COVID-19
អន្តរជាតិ
បក្ស​កាន់អំណាច​កូរ៉េខាងត្បូង​ឈ្នះ​ការបោះឆ្នោត​សភា ក្រោយ​ធ្វើ​ល្អ​ប្រឆាំង​COVID-19
16, Apr 2020 , 2:36 pm        
រូបភាព
លោកប្រធានាធិបតី មូន ចេអ៊ីន (Reuters)
លោកប្រធានាធិបតី មូន ចេអ៊ីន (Reuters)
ដោយ:
​បក្ស​កាន់អំណាច​របស់​កូរ៉េខាងត្បូង បាន​យកឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សភា​។ នេះ​បើតាម​លទ្ធផល​ឆ្នោត​បឋម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​១៦ ខែមេសា​។ ជោគជ័យ​នេះ​គឺ​កើតឡើង​ក្រោយ​កិច្ចប្រឹងប្រែង​ប្រឆាំង​COVID-19​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ទទួល​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ​។​

 
​ជាមួយ​សន្លឹកឆ្នោត​៩៩,៣​ភាគរយ​បាន​រាប់​រួចរាល់ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា បក្ស​ប្រជាធិបតេយ្យ​កំពុងកាន់​អំណាច (DP) នាំមុខ​ដោយ​ទទួលបាន​កៅអី​សភា ១៦៣ អាសនៈ​ក្នុងចំណោម​កៅអី​សភា​សរុប ៣០០ អាសនៈ ដែលជា​សំឡេង​ភាគច្រើន​ដាច់ខាត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​នេះ​គឺជា​លើកដំបូង​ដែល​បក្ស​កាន់អំណាច​ទទួលបាន​អាសនៈ​សភា​ច្រើន​លើសលប់​ក្នុង​រយៈពេល​១៦​ឆ្នាំ​ចុងក្រោយ​។ ចំណែក បក្ស​អនាគត​រួបរួម (UFP) ដែលជា​ប្រឆាំង​ធំ​បំផុត​របស់​កូរ៉េខាងត្បូង អាច ទទួលបាន​៨៤​អាសនៈ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អ្នក​ចេញទៅ​បោះឆ្នោត មាន​ចំនួន ៦៦,២​ភាគរយ​។ នេះ​ជា​តួលេខ​ខ្ពស់បំផុត​លើស​ការបោះឆ្នោត​សភា​នានា​ដែល​បាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។​
 
​ការបោះឆ្នោត​សភា​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​ធ្វើ​ប្រជាមតិ​លើ​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ឆ្នាំ​ទី​៣​ក្រោយ​ឡើងកាន់តំណែង​ក្នុង​ខែឧសភា​ឆ្នាំ​២០១៧​។ អត្រា​គាំទ្រ​លោក​មូ​ន ធ្លាក់​ចុះមក​ត្រឹម​៣០​ភាគរយ កាលពី​ឆ្នាំមុន ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ដើរ​យឺត និង​រឿងអាស្រូវ​នយោបាយ​ពាក់ព័ន្ធ​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​កូរ៉េខាងត្បូង Cho Kuk ។​
 
​ក៏ប៉ុន្តែ ការ​ទប់ទល់​វិបត្តិ​COVID-19​របស់​រដ្ឋាភិបាល​លោក មូ​ន បាន​ផ្លាស់ប្តូរ​ការយល់ឃើញរ​បស់​ពលរដ្ឋ​កូរ៉េខាងត្បូង ។ ការស្ទង់មតិ​នាពេល​ថ្មី​នេះ អត្រា​គាំទ្រ​លោក​ប្រធានាធិបតី មូ​ន ហក់​ឡើង​លើស​៥០​ភាគរយ​។ 
 
​មែនទែនទៅ ជោគជ័យ​របស់​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​សភា​នេះ នឹង​ជួយ​ឲ្យ​លោក មូ​ន ចេ​អ៊ី​ន ចាត់ចែង​កិច្ចការរដ្ឋ​ប្រកបដោយ​ស្ថិរភាព អំឡុង​អាណត្តិ​៥​ឆ្នាំ​លោក​នេះ​។ តួយ៉ាង ជាមួយ​សំឡេង​ច្រើន​លើសលប់​ក្នុង​សភា បក្ស​កាន់អំណាច​អាច​អនុម័ត​សំណើ​ច្បាប់ ទោះ​មានការ​បដិសេធ​ពី​បក្សប្រឆាំង​ក៏ដោយ​ក្តី​។ 
 
​គួរ​បញ្ជាក់ដែរថា កូរ៉េខាងត្បូង គឺជា​ប្រទេស​ដំបូង​គេ​ដែល​សម្រេច​រៀបចំ​ការបោះ​ឆ្នោត​ថ្នាក់ជាតិ អំឡុង​ជំងឺ​រាតត្បាត​សាកល​នេះ ខណៈ​ប្រជាជន​ត្រូវបាន​ស្នើ​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​។ អ្នកបោះឆ្នោត​ទាំងអស់ តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ការពារ សម្អាត​ដៃ​ពួកគេ​ជាមួយ​អាល់កុល និង​ពាក់​ស្រោមដៃ​ប្លា​ស្ទិ​ក ព្រមទាំង​ឆ្លងកាត់​ការត្រួតពិនិត្យ​កម្តៅ​នៅពេល​ដល់​មណ្ឌលបោះឆ្នោត​។ សម្រាប់​អ្នក​ដែល​រកឃើញ​មាន​កម្តៅ ត្រូវ​ទៅ​បោះឆ្នោត​នៅ​បន្ទប់​ដាច់ដោយឡែក ដែល​នឹងត្រូវ​សម្លាប់​មេរោគ​ក្រោយ​បោះ​ឆ្នោ​រួច​៕

Tag:
 កូរ៉េខាងត្បូង​
  ការបោះឆ្នោត​
  COVID-19
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com