COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ផ្តាំ​ពលរដ្ឋ ឲ្យ​ការពារ​ខ្លួន​ពី​កូ​វីដ​១៩ ពេល​ជិះ​រថយន្ត​ចេញពី​ស្រុក​
16, Apr 2020 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ បទបញ្ជា​របស់​រដ្ឋាភិបាល ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ ត្រូវអស់​សុពលភាព ហើយ​ប្រជាជន អាចធ្វើ​ដំណើរ​ដោយ​សេរី​ជាធម្មតា​ឡើងវិញ​។


 
​ទន្ទឹមនឹង​ការបើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នេះ សម្តេចនាយក ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ប្រជាជន ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បើកបរ​។ ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ប្រជាជន​កុំ​ឲ្យ​ភ្លេចខ្លួន​ពី​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ពេល​ជិះ​រថយន្តឈ្នួល​។ 
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល សរសេរ​ដូច្នេះ​ថា​៖«...​សូម​បងប្អូន​ប្រជា​ពល​ដ្ឋ​និង​កូនក្មួយ​កម្មករ​-​កម្ម​ការ​នី​យកចិត្តទុកដាក់ ចេះ​ការពារ​សុខភាព​ផ្ទាល់ខ្លួន កុំ​ឲ្យ​ឆ្លង​រោគ​កូ​វីដ​-១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ឬ​ជែ​ល​កម្ចាត់​មេរោគ ជាពិសេស​ក្នុងពេល​ជិះ​រថយន្ត​ជាមួយ​អ្នកធ្វើដំណើរ​ច្រើន​នាក់​ជុំគ្នា​ក្នុង​រថយន្តឈ្នួល​តែមួយ​»​។​
 
​ដោយ​បារម្ភ​ខ្លាច កម្ពុជា មានការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ រដ្ឋាភិបាល បានដាក់​កំហិត​ក្នុងការ​ធ្វើដំណើរ ពីថ្ងៃ​ទី​៩ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៦ ខែមេសា ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចេញចូល​រវាង​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​នានា និង​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត លើកលែងតែ​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ប៉ុណ្ណោះ ដែល​មិនត្រូវ​ហាមឃាត់​។ 
 
​លើសពីនេះ រដ្ឋាភិបាល ក៏បាន​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ដែរ ដោយ​អំពាវនាវ​ឲ្យ​ប្រជាន​ជន​រៀបចំ​ពិធី​និង​ជួបជុំ​គ្រួសារ​តាម​គេហដ្ឋាន​រៀងខ្លួន ជៀសវាង​ការដើរ​កម្សាន្ត​និង​ចេញទៅ​ជួបជុំ​នៅក្រៅ​ផ្ទះ ដូច​រាល់​ឆ្នាំ​។ ក្នុងអំឡុង​ចូលឆ្នាំ​សម្រាប់​ឆ្នាំនេះ ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន ត្រូវតម្រូវ​ឲ្យ​នៅ​ធ្វើការ​ជាធម្មតា​។   
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមេសា កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២២​នាក់ តែ​បានជា​សះស្បើយ​វិញ​៩៨​នាក់ ហើយ​២៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕ 

Tag:
 ​ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com