COVID-19
ជាតិ
សង្គមជាតិ
ក្រសួង មិន​ឲ្យ​រៀបចំ​ការប្រកួត​កីឡា​វាយ​កូន​ហ្គោល តែ​នៅ​ឲ្យ​ចូល​លេង​ធម្មតា​
15, Apr 2020 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងទេសចរណ៍ បាន​ណែនាំ​ទៅគ្រប់​ម្ចាស់​អាជីវកម្ម​ទីលាន​វាយ​កូន​ហ្គោល ដែលមាន​អាជ្ញាប័ណ្ណ ឲ្យ​ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​ឬ​ការប្រកួត​ដណ្តើមពាន​រង្វាន់​កីឡាវាយកូនគោល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​ក្រសួង នៅតែ​អនុញ្ញាត​ឲ្យ​កីឡាករ​-​កីឡាការិនី ចូល​លេង​ជាធម្មតា ដោយ​ត្រូវអនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ត្រឹមត្រូវ​។

 
​តាមរយៈ​សេចក្តីណែនាំ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ ប្រាប់​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទីលាន​វាយកូនគោល ឲ្យ​រៀបចំ​កន្លែង​សមរម្យ ដើម្បី​ត្រូតពិនិត្យ​កម្តៅ​បុគ្គលិក​បម្រើ​ការងារ និង​កីឡាករ​-​កីឡាការិនី មុន​អនុញ្ញាត​ឲ្យ​ចូ​លេង​។ ក្រសួង បន្តថា កន្លែង​លេខ​កូនគោល ត្រូវមាន​ឡាន​កូនគោល (Golf Cart) មួយ​សម្រាប​ភ្ញៀវ​លេង​ម្នាក់ និង​បុគ្គលិក (Caddy) ម្នាក់​ឈរ​ខាងក្រោយ​។​
 
​លើសពីនេះ ក្រ​សូង​ទេសចរណ៍ បាន​ក្រើនរម្លឹក​អ្នក​ដែលមាន​វត្តមាន​នៅក្នុង​ទីលាន​វាយកូនគោល ឲ្យ​រក្សា​គម្លាត​ពីគ្នា ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង សម្អាត​សម្ភារ​លេង​ទាំងអស់ ជាមួយ​ទឹក​អាល់កុល​ជាប្រចាំ មុនពេល អំឡុង និង ក្រោយពេល​ប្រើប្រាស់ ដើម្បី​សម្លាប់​មេរោគ​។ ក្រសួង ក៏បាន​រម្លឹក​ដែរ​ថា មិនត្រូវ​ចាប់ដៃ​ស្វាគមន៍​ឡើយ ដោយ​ត្រូវ​លើកដៃ​សំពះ​ជំនួស​វិញ ហើយ​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់ពេលវេលា​។​
 
​ក្រសួង សង្កត់ធ្ងន់ថា ក្នុង​១​ក្រុម មិន​អនុ​ញ្ញា​ឲ្យ​លេង​លើសពី​៤​នាក់​នោះទេ ហើយ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ អាច​យក​បុគ្គលិក​តែ​ម្នាក់​ប៉ុណ្ណោះ និង មិនអាច​ប្រើប្រាស់​ឬ​ប៉ះពាល់​សម្ភារ​ក្រៅពី​របស់​ផ្ទាល់ខ្លួន​ឡើយ​។​
 
​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល បានសម្រេច​បិទ​អាជីវកម្ម​នានា​ជា​បន្តបន្ទាប់ ដូចជា ក្លិ​ង​ហាត់ប្រាណ ក្លិប​កម្សាន្ត រោងកុន កន្លែង​ម៉ាស្សា ខារ៉ាអូខេ និង ប៊ី​ហ្កា​ឌិន​។ សាលារៀន សារមន្ទីរ និង ព្រះបរមរាជវាំង ក៏ត្រូវ​បាន​បិទ​ដែរ ហើយ​ការប្រគំ​តន្ត្រី​និង​ការជួបជុំ​ក្នុង​សាសនា ក៏ត្រូវ​ហាមឃាត់​ដូចគ្នា​។ រដ្ឋាភិបាល នឹង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​និង​កន្លែង​ទាំងនេះ ដំណើរការ​ឡើងវិញ នៅពេលណា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ធូរស្បើយ​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែមេសា កម្ពុជា រកឃើញ​មនុស្ស​១២២ ដែល​ឆ្លង​កូ​វីដ​១៩ តែ​បានជា​សះស្បើយ​៩៦​នាក់​ហើយ ខណៈ​២៦​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕  

Tag:
 COVID-19
  កន្លែង​វាយ​កូន​ហ្គោល​
© រក្សាសិទ្ធិដោយ thmeythmey.com