COVID-19
អន្តរជាតិ
អូស្ត្រាលី ស្នើ​ឲ្យ​ការស៊ើបអង្កេត​ឯករាជ្យ​ជា​សាកល​លើ​ការឆ្លើយតប​នឹង​ជំងឺ COVID-19
19, Apr 2020 , 3:22 pm        
រូបភាព
​អូស្ត្រាលី នៅ​ថ្ងៃទី​១៩ ខែមេសា បានស្នើ​ឲ្យ​បើក​ការស៊ើបអង្កេត​ជា​សាកល​មួយ​ទៅលើ​ការឆ្លើយតប​នឹង​ជំងឺ​ផ្លូវដង្ហើម COVID-19 ដែល​ឆ្លង​លើ​មនុស្ស​ច្រើនជាង​ពីរលាន​នាក់​ទៅហើយ​។ គោលដៅ​របស់​ទីក្រុង​កង់​បេ​រ៉ា ចង់​ឲ្យ​មានការ​ស្រាវជ្រាវ​លើ​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភពលោក និង​ចិន​នៅ​ដំណាក់កាល​ដំបូង​ពេលដែល​វីរុស​ចាប់ផ្ដើម​រាលដាល​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ដូច​អាមេរិក​ដែរ អូស្ត្រាលី ថា អង្គការ​សុខភាព​ពិភពលោក ចាត់ចែង​មិនបាន​ល្អ​ឡើយ​នៅ​ដំណាក់កាល​ដំបូង​។​

 
​អូស្ត្រាលី បាន​បន្ថែម​សម្ពាធ​មួយ​ជាន់​ទៀត​លើ​ចិន និង​អង្គការ​សុខភាព​ពិភពលោក​ដែល​រង​ការ​រិះគន់ថា ដោះស្រាយ​មិនបាន​ល្អ​នៅពេល​ដំបូង​ដែល COVID-19 ទើប​ចាប់ផ្ដើម​លេចមុខ និង​ទុក​ឲ្យ​វីរុស​រាលដាល​ពេញ​ពិភពលោក​។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ម៉ា​រី​ស ផេ​ន (Marise Payne) បាន​ចោទសួរ​ពី​តម្លាភាព​របស់​ចិន​ក្នុងការ​ដោះស្រាយ​វិបត្តិ​មួយ​នេះ ហើយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ប្រភពដើម និង​ការ​រាលដាល​ទៀតផង​។​
 
​ប្រមុខ​ការទូត​អូស្ត្រាលី​រូបនេះ អះអាងថា ក្ដីបារម្ភ​របស់​អ្នកស្រី​លើ​តម្លាភាព​របស់​ចិន ឡើងដល់​ចំណុច​ខ្ពស់បំផុត​។ អ្នកស្រី ផេ​ន ប្រាប់​ទូរទស្សន៍​អូស្ត្រាលី ABC ថា បញ្ហា​ជុំវិញ​កូ​រ៉ូ​ណាវី​រុស ត្រូវការ​ការត្រួតពិនិត្យ​ឯករាជ្យ ហើយ​អូស្ត្រាលី​ពិតជា​ចង់បាន​ដូច​នោះ​ណាស់​។ មន្ត្រី​អូស្ត្រាលី​ដដែល​បន្តថា​៖ «​យើង​បាន​ត្រូវការ​ពី​ព័ត៌មាន​លម្អិត​ដែល​ការស៊ើបអង្កេត​ឯករាជ្យ​ឲ្យ​យើង​ដូចជា​សែន​នៃ​វីរុស វិធីសាស្ត្រ​ដោះស្រាយ និង​ព័ត៌មាន​ដែល​ត្រូវបាន​ចែកចាយ​។​»
 
​អ្នកស្រី ផេ​ន ថែមទាំង​និយាយថា អូស្ត្រាលី មាន​ក្ដីបារម្ភ​ដូចគ្នា​នឹង​អាមេរិក​ពាក់ព័ន្ធ​ចំណាត់ការ​របស់​អង្គការ​សុខភាព​ពិភពលោក​លើ COVID-19 ផងដែរ​។ ដូចគ្នា​ត្រង់​ថា អង្គការ​នេះ ចាត់ចែង​មិន​សមស្រប និង​លាក់បាំង​គ្រោះថ្នាក់​នៃ COVID-19 មុនពេល​រាលដាល​ទៀតផង​។ 
 
​បច្ចុប្បន្ន អូស្ត្រាលី​មាន​ករណី​ឆ្លង​សរុប​ប្រមាណ​៦៦០០​ករណី និង​ស្លាប់​៧០​នាក់​ដោយសារ​ជំងឺ​ដែល​ផ្ទុះឡើង​ដំបូង​នៅ​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ។ រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី Greg Hunt អះអាងថា អូស្ត្រាលី​អាច​គ្រប់គ្រង​ស្ថានការណ៍​ដូច​សព្វថ្ងៃ ក៏​ព្រោះតែ​ចាត់វិធានការ​ផ្ទុយ​ពី​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។ អ្វីដែល​ផ្ទុយ​នោះ គឺ​អូស្ត្រាលី​បាន​ហាម​អ្នកដំណើរ​ពី​ចិន​ដែល​អង្គការ​នេះ​មិន​យល់ស្រប​នៅ​ដំណាក់កាល​ដំបូង​៕

Tag:
 អូស្ត្រាលី​
  ចិន​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com