COVID-19
អន្តរជាតិ
លោកស្រី ស៊ូ​ជី ដេរ​ម៉ាស​ដោយ​ផ្ទាល់ដៃ ដើម្បី​ជំរុញ​ទឹក​ពលរដ្ឋ​ឲ្យ​ប្រើប្រាស់​វិធានការ​ប្រឆាំង Covid-19 តាម​លទ្ធភាព​
16, Apr 2020 , 8:29 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់លោកស្រី ស៊ូជី
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់លោកស្រី ស៊ូជី
ដោយ:
​ខណៈ​ការ​រាលដាល​នៃ​វីរុស Covid-19 នៅ​មី​យ៉ាន់​ម៉ា​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នោះ លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​លោកស្រី ទើបតែ​ចាប់ផ្តើម​ប្រើប្រាស់​។ ភ្ជាប់​ជាមួយនឹង​សារ​អប់រំ លោកស្រី​ទីប្រឹក្សា​រដ្ឋ បានបង្ហាញ​ពី​រូបភាព​សកម្មភាព​ដេរ​ម៉ាស និង​ពាក់​ម៉ាស​របស់​លោកស្រី ដើម្បី​ជំរុញ​ប្រជាជន​។

 
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ចុង​សប្តាហ៍​មុន លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ឲ្យ​អនុវត្ត​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រើប្រាស់​វិធីសាស្ត្រ​តាម​លទ្ធភាព ដែល​ប្រជាជន​អាចធ្វើ​បាន ហើយ​ស្របតាម​ក្បួន​វេជ្ជសាស្ត្រ​។​
 
​ក្នុងនោះ​វិធីសាស្ត្រ​តាម​លទ្ធភាព​ដែល​លោកស្រី​ទីប្រឹក្សា​រដ្ឋ​លើកទឹកចិត្ត​នោះ​គឺ ប្រជាជន​ដែល​រាប់បញ្ចូល​ទាំងស្រី និង​ប្រុស គួរតែ​ដេរ​ម៉ាស​ដើម្បី​ប្រើប្រាស់​ខ្លួនឯង ដោយ​មិនត្រូវ​ពឹងផ្អែក​តែ​លើ​ម៉ាស​ដែល​ទិញ​ពី​ទីផ្សារ​ឡើយ​។ លោកស្រី ជំរុញ​ទឹកចិត្ត​បែបនេះ ជាមួយនឹង​រូបថត​ពីរ​សន្លឹក​របស់ខ្លួន នៅពេល​លោកស្រី កំពុងតែ​ដេរ​ម៉ាស និង យក​ម៉ា​សម​កពាក់​។ 
 
​សារ​អប់រំ​របស់​ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ ធ្វើឡើង​បន្ទាប់ពី លោកស្រី បានចេញ​សារ​ព្រមាន​តឹងរឹង​មួយ​ប្រឆាំងនឹង​ក្រុម​អ្នក​ឆ្លៀតឱកាស​លក់​គ្រឿង​សម្ភារ​វេជ្ជសាស្ត្រ ជាពិសេស​ម៉ាស ក្នុងតម្លៃ​ថ្លៃ​ហួសហេតុ​ពេក ខណៈដែល​ប្រទេស​កំពុងតែ​ស្ថិតនៅក្នុង​ស​ស្ថានភាព​លំបាក​។ លោកស្រី ចាត់ទុក​សកម្មភាព​នេះ​ជា​រឿង​ស្មោគគ្រោក និង​មិនអាច​អន់ឱន​បានឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃ​១៥ មេសា មី​យ៉ាន់​ម៉ា រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 សរុប ៧៤ ករណី​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​វិញ​២​ករណី និង​ស្លាប់​៤​ករណី​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com