COVID-19
ជាតិ
សេដ្ឋកិច្ច
ទីម័រខាងកើត ស្នើឲ្យកម្ពុជានាំចេញអង្ករ ទៅប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀង
19, Apr 2020 , 2:41 pm        
រូបភាព
ភ្នំពេញ៖  ប្រទេសទីម័រខាងកើត ស្នើឲ្យកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួនវិញ ដើម្បីទប់ស្កាត់ការខ្វះខាតនៃស្បៀង ដោយសារតែជំងឺកូវីដ-១៩ (COVID-19)។ សំណើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក សុង សារ៉ន  ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា  និងលោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា កាលពីថ្ងៃទី១៧មេសា។



ជាការឆ្លើយតប ភាគីកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត បញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់ពីបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់នេះជាដើម។

ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០មក រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនាំចេញស្រូវនិងអង្ករធម្មតា ទៅក្រៅប្រទេស លើកលែងតែអង្ករក្រអូប ដើម្បីស្តុបទុកផ្គត់ផ្គង់ក្នុងស្រុក ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចមិនឲ្យនាំចេញត្រីទៅក្រៅប្រទេសដែរ។

កាលពីឆ្នាំ២០១៩ កម្ពុជា នាំអង្ករជាង៦០ម៉ឺនតោន ទៅក្រៅប្រទេស ដោយក្នុងនោះ ទៅកាន់ទីផ្សារប្រទេសចិន ជាង២៤ម៉ឺនតោន, អឺរ៉ុប ជាង២០ម៉ឺនតោន,  អាស៊ាន ជាង ៨,៣ម៉ឺនតោន និង នាំចេញទៅកាន់ទីផ្សារប្រទេសដទៃទៀត ជាង ៨,៥ម៉ឺនតោន៕

Tag:
 COVID-19
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com