អន្តរជាតិ
លោក អូ​បា​ម៉ា ប្រកាស​គាំទ្រ​លោក​បៃ​ឌិន​ធ្វើ​ប្រធានាធិបតី
15, Apr 2020 , 7:59 pm        
រូបភាព
លោក អូបាម៉ា (ឆ្វេង) និងលោក បៃឌិន (AFP)
លោក អូបាម៉ា (ឆ្វេង) និងលោក បៃឌិន (AFP)
ដោយ:
​អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​១៤ ខែមេសា បានប្រកាស​គាំទ្រ​លោក ចូ បៃ​ឌិន សម្រាប់​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​។ លោក សង្ឃឹមថា លោក បៃ​ឌិន ដែល​ធ្លាប់ជា​អនុ​ប្រធានាធិបតី​យូរ​ឆ្នាំ​របស់លោក មាន​សមត្ថភាព​បង្រួបបង្រួម​ប្រជាជាតិ​អាមេរិក​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​បំផុត​។

 
«​លោក ចូ មានបទពិសោធន៍ និង​បុគ្គលិកលក្ខណៈ ដែល​អាច​នាំ​ផ្លូវ​យើង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​បំផុត​មួយ និង​ស្រោចស្រង់​យើង​តាមរយៈ​ការព្យាបាល​រយៈពេល​វែង​»​។ លោក អូ​បា​ម៉ា និយាយ​បែបនេះ ដោយ​សង្កត់ធ្ងន់ថា លោក ជឿជាក់ថា លោក បៃ​ឌិន មាន​សមត្ថភាព​ទាំងអស់​ដែល​គ្រប់គ្នា​ត្រូវ​ការធ្វើជា​ប្រធានាធិបតី​។ 
 
​ក្នុង​វីដេអូ​រយៈពេល​១២​នាទី ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​រូ​ប​នេះ លើកឡើង​ទៀតថា លោក បៃ​ឌិន បាន​ជួយ​ជ្រោមជ្រែង​លោក​គ្រប់គ្រង​ជំងឺ​ផ្ដាសាយ H1N1 និង​ទប់ស្កាត់ Ebola  កុំ​ឲ្យ​ក្លាយជា​ជំងឺ​រាតត្បាត​សាកល ដែល COVID-19 នាពេល​បច្ចុប្បន្ន​។ លោក អូ​ប៉ា​ម៉ា និយាយ​បែបនេះ ទំនង​ចង់​រិះគន់​ដល់​ចំណាត់ការ​ទប់ទល់ COVID-19 របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​គេ​មើលឃើញ​កំណើន​អ្នកស្លាប់​និង​អ្នក​ឆ្លង​កើនឡើង​ឥត​ស្រាកស្រាន្ត​។ បច្ចុប្បន្ន អាមេរិក មាន​ករណី​ឆ្លង​សរុប ជាង​៦០​ម៉ឺន​នាក់ និង​អ្នកស្លាប់​ជាង​២,៦​ពាន់​នាក់​។ 
 
​លោក បៃ​ឌិន គឺជា​បេក្ខភាព​មកពី​បក្ខ​ប្រជាធិបតេយ្យ​ដែល​គេ​ដឹង​ជាមុន​ថា​នឹង​ទៅ​ប្រជែង​ជាមួយ​លោក ត្រាំ ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​។ នេះ​គឺ​ក៏​ព្រោះតែ​គូប្រជែង​ដែល​សេសសល់​តែមួយ​លោក គឺ​លោក Bernie Sanders បានសម្រេច​បាត់បង់​ចោលការ​ប្រជែង​ក្នុង​បក្ខ​ប្រជាធិបតេយ្យ​កាលពី​សប្តាហ៍​មុន​។ ហើយ​កាលពី​ថ្ងៃ​ចន្ទ ១៣ ខែមេសា​នេះ លោក Sanders បានប្រកាស​គាំទ្រ​អតីត​សត្រូវ​ចាស់​លោក គឺ​លោក បៃ​ឌិន ដោយ​អះអាងថា វា​ពេល​ហើយ​ដែល​ប្រជាជន​អាមេរិក​រួបរួមគ្នា​គាំទ្រ​លោក បៃ​ឌិន​៕ 

Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ចូ បៃ​ឌិន​
  បោះឆ្នោត​២០២០
© រក្សាសិទ្ធិដោយ thmeythmey.com