​ស្ត្រី​ជនជាតិភាគតិច ប្រា ឌិន ខ្នះខ្នែង​ផ្ទេរ​ចំណេះ​ឲ្យ​យុវជន​រួមគ្នា​រក្សា​តម្បាញ​ប្រពៃណី​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ស្ត្រី​ជនជាតិភាគតិច ប្រា ឌិន ខ្នះខ្នែង​ផ្ទេរ​ចំណេះ​ឲ្យ​យុវជន​រួមគ្នា​រក្សា​តម្បាញ​ប្រពៃណី​
18, Apr 2020 , 9:19 pm        
រូបភាព
​មណ្ឌលគិរី​៖ ទោះ​មមាញឹក​នឹង​ការងារ​នឹង​ការ​ត្បាញ​ផ្ទាល់ខ្លួន និង​លក់​អីវ៉ាន់​ចាប់ហួយ​យ៉ាងណា ក៏​ស្ត្រី​ជនជាតិដើម​ភាគតិច​ទំ​ពូន ប្រា ឌិន ឆ្លៀតពេល​បង្រៀន​តម្បាញ​តាមបែប​ប្រពៃណី​ដល់​យុវជន និង​ស្ត្រី​ជនជាតិ​ព្នង​។ គោលបំណង​ដែល​ស្ត្រី​វ័យ​៤០​ឆ្នាំ រូបនេះ លះបង់​ទាំង​ពេលវេលា និង​មិន​យក​កម្រៃ​ពី​ការបង្រៀន​តម្បាញ​នេះ គឺ​ចង់ឃើញ​តម្បាញ​បែប​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​រស់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​។


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖


 
​បច្ចុប្បន្ន អ្នកស្រី ប្រា ឌិន កំពុង​ប្រក​បរបរ​ត្បាញ​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​បាន​បង្រៀន​តម្បាញ​ប្រពៃណី​ដល់​កូនសិស្ស​ចំនួន​២០​នាក់​។ «​ដោយសារ​ខ្ញុំ​ស្រលាញ់​ការងា​តម្បាញ​ហ្នឹង អីចឹង​ខ្ញុំ​ចង់​ចែកចាយ​ឱ្យ​បងប្អូន​ផ្សេង​ចេះ​ដូច​ខ្ញុំ​ដែរ​។ សំខាន់​យើង​អត់​ចង់​ឲ្យ​បាត់បង់ និង​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​នេះ​បាន​ដូច​ខ្ញុំ​ដែរ​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី ប្រា ឌិន ដែល​ឥត​រួញរា​នឹង​បង្រៀន​តម្បាញ​ប្រពៃណី​ដល់​ស្ត្រី​ជនជាតិ​ព្នង​ជាច្រើន ដើម្បីឱ្យ​តម្បាញ​ប្រពៃណី​នេះ​នៅតែ​បន្ត​រស់​យូរអង្វែង​។​
 
​ទោះបីជា​សព្វថ្ងៃ ស្ត្រី​ជនជាតិ​ព្នង ប្រា ឌិន មាន​បទពិសោធ​ត្បាញ​ជាង​២០​ឆ្នាំ​មកហើយ​នោះ បាន​ផ្ទេរ​ចំណេះ​ដែល​ខ្លួន​មាន​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ក៏​ពិត តែ​អ្នកស្រី​នៅតែ​បារម្ភ​ខ្លាច​បាត់បង់​មុខរបរ​ដូនតា​នេះ ដោយ​មើលឃើញ​អ្នកជំនាន់ក្រោយ មិនសូវ​យកចិត្តទុកដាក់ និង ចេះ​ត្បាញ​តែ​កន្សែង​និង​កាបូប​ប៉ុណ្ណោះ​។ អ្នកស្រី ប្រា ឌិ​ត ចង់ឱ្យ​អ្នក​បន្តវេន​ជំនាន់​ក្រោយ ចេះ​ត្បាញ​គ្រប់​ផលិតផល​របស់​ជនជាតិ​ព្នង​ឲ្យ​បាន​ច្រើន​ប្រភេទ​ទៀត ជាពិសេស​ការ​ត្បាញ​ដែលមាន​ក្បាច់រចនា​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​របស់ខ្លួន​៕

Tag:
 តម្បាញ​
  ជនជាតិភាគតិច​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com