្លូវការ និង​អន្ដរជាតិ​ដែល​ខ្ញុំ​នឹង​បង្រៀន​ផ្ទាល់ និង​ផែនការ​ធំ​មួយ​ដែល​យើង​មិនទាន់​អាច​បង្ហើប​បាន​ពោលគឺ​នឹង​បង្ហាញ​ពេលដែល​សម្រេច​រូបរាង​តែម្ដង​។ តែ​ផែនការ​ទាំងនោះ​ក៏​ពឹង​ផ្អែកលើ​កត្តា​ពេលវេលា​ផ្ទាល់ខ្លួន​ខ្ញុំ និង​សន្ទុះ​គាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​ដែរ​។​
 
​ចុងក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ​ដែល​បាន​ចាប់អារម្មណ៍​គម្រោង​តូច​របស់ខ្ញុំ​នេះ និង​សូម​បង្ហាញ​ការដឹងគុណ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​ធ្លាប់​បណ្ដុះបណ្ដាល​ខ្ញុំ​ឱ្យមាន​សមត្ថភាព​បណ្ដុះបណ្ដាល​អ្នកជំនាន់ក្រោយ​បន្ត​។ អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​គាំទ្រ​តាំងពី​វីដេអូ​មេរៀន​ទី​១ និង​ការផ្ដល់​ទំនុកចិត្ត​លើ Rean Extra—​រៀន​បន្ថែម​៕

Tag:
 ហេង សន្យា​
  Rean Exra-
© រក្សាសិទ្ធិដោយ thmeythmey.com