COVID-19
អន្តរជាតិ
COVID-19៖ លោក ឌូ​ទើ​តេ គំរាម​អនុវត្ត​ច្បាប់​ដូច​ក្នុង​របប​អាជ្ញាសឹក បើ​ប្រជាជន​នៅតែ​គ្មាន​វិន័យ​
17, Apr 2020 , 11:19 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ-AFP
លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ-AFP
ដោយ:
​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន​គំរាមថា នឹង​បង្ក្រាប​ប្រជាជន​ដូច​ក្នុង​របប​អាជ្ញាសឹក ប្រសិនបើ​ប្រជាជន​នៅតែ​ជម្នះ​ចង់​ចូលមក​កាន់​រដ្ឋធានី​ម៉ានីល ដែល​កំពុង​បិទ​មិន​ឲ្យ​មាន​អ្នក​ចេញចូល​។ នេះ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP ។​

 
« ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​មាន​វិន័យ​បន្តិច​ប៉ុណ្ណោះ​។ បើ​មិន​ធ្វើតាម​ទេ ជឿ​ខ្ញុំ​ចុះ ទាហាន និង​ប៉ូលិស​ប្រាកដជា​ចាត់វិធានការ​»​។ នេះ​ជាការ​ព្រមាន​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទៅកាន់​ប្រជាជន​ដែល​មិន​គោរព​តាម​បម្រាម​របស់​រដ្ឋាភិបាល​។ 
 
​តាមរយៈ​សុន្ទរកថា​ក្នុង​ទូរទស្សន៍​នៅ​ថ្ងៃទី​១៦ មេសា​លោក​ប្រធានាធិបតី ឌូ​ទើ​តេ និយាយ​ចំៗ​ថា ទាហាន និង​ប៉ូលិស នឹង​ចាត់វិធានការ​គម្លាត​សុវត្ថិភាព នៅពេល​បម្រាម​គោចរ​មកដល់​។ វា​ដូចជា​ច្បាប់​អា​ជ្ងា​សឹក​អ៊ីចឹង​ដែរ​។ លោក ក៏​ឲ្យ​ប្រជាជន​ជ្រើសរើស​រវាង​ធម៌​ក្ដៅ និង​ធម៌​ត្រជាក់​នេះ ដោយ​ប្រាប់​ពួកគេ «​អ្នក​ជ្រើស​ខ្លូន​ឯង​ចុះ​»​។  
 
​ការលើកឡើង​របស់លោក ឌូ​ទើ​តេ ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​ហ្វីលីពីន​បាន​រាយការណ៍​ពី​ការកើនឡើង​ចំនួន​រថយន្ត​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ម៉ានីល​ដែល​ធ្លាប់មាន​សភាព​ស្ងាត់ជ្រងំ​ក្រោយពេល​រដ្ឋាភិបាល​ប្រកា​សបិទ​ទីក្រុង​នេះ​កាលពី​ខែ​មុន​។ 
 
​ជាការ​កត់សម្គាល់ថា លោក​ប្រធានាធិបតី​ហ្វីលីពីន ជារឿយៗ​តែងតែ​គំរាម​ចង់​គ្រប់គ្រង​ប្រទេស​តាម​លក្ខណៈ​យោធា​។ ការគ្រប់គ្រង​លក្ខណៈ​យោធា នេះ ក៏​នាំ​ឲ្យ​មានការ​រំលឹក​ដល់​របប​ដឹកនាំ​ផ្តាច់ការ​របស់លោក ហ្វឺ​ឌី​ណា​ង់ ម៉ា​កូ​ស (Ferdinand Marcos)​។ កន្លងទៅ 
​លោក ឌូ​ទើ​តេ ធ្លាប់​ដាក់​កោះ​មិន​ដា​ណាវ ក្រោម​ការគ្រប់គ្រង​តាមច្បាប់​អាជ្ញាសឹក នៅពេលដែល​ក្រុម​រដ្ឋ​ឥស្លាម ធ្វើការ​វាយប្រហារ​ទៅលើ​ទីក្រុង​ម៉ា​រ៉ាវី ភាគខាងត្បូង​ប្រទេស​។​
 
​នៅ​ខែមីនា ពេលដែល​ចំនួន​អ្នក​ឆ្លង​កាន់តែ​កើនឡើង លោក ឌូ​ទើ​តេ ក៏ បាន​បញ្ជា​ឲ្យ​បិទ​កោះ​Lunzo ដែល​នៅ​ខាងជើង​ប្រទេស ដែល​ក៏​រួមបញ្ចូល​រដ្ឋធានី​ម៉ានីល ដែលមាន​ប្រជាជន​១២​លាន​នាក់​ផងដែរ​។​
 
​បើទោះបី​ជាមាន​បញ្ជា​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ដោយ ក៏​គេ​ឃើញ​មាន​មនុស្ស​មួយចំនួន​នៅតែ​ល្មើ​សនឹង​បញ្ជា​។  ជាក់ស្តែង គេ​ឃើញ​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវ​បង្ខំចិត្ត​ដើរ​ស្វែ​រ​រក​ការងារ ចំណែកឯ​ប៉ូលិស​វិញ​បាន​ចាប់​បំបែក​ការជួបជុំ ដូចជា​ការប្រកួត​វាយ​ប្រដាល់​ជាដើម​។ 
 
​បន្ថែម​ពីនេះ ប៉ូលិស បាន​គំរាម ចាប់ខ្លួន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​ចេញ​ក្រៅ​ផ្ទះ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ខណៈ​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ចេញពីផ្ទះ​គឺមាន​តែ​កម្មករ​ក្នុង​វិស័យ​ចាំបាច់ អ្នក​ទៅ​ទិញ​ម្ហូបអាហារ និង​ថ្នាំ​តែប៉ុណ្ណោះ​។​
 
​នៅ​ហ្វីលីពីន អ្នកមាន​ផ្ទុក COVID-19 មាន​ចំនួន ៥,៦៦០​ករណី និង​អ្នកស្លាប់​ចំនួន​៣៦២​ករណី គិត​ត្រឹម​ថ្ងៃទី​១៦ ខែមេសា​។ ប៉ុន្តែ​ចំនួន​អាច​នឹងមាន​ច្រើនជាង​នេះ​នៅពេល​គេ​ព​ន្លឿ​ន​ការធ្វើ​តេស្ត​នៅ​ទូទាំងប្រទេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com