COVID-19
អន្តរជាតិ
លោក ត្រាំ បញ្ចេញ​ផែនការ ៣​ដំណាក់កាល ដើម្បី​បញ្ចប់​ការ​រឹតត្បិត​
17, Apr 2020 , 10:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Trend
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Trend
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៦ ខែមេសា បាន​ដាក់ចេញ​ការណែនាំ​មួយ ដែលមាន​៣​ដំណាក់កាល ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច ក៏ដូចជា​ស្តារ​ស្ថានភាព​អាមេរិក​ឡើងវិញ ខណៈពេល​ប្រទេសមួយ​នេះ កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ។ ប្រជាជន​អាមេរិក​ច្រើនជាង ២០​លាន​នាក់ កំពុង​អត់​ការងារ​ធ្វើ ហើយ​ប្រជាជន​ប្រមាណ​ជា ៩០​ភាគរយ ស្ថិតនៅ​ក្នុងផ្ទះ​។


 
​គិត​មក​ត្រឹម​ថ្ងៃ​ពេលនេះ អាមេរិក អ្នក​ផ្ទុក COVID-19 សរុប​ចំនួន​ជាង ៦៧​ម៉ឺន​ករណី អ្នកស្លាប់​ជាង ៣​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​មាន​ជិត ២​ពាន់​នាក់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាមេរិក បានចេញ​វិធានការ​ជាច្រើន​ដូចជា បិទ​រដ្ឋ បិទ​កន្លែង​កម្សាន្ត ការរក្សា​គម្លាត​សុវត្ថិភាព និង​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​ជាដើម​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អាមេរិក​រង​ផលប៉ះពាល់​យ៉ាងដំណំ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​ស្តីពី COVID-19 លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​អះអាងថា អាមេរិក មិន​បើក​ដំណើរការ​សកម្មភាព​ទាំងអស់​ក្នុងពេល​តែមួយ​ទេ ប៉ុន្តែ​ក្នុង​ជំហាន​ជា​បន្តបន្ទាប់​។ បើតាម​លោក​ត្រាំ ការបិទ​ក្រុង មិនមែនជា​ជម្រើស​ល្អ​ទេ ហើយ​បើ​វា​នៅតែ​បែបនេះ​តទៅទៀត ប្រជាជន​នឹង​នឹង​គ្រោះ​ដោយសារ​បញ្ហា​ជាច្រើន​ដូចជា បញ្ហា​សេដ្ឋកិច្ច អត្តឃាត ការផឹក​ស្រា ជំងឺ​បេះដូង និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ត្រាំ បាន​បញ្ចេញ​គម្រោង​ចំនួន ៣​ដំណាក់កាល ដើម្បី​បញ្ឈប់​ភាពអវិជ្ជមាន​ជាច្រើន ដែល​កំពុងតែ​កើតមាន​នៅ​អាមេរិក​។ គម្រោង​នេះ ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋ​ទាំងអស់ យក​វា ធ្វើជា​គំរូ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​អាមេរិក​។ នៅ​ដំណាក់កាល​ដំបូង ប្រជាជន​គួរតែ​រក្សា​គម្លាត​ពីគ្នា មិន​ឲ្យ​មានការ​ជួបជុំគ្នា​លើសពី ១០​នាក់ ការធ្វើដំណើរ​មិន​សំខាន់​ទាំងឡាយ​គួរ​កាត់បន្ថយ ការធ្វើការ​នៅផ្ទះ​ត្រូវបាន​លើកទឹកចិត្ត សាលារៀន​នៅតែ​បន្ត​បិទ​ដដែល​។ ចំណែក​រោងភាពយន្ត ភោជនីយដ្ឋាន ពហុកីឡាដ្ឋាន និង​កន្លែង​គោរពបូជា​ផ្សេងៗ អាច​បើក​បាន ប៉ុន្តែ​ស្ថិតក្នុង​គោលការណ៍​រក្សា​គម្លាត​។ 
 
​ដំណាក់កាល​បន្ទាប់ គឺ​ផ្ដោត​សំខាន់​រដ្ឋ ឬ​តំបន់ ដែល​មិនមាន​ករណី COVID-19 ។ ក្នុង​ធ្វើដំណើរ​មិនចាំបាច់​មួយចំនួន​ដូចជា​ការកម្សាន្ត និង​ទៅ​ផ្សារ នឹងត្រូវ​អនុញ្ញាត តែ​ការជួបជុំ​មនុស្ស​លើសពី ៥០​នាក់​ត្រូវ​ហាមឃាត់ ចំណែក​សាលារៀន​អាច​បើក​ឡើងវិញ​។ សម្រាប់​បារ កន្លែង​ស៊ីផឹក អាច​បើក​ឡើងវិញ​បាន ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​។ ដំណាក់កាល​ចុងក្រោយ គឺ​អនុញ្ញាត​ឲ្យ​ទៅធ្វើ​ការ​នៅ​កន្លែង​ដូចដើម​វិញ និង​សកម្មភាព​ផ្សេងទៀត​។ 
 
​យ៉ាងណាក៏ដោយ ដើម្បី​អនុវត្ត​គម្រោង​ទាំងបី ដំណាក់កាល​ទៅបាន ទាល់តែ​មន្ទីរពេទ្យ​ព​ន្លឿ​ន​ការធ្វើ​តេស្ត ការដាក់​ទីតាំង​សម្រាប់​ធ្វើតេស្ត ការដាក់​កាមេរ៉ា​ថត​កម្តៅ វិទ្យាស្ថាន​វេជ្ជសាស្ត្រ ត្រូវតែ​ផ្គត់​ផ្អង់​សម្ភារ​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់​ជាដើម​។ 
 
​សូមបញ្ជាក់ថា កន្លងមក លោក​ត្រាំ បាន​ទទូច​ឲ្យ​បើក​សេដ្ឋកិច្ច​អាមេរិក​ម្តង​ហើយ​ម្តងទៀត ក្នុង​កាលៈទេសៈ​ផ្ទុះ COVID-19 ដែល​បាន​បណ្តាល​ឲ្យ​មាន​ប្រជាជន​ចំនួន​ច្រើនជាង ២០​លាន​នាក់ កំពុង​អត់​ការងារ​ធ្វើ ហើយ​មនុស្ស​ប្រមាណ​ជា ៩០​ភាគរយ​កំពុង​ស្ថិតនៅ​ក្នុងផ្ទះ ៕

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com