COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល​អស់តំណែង ក្រោយ​ទាស់​ជាមួយ​ប្រធានាធិបតី​ជុំវិញ COVID-19
17, Apr 2020 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta។ រូបភាព៖ WSJ
រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta។ រូបភាព៖ WSJ
​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ នា​ថ្ងៃទី​១៦ ខែមេសា បាន​បញ្ឈប់​លោក Luiz Henrique Mandetta រដ្ឋមន្ត្រី​សុខាភិបាល ពី​តំណែង​។ ការដកតំណែង​នេះ គឺ​បណ្តាលមកពី​បញ្ហា​ការមិនយល់​ស្របគ្នា​ជុំវិញ​ការទប់ស្កាត់​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​( COVID-19) ។​

 
​លោក​Luiz Henrique Mandetta ជា​អ្នក​ប្រកាស​ព័ត៌មាន​ដកតំណែង​ដោយ​ខ្លួនឯង​លើ​ទំព័រ Twitter របស់ខ្លួន​។ លោក Mandetta បានសរសេរថា​៖ «​ខ្ញុំ​ទើបតែ​បានលឺ​ពី​ប្រធានាធិបតី ជែ បុល​សូ​ណា​រ៉ូ ពី​ការប្រកាស​ដក​របស់ខ្ញុំ​ចេញពី​ក្រសួងសុខាភិបាល​»​។ ទោះបីជា​ត្រូវបាន​ដកតំណែង​ក្តី លោក Mandetta ក៏បាន​ថ្លែង​អរគុណ​លោក បុល​សូ​ណា​រ៉ូ  ដែល​បានផ្តល់​ឱកាស​សម្រាប់​លោក​ក្នុងការ​អភិវឌ្ឍ និង​កែលំអរ​ប្រព័ន្ធ​សុខាភិបាល​ប្រេ​ស៊ី​ល​។ 
 
​ការដក​តំ​ណែ​ក​រដ្ឋមន្ត្រី​សុខាភិបាល​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក បុល​សូ​ណា​រ៉ូ មិន​ពេញចិត្ត​ពី​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព​(Social Distancing) របស់លោក​រដ្ឋមន្ត្រី ដែល​បាន​អនុវត្ត​កន្លងមក​។ បើតាម​លោក​ប្រធានាធិបតី ប្រេ​ស៊ី​ល គួរតែបញ្ឈប់​ការ​រឹតត្បិត និង​មិនចាំបាច់​ឲ្យ​ប្រជាជន​នៅផ្ទះ​ឡើយ ព្រោះ​បើ​ប្រជាជន​នៅផ្ទះ សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​ជួប​វិបត្តិ និង​ផលប៉ះពាល់ ចំណែក​ប្រជាជន​ក៏​ជួប​បញ្ហា​កង្វះខាត​ផងដែរ​។ 
 
​ដកតំណែង លោក Mandetta ហើយ លោក បុល​សូ​ណា​រ៉ូ បានដាក់​ជំនួស​វិញ​ដោយ​លោក Nelson Teich អ្នកជំនាញ​ខាង​មហារីក​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ប្រធានាធិបតី​បាន​និយាយថា លោក​នឹង​តែងតាំង Teich ជំនួស​វិញ​។ កន្លងមក លោក Teich ក៏​ធ្លាប់ជា​បុគ្គល​ម្នាក់ ដែល​ស្ថិតក្នុង​បញ្ជី​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ផងដែរ មុនពេល​លោក Mandetta ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​មួយ​នេះ​។ 
 
​គិត​មកទល់ពេលនេះ ប្រេ​ស៊ី​ល​មាន​ករណី COVID-19 សរុប​ចំនួន​ជាង ៣​ម៉ឺន​ករណី អ្នកស្លាប់​ជាង ១៩២៤​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ១២៧​ករណី​៕ 

Tag:
 COVID-19
  ប្រេ​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com