COVID-19
អន្តរជាតិ
IMF៖ COVID-19 បណ្តាល​ឲ្យ​កំណើនសេដ្ឋកិច្ច​អាស៊ី​នៅ​នឹងថ្កល់​ជា​លើកដំបូង​ក្នុង​រយៈពេល​៦០​ឆ្នាំ​
17, Apr 2020 , 8:39 am        
រូបភាព
ដោយ:
​កំណើនសេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ​២០២០ នេះ​នឹងមិន​ជួប​កំណើន​ជា​លើកដំបូង ក្នុង​រយៈពេល​៦០​ឆ្នាំ​ចុងក្រោយ ដោយសារតែ​ការរង​គ្រោះ​មិន​ធ្លាប់មាន បណ្តាលមកពី​វិបត្តិ​ជំងឺ​COVID-19 ដែល​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ចម្បងៗ​។ នេះ​យោងតាម​មូលនិធិ​រូបិយវត្ថុ​ពិភពលោក ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

 
​ក្នុង​របាយការណ៍​ររ​បស់​មូលនិធិ​រូបិយវត្ថុ​ពិភពលោក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ មេសា​នេះ សេដ្ឋកិច្ច​អាស៊ី​ទំនងជា​មិនមាន​កំណើន​ឡើយ​នៅ​ឆ្នាំ​២០២០​នេះ​។ បើតាម Reuters លោក Changyong Rhee ប្រធាន​នាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែងថា អ្នកធ្វើ​គោលនយោបាយ​គួរ​កំណត់​គោលដៅ​គាំទ្រ​ដល់​ក្រុមហ៊ុន និង​ក្រុមគ្រួសារ​ទាំងឡាយណា ដែល​រងគ្រោះ​ខ្លាំង​ដោយ​បម្រាម​ធ្វើដំណើរ គោលនយោបាយ​គម្លាត​សុវត្ថិភាព និង​វិធានការ​ទាំងឡាយណា​ដែល​រាំងខ្ទប់​ការឆ្លង​របស់​ជំងឺ COVID-19​។ 
 
​លោក​បន្ថែមទៀតថា​៖«​សេដ្ឋកិច្ចពិភពលោក​នៅ​ពេលនេះ​មាន​បញ្ហា​ប្រឈម និង​ភាពមិនប្រាកដប្រជា​ខ្ពស់​។ តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក៏​នឹងមិន​ចៀសផុត​ដែរ​។​ផលប៉ះពាល់​នៃ​ជំងឺ​COVID-19 នឹងមាន​លក្ខណៈ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​មនុស្ស​គ្រប់រូប និង​មិនដែល​ធ្លាប់មាន​ពីមុនមក​»​។ លោក Rhee សង្កត់ធ្ងន់ថា​៖«​ពេលនេះ​គេ​មិន​អាចធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​ឡើយ​។​ប្រទេស​អាស៊ី​ទាំងអស់ ត្រូវ​ប្រើប្រាស់​គោលនយោបាយ​ទាំងអស់​ដែល​ខ្លួន​មាន​»​។​
 
​បើទោះបីជា​សេដ្ឋកិច្ច​អាស៊ី​ទទួលផល​ប៉ះពាល់​តិចជាង​តំបន់​ដទៃ​មែន តែ​ការព្យាករណ៍​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេលមុន ជាក់ស្តែង​បើ​ធៀប​ទៅនឹង​អំឡុងពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក សេដ្ឋកិច្ច​អាស៊ី​មាន​កំណើន​៤,៧​ភាគរយ និង​ក្នុងពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​នៅ​ចុងឆ្នាំ​១៩៩០ សេដ្ឋកិច្ច​អាស៊ី​មាន​កំណើន​១,៣​ភាគរយ​។​
 
​ទោះជា​យ៉ាងណាក្តី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្យាករ​ថា​នៅ​ឆ្នាំក្រោយ កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី​អាច​នឹង​កើនឡើង​៧,៦​ភាគរយ​វិញ ដោយ​រំពឹងថា​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​ជំងឺ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​បន្ថែមថា ការព្យាករណ៍​នេះ​មាន​ភាពមិនប្រាកដប្រជា​ខ្ពស់​។ ខុសពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅ​ឆ្នាំ​២០០៨ ដែល​បណ្តាលមកពី​ការ​រលំ​របស់​បណ្តាញ​ហិរញ្ញវត្ថុ​សកល​Lehman Brothers ជំងឺ​រាតត្បាត​នេះ​ប៉ះពាល់​ដោយផ្ទាល់​ដល់​វិស័យ​សេវាកម្ម ដោយ​បង្ខំ​ឲ្យ​មនុស្ស​នៅផ្ទះ និង​បិទ​អាជីវកម្ម​។​
 
​ចិន​ដែលជា​ក្បាលម៉ាស៊ីន​នាំចេញ​ផលិតផល​របស់​អាស៊ី ក៏​នឹងរង​ផលប៉ះពាល់​ខ្លាំង​ណាស់ដែរ ដោយសារតែ​ការធ្លាក់ចុះ​តម្រូវការ​ពី​ដៃគូ​ជំនួញ​ដូចជា​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ ដោយសារតែ​ជំងឺ COVID-19 កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់​មក​នៅត្រឹម​១,២​ភាគរយ ធៀប​ទៅនឹង​ការព្យាករណ៍​៦​ភាគរយ​កាលពី​ខែមករា ដោយហេតុតែ​ការធ្លាក់ចុះ​នូវ​ការនាំចេញ និង​ការបាត់បង់​សកម្មភាព​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ការអនុវត្ត​គម្លាត​សុវត្ថិភាព​។ ប៉ុន្តែ​សេដ្ឋកិច្ច​ចិន​អាច​នឹងមាន​កំណើន​៩,២​ភាគរយ​នៅ​ឆ្នាំក្រោយ ប្រសិនបើ​អ្វីៗ​ត្រឡប់មក​ដូចដើម​វិញ​។​
 
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏​អំពាវនាវ​ផងដែរ​ឲ្យ​ប្រទេស​ទាំងឡាយ​ទម្លាក់​សាច់ប្រាក់​ចូលក្នុង​ទីផ្សារ និង​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម​។ ​ចំពោះ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ប្រទេស​ទាំងនោះ ​គួរ​ស្វែងរក​ការ​បង្វែរ​សាច់ប្រាក់​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ស្វែងរក​ការគាំទ្រ​ពី​ស្ថាប័ន​ពហុភាគី ក៏ដូចជា​គ្រប់គ្រង​មូលធន​បើ​ចាំបាច់ ​ក្នុងករណី​មានការ​រំខាន​ដោយសារ​ជំងឺ​រាតត្បាត​៕

© រក្សាសិទ្ធិដោយ thmeythmey.com