COVID-19
អន្តរជាតិ
លោក អា​បេ សម្រេច​ដាក់​ជប៉ុន​ទាំងមូល​ក្នុងស្ថានភាព​អាសន្ន​
17, Apr 2020 , 12:03 pm        
រូបភាព
លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន-AFP
លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន-AFP
ដោយ:
​លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បានសម្រេច​ដាក់​ប្រទេស​ទាំងមូល​ក្នុងស្ថានភាព​អាសន្ន​នៅ​ថ្ងៃទី​១៦ ខែមេសា ​ក្នុង​បំណង​ពន្យឺត​ការឆ្លង​ជំងឺ​COVID-19​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ជប៉ុន​ក៏​ពិចារណា​ផងដែរ ក្នុងការ​ផ្តល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ផល់ប៉ះពាល់​សេដ្ឋកិច្ច​។​

 
«​ស្ថានភាព​អាសន្ន ​នឹងត្រូវ​ពង្រីក​ពី​ចំនួន​៧​តំបន់ មក​គ្រប់​តំបន់​ទាំងអស់​»​។ នេះ​ជាការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ក្រោយ​កិច្ចប្រជុំ​ពិសេស​មួយ ដោយ​បន្ថែមទៀតថា ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ នឹង​បន្ត​មាន​សុពលភាព​រហូតដល់​ថ្ងៃទី​៦ ខែឧសភា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ឲ្យ​ដឹងថា វា​ជា​រឿង​សំខាន់​ក្នុងការ​កាត់បន្ថយ​ការធ្វើដំណើរ ​ក្នុង​រដូវ​កាល​ឈប់សម្រាក​ពី​ចុងខែ​មេសា ដល់​ដើមខែ​ឧសភា​ ដើម្បី​ខ្ទប់​ការចម្លង​មេរោគ​។ រដូវ​កាល​ឈប់សម្រាក​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា​ជា «​សប្តាហ៍​មាស​» ដែលជា​ពេល​អ្នករស់នៅ​ទីក្រុង​ធំៗ​ ត្រឡប់​ទៅលេង​ក្រុមគ្រួសារ​នៅ​ជនបទ​។​
 
​ការប្រកាស​ដាក់​ប្រទេស​ទាំងមូល​ ក្នុងស្ថានភាព​អាសន្ន​បែបនេះ នឹង​អនុញ្ញាត​ឲ្យ​អភិបាល​តំបន់ ​អំពាវនាវ​ឲ្យ​មនុស្ស​ស្ថិតនៅ​ក្នុងផ្ទះ ក៏ប៉ុន្តែ​ពុំមាន​ការដាក់ពិន័យ​អ្វី​ឡើយ​។ វិធាន​ការដែល​គេ​ឃើញថា អនុវត្ត​នៅ​ជប៉ុន មាន​សភាព​ធូរស្រាល​ជាង​ប្រទេស​ដទៃ​។​
 
​តាំងតែ​ពី​ការដាក់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ក្នុងស្ថានភាព​អាសន្ន កាល​ពីថ្ងៃ​ទី​៨ ខែមេសា អភិបាល​តំបន់​មួយចំនួន​ បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​តំបន់​ខ្លួន ​ក្នុងស្ថានភាព​អាសន្ន​ដោយ​ព្រមាន​ពី​ការកើនឡើង​ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នកជំងឺ​យ៉ាងច្រើន​នៅ​មន្ទីរពេទ្យ​។ មិនតែប៉ុណ្ណោះ អភិបាល​តំបន់​ខ្លះ​បានសម្រេច​ប្រកាស​ស្ថានភាព​អាសន្ន​ដោយ​ខ្លួនឯង បើទោះបីជា​គ្មាន​ច្បាប់​កំណត់​ក៏ដោយ​។​
 
​កាលពី​ថ្ងៃទី​៨ មេសា ​ជប៉ុន​បានត្រឹមតែ​ដាក់​តំបន់​មួយចំនួន​ ក្នុងស្ថានភាព​អាសន្ន​ប៉ុណ្ណោះ ដែល​ក្នុងនោះ​រួមមាន​ទីក្រុង​តូ​ក្យូ និង​តំបន់​ចំនួន​៦​ផ្សេងទៀត​។ នៅ​ទីក្រុង​តូ​ក្យូ អភិបាលក្រុង​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើការ​ពី​ផ្ទះ​។  បន្ថែម​ពីនេះ ​គេ​ក៏​សង្កេតឃើញ​ផងដែរ​ ការធ្លាក់ចុះ​នូវ​ការធ្វើដំណើរ​ប្រចាំថ្ងៃ ជាពិសេស​តាម​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​។​
 
​ជប៉ុន មាន​ករណី​ឆ្លង COVID-19 ដំបូង​នៅ​ពាក់កណ្តាល​ខែមករា ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមេសា ជ​ប៉ុនា​មាន​ករណី​ឆ្លង​ចំនួន​៨,៥០០​ករណី និង​ស្លាប់​ចំនួន​១៣៦​ករណី​។​
 
​នៅក្នុង​សប្តាហ៍​នេះ សមាគម​គ្រូពេទ្យ​ចំនួន​២ បានចេញ​សេចក្តីប្រកាស​រួមមួយ ដោយ​ព្រមាន​ថា ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​កំពុងតែ​រលំ ដោយ​មិនអាច​ព្យាបាល​អ្នកជំងឺ ក្រៅតែពី​អ្នក​ឆ្លង COVID-19 បាន​។ នៅ​ទីក្រុង អូ​សា​កា​វិញ អភិបាលក្រុង​បាន​អំពាវនាវ​ឲ្យ​បរិច្ចាគ​អាវ​ភ្លៀង សម្រាប់​ប្រើ​ជា​ឧបករណ៍​ការពារ​ខ្លួន បន្ទាប់ពី​បុគ្គលិក​ពេទ្យ ត្រូវ​បង្ខំចិត្ត​ប្រើ​ថង់​ជំនួស​វិញ​។​
 
​ទាក់ទង​នឹង​ឧបករណ៍​ការពារ​ខ្លួន​នេះ​ផងដែរ កោះ​តៃវ៉ាន់​ប្រកាសថា ខ្លួន​នឹង​បរិច្ចាគ​ម៉ាស់​២​លាន​សន្លឹក​ទៅ​ឲ្យ​ជប៉ុន​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ចេញ​ផែនការ​ផ្តល់​សាច់ប្រាក់​ចំនួន ៩៣០​ដុល្លារ ​ដល់​ប្រជាពលរដ្ឋ​ម្នាក់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com