កីឡាជាតិ
ជាតិ
សូល​ទី​ឡូ​បញ្ចប់​កិច្ចសន្យា ប្រាក់ សុ​វណ្ណា​ពិសិដ្ឋ​, សឿង បញ្ញា ក្រោយ​មិន​គោរព​វិន័យ​
17, Apr 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ នេះ បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​ពីររូប​ទាំង​ពាក់កណ្តាល​ទី ក្រោយ​ពួកគេ​ប្រព្រឹត្ត​ខុសពី​វិន័យ​ក្លិប​ក្នុងនាម​ជា​កីឡាករ​អាជីព​។

 
​ត្រឹមតែ​១​នាទី​ប៉ុណ្ណោះ ក្លិប​សូល​ទី​ឡូ​អង្គរ​បាន​សរសេរ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​រហូតដល់​ទៅ​ពីររូប រួមមាន ប្រាក់ សុ​វណ្ណា​ពិសិដ្ឋ និង សឿង បញ្ញា​។ ប៉ុន្តែ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​រហូត​ឈានដល់​បញ្ចប់​កិច្ចសន្យា​នេះឡើយ គ្រាន់តែ​បញ្ជាក់ថា ពួកគេ​មិន​គោរព​វិន័យ​ក្លិប ក្នុងនាម​ជា​កីឡាករ​អាជីព​។​
 
​សូល​ទី​ឡូ​អង្គរ​បានចាត់ទុក​ការសម្រេចចិត្ត​នេះ​ថា ជា​រឿង​មួយ​ដ៏​លំបាក តែ​វា​ជា​គំរូ​មួយ​ដ៏​ល្អ​ក្នុងការ​លុបបំបាត់​កុំ​ឲ្យ​កីឡាករ​ដទៃ​ធ្វើបែបនេះ​ទៀត​នៅ​ថ្ងៃក្រោយ​។ សូល​ទី​ឡូ​អង្គរ ក៏បាន​បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ការបាត់បង់​កីឡាករ​ទាំងពីរ​រូបនេះ​ផងដែរ​។ 
 
​គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​កន្លងទៅ​កីឡាករ ម៉ាត់ យ៉ា​មីន និង​កីឡាករ សេង កុ​សែន ត្រូវបាន​ក្លិប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​ជា​បន្តបន្ទាប់ ក្រោយ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព​៕ 

Tag:
 ​សូល​ទី​ឡូ​អង្គរ​
  សឿង បញ្ញា​
  ប្រាក់ សុ​វណ្ណា​ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com