IMF៖ GDP កម្ពុជា អាច​ធ្លាក់ចុះ​ដល់ -១,៥ ភាគរយ នៅ​ឆ្នាំ​២០២០
ជាតិ
សេដ្ឋកិច្ច
IMF៖ GDP កម្ពុជា អាច​ធ្លាក់ចុះ​ដល់ -១,៥ ភាគរយ នៅ​ឆ្នាំ​២០២០
17, Apr 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា សម្រេចបាន​ក្នុង​អត្រា​៧​ភាគរយ នៅ​ឆ្នាំ​២០១៨ និង​២០១៩ ប៉ុន្តែ​ចាប់តាំងពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ចិន កាលពី​ដើមខែ​ឆ្នូ ឆ្នាំ​២០១៩ និង​បាន​រាលដាល​នៅ​ជុំវិញ​ពិភពលោក  ហើយ​បង្ករ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ជាប់​គាំង​ស្ទើរ​គ្រប់​វិស័យ ដោយ​រួមទាំង​សេដ្ឋកិច្ចកម្ពុជា ក៏​រង​ផលប៉ះពាល់​ដែរ​។

 
«​តាម​ការ​ព្យាករ​របស់​យើង អត្រាកំណើន​GDP​កម្ពុជា នឹង​ធ្លាក់ចុះ​ដល់ -១,៥​ភាគរយ​ក្នុង​ឆ្នាំ​២០២០»​។ នេះ​បើតាម​លោក Changyong Rhee ប្រធាន​នាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដោយ​បន្ថែមថា កំណើនសេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ​២០២០ នឹង​មិនមាន​កំណើន​ជា​លើកដំបូង ក្នុង​រយៈពេល​៦០​ឆ្នាំ​ចុងក្រោយ​។  ការរង​គ្រោះ​មិន​ធ្លាប់មាន​ពីមុន​មកនេះ បណ្តាលមកពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ចម្បងៗ​។​
 
​លោក Changyong Rhee អះអាង​ដូច្នេះ​ថា​៖«​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​កូ​វីដ​១៩​នេះ នឹង​បង្ក​ឲ្យ​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ទាប​ខ្លាំង ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក (២០០៧-២០០៨) និង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​២០០៧​ទៅទៀត​»​។ 
 
​លោក​បន្តថា នៅ​កម្ពុជា​អាជីវកម្ម​កំពុង​រង​ផលប៉ះពាល់​រួចទៅហើយ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ ឮថា ចំនួន​ភ្ញៀវទេសចរ បាន​ធ្លាក់ចុះ ៦០​ភាគរយ​រួចហើយ​។ ហើយ​ភាគច្រើន​នៃ​ឧស្សាហកម្ម​កាត់ដេរ ក៏ត្រូវ​បាន​គេ​មើលឃើញថា បាន​លុបចោល​ការបញ្ជាទិញ​ពី​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ​»​។​
 
​លោក បន្ថែមថា​៖«​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើន កំពុង​កើនឡើង​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩​។ អាស៊ាន​ត្រូវ​យកចិត្តទុកដាក់​លើ​វិស័យ​សេវាកម្ម​ច្រើនជាង​មុន និង​មុនពេល​កូ​វីដ​-១៩ រាតត្បាត​នៅក្នុង​តំបន់​ក៏ដោយ ក៏​ពួកគេ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដែរ​»​។ 
 
​ជាមួយគ្នានេះ IMF ក៏បាន​ព្យាករ​អត្រាកំណើន​សេដ្ឋកិច្ច​ថៃ​ដែរ​ថា អាច​នឹង​ធ្លាក់ចុះ​ដល់ -៦,៧​ភាគរយ ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​៕ 

Tag:
 សេដ្ឋកិច្ច​
  GDP កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com