COVID-19
អន្តរជាតិ
COVID-19៖ ចិន​ដំឡើង​ករណី​ឆ្លង និង​ស្លាប់​នៅ​វូ​ហាន ដែល​ធ្វើ​ឲ្យ​តួលេខ​កើន​៥០​ភាគរយ​
17, Apr 2020 , 9:19 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​រលាក​សួត​របស់​ចិន នា​ថ្ងៃទី​១៧ ខែមេសា បានចេញ​សេចក្តីប្រកាស​មួយ ស្តីពី​ការកែប្រែ​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយសារ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស COVID-19 នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។


 
​បន្ទាប់​តួលេខ​អ្នក​ឆ្លង និង​ស្លាប់ ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ចិន ហាក់ដូចជា​ថមថយ ចិន​បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ជុំវិញ​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​។ ក្នុង​សេចក្តីប្រកាស​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ COVID-19 បាន​រកឃើញ​អ្នក​ឆ្លង​ក្នុងពេល​កន្លងមក​ចំនួន ៣២៥​ករណី អ្នកស្លាប់​ចំនួន ១២៩០​ករណី នៅក្នុង​ទីក្រុង​វូ​ហាន​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅក្នុង​ទីក្រុង​វូ​ហាន​បាន​កើន​ដល់ ៥០៣៣៣​ករណី និង​អ្នកស្លាប់​សរុប ៣៨៦៩​ករណី​។ 
 
​បើតាម​អះអាង​របស់​ចិន សម្រាប់​តួលេខ​ថ្មី​នេះ គឺ​អាជ្ញាធរ​ចិន​ទើបតែ​រកឃើញ​ពី​អ្នកស្លាប់ និង​ឆ្លង ក្នុងពេល​កន្លងមក​។ ចិន​បាន​លើក​ហេតុផល ៣​ធំៗ​មក​សំអាង​។ ទី​១ កន្លងមក​ចិន​មាន​បញ្ហា​ខ្វះខាត​សម្ភារ​វេជ្ជសាស្ត្រ និង​សមត្ថភាព ក្នុងការ​ព្យាបាល​អ្នកជំងឺ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជំងឺ​មួយចំនួន​បានទទួល​មរណភាព​នៅ​ផ្ទះ និង​មិន​បានមក​មន្ទីរពេទ្យ​។ ទី​២ ក្នុងអំឡុងពេល COVID-19 អុកឡុក​ខ្លាំង អាជ្ញាធរ​សុខ​ភិ​បាល ក៏ដូចជា​បុគ្គលិក​វេជ្ជសាស្ត្រ សស្រាក់សស្រាំ​ធ្វើការ ដោយ​មិនបាន​រាយការណ៍​ពី​តួលេខ​អ្នក​ឆ្លង និង​ស្លាប់​មួយចំនួន​។ ទី​៣ ចិន​មាន​វិទ្យាស្ថាន ក៏ដូចជា​កន្លែង​ព្យាបាល​អ្នកជំងឺ COVID-19 ច្រើន ហើយ​កន្លែង​ខ្លះ​មិនបាន​ផ្តល់​របាយការណ៍​មក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​រលាក​សួត​។ 
 
​ក្រៅពី​តួលេខ​បន្ថែម ចិន​ក៏មាន​អ្នក​ឆ្លង​ចំនួន​២៦​ករណី​ថ្មី​ផងដែរ នៅក្នុង​ប្រទេស និង​មិនមាន​ករណី​ស្លាប់​នា​ថ្ងៃទី​១៧ ខែមេសា​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ចិន​មាន​ករណី COVID-19 សរុប​ចំនួន ៨២៦៩២​ករណី អ្នកស្លាប់ ៤៦៣២​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ៧៧៩៤៤​ករណី​។ បើតាម​វេ​ប​សាយ Worldometer  បន្ទាប់ពី​ចិន​កែប្រែ​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់ អ្នកជំងឺ COVID-19 ក្នុងប្រទេស​នេះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ត្រឹមតែ​ជាង​ពីរ​រយ​ករណី​ប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com