COVID-19
ជាតិ
សុខភាព
អ្នកពាក់ព័ន្ធ​បារម្ភ​ការ​ពិសា​គ្រឿង​ស្រវឹង​ជា​ក្រុម នាំ​ឲ្យ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​កម្រិត​ខ្ពស់​
19, Apr 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​សុខភាព និង​អ្នកធ្វើការ​ក្នុង​វិស័យ​សង្គម បានបង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា ទៅលើ​ការបន្ត​ពិសា​គ្រឿង​ស្រវឹង​ជុំៗ​គ្នា ក្នុង​គ្រា​ដែល​ប្រទេស​កំពុង​ញាំញី​ដោយ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​ដែល​បំផ្លាញ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស​។​

 
​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មានប្រសាសន៍ថា ការទទួល​ទាន​គ្រឿង​ស្រវឹង​រួមគ្នា ងាយ​នឹង​បង្ក​ការឆ្លង ដោយសារ​ពេលដែល​ស្រវឹង​អ្នក​ពិសា​អាច​ភ្លេចភ្លាំង​ស្មារតី មិនមាន​អនាម័យ​ត្រឹមត្រូវ ដូច​ជាការ​លាងដៃ ឬក៏​អាចមាន​ភាពស្និទ្ធស្នាល​ប្រកៀក​ប្រកិត​គ្នា​។ លោក​បន្ថែមថា ការទទួល​ទាន​គ្រឿង​ស្រវឹង​ក៏​នឹងធ្វើ​ឲ្យ​សុខភាព​ចុះខ្សោយ ដែល​ងាយ​ប្រឈម​ការឆ្លង​មេរោគ​ផ្សេងៗ ក្នុងនោះ​គឺ​មេរោគ​កូ​រ៉ូ​ណា​។​
 
​វិធាន​ការដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​កូ​រ៉ូ​ណា​ក្នុងចំណោម​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ គឺ​បិទ​មិន​ឲ្យ​លក់​ស្រា​បៀរ​មួយរយៈ​សិន ក្នុងពេលដែល​ប្រទេស ឬ​សាកលលោក​មិនទាន់​ដោះស្រាយ​វិបត្តិ​មេរោគ​កូ​រ៉ូ​ណា​នេះ​បាន​នៅឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់​។​
 
​លោក​ប្រាប់ VOA ថា​៖ «​ខ្ញុំ​ជម្រាបជូន​អ៊ីចឹង​ថា ការណ៍​ដែលជា​សេចក្តីណែនាំ​ជាការ​ជូនដំណឹង​ជាការ​អប់រំ​តែឯង​មិន​គ្រប់គ្រាន់​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​យើង​ខ្លះ គាត់​មិន​ញញើត​នឹង​ការអប់រំ​ទេ ពីព្រោះ​គាត់​មើលងាយ​ជំងឺ​អី​ជាដើម​ហ្នឹង​ណា៎​។ អ៊ីចឹង​វា​ត្រូវតែមាន​វិធានការ​ច្បាប់​បន្ថែមទៀត ដូចជា​ខ្ញុំ​លើក​អម្បាញ់មិញ គឺថា​ជា​វិធានការ​មួយ​ថា ក្នុងអំឡុងពេល​កូ​វីដ គឺ​ហាម​ផ្សាយពាណិជ្ជកម្ម​គ្រៀង​ស្រវឹង​ហាម​លក់​គ្រឿង​ស្រវឹង​ជាដើម​»​។​
 
​លោក​វេជ្ជបណ្ឌិត​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ពិន័យ​ក្រុមហ៊ុន ដែល​បន្ត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​គ្រា​មាន​វិបត្តិ​មេរោគ​កូ​រ៉ូ​ណា​នេះ​ផងដែរ​។​
 
​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ទប់ស្កាត់​ការផឹក​គ្រឿង​ស្រវឹង​រួមគ្នា ក្រោមរូបភាព​បិទ​ក្លឹប​កម្សាន្ត​កន្លែង​ច្រៀង​ខារ៉ាអូខេ និង​បៀរហ្គាឌិន​ជាដើម​។ ចំណែក​ពលរដ្ឋ​មួយចំនួន​ក៏បាន​សម្រេច​លុបចោល​ពិធីមង្គលការ​របស់​ពួកគេ​នាពេលនេះ​។​
 
​ក្នុង​គ្រា​មាន​ការឆ្លង​រាតត្បាត​មេរោគ​កូ​រ៉ូ​ណា អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​អត្ថបទ​ណែនាំ​សុខាភិបាល​មួយ​ថា ការទទួល​ទាន​គ្រឿង​ស្រវឹង​មិនអាច​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩​បានទេ​។​
 
​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​សារធាតុ​អាល់កុល ជាពិសេស​ការប្រើប្រាស់​ច្រើន​ហួសហេតុ​នោះ នឹងធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ការពារ​ភាពស៊ាំ និង​កាត់បន្ថយ​សមត្ថភាព​នៃ​ការ​ទប់​ទល់នឹង​ជំងឺឆ្លង​ជាច្រើន​»​។​
 
​អង្គការ​សុខភាព​អន្តរជាតិ​ដដែល បញ្ជាក់ទៀតថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ​បង្កើន​ហានិភ័យ​នៃ​រោគសញ្ញា​ខូចខាត​ប្រព័ន្ធ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែលជា​កម្រិតធ្ងន់​សឹង​ស្មើនឹង​ជំងឺ​កូ​វីដ​១៩​។​
 
​អ្នកពាក់ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​ក៏បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ទៅលើ​ការជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង ដែល​បន្ត​កើតមាន​នៅតាម​សហគមន៍​។​
 
​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ ធ​ឬ​ហៅ​កាត់​ថា IDEA ជំរុញ​ឲ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​មួយរយៈ​ដែរ​។​
 
«​ខ្ញុំ​មានការ​បារម្ភ​ខ្លាំង​មែនទែន​ពីព្រោះ​ការ​នៅ​ជិតគ្នា ហើយ​ការផឹក​រួមគ្នា​មនុស្ស​ច្រើន​ហ្នឹង វា​ជា​បញ្ហា​ប្រឈម​មួយ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩​។ អ៊ីចឹង​ខ្ញុំ​ឃើញថា មានការ​បារម្ភ​ផងដែរ ដែល​បងប្អូន​នៅតែ​ហាក់ដូចជា​មិនសូវ​ខ្វាយខ្វល់​ទៅនឹង​ការចម្លង​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​។ ខ្ញុំ​មានការ​ខ្វាយខ្វល់​ខ្លាំងណាស់ ជាពិសេស​នៅតាម​បណ្តា​សហគមន៍ នៅតាម​កន្លែង​មួយចំនួន​ដែល​បងប្អូន​រស់នៅ​»​។​
 
​អាជ្ញាធរ​ទីក្រុង​បាងកក បានដាក់​បម្រាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២០ ខែមេសា ដើម្បី​បញ្ចៀស​ការជួបជុំ​ក្នុងពេល​ចូលឆ្នាំ​នៅ​ប្រទេស​ថៃ​។ ចំណែក​រដ្ឋាភិបាល​ប្រទេស​ឡាវ​ក៏បាន​ដាក់​បម្រាម​លើ​ការលក់​គ្រឿង​ស្រវឹង​នៅ​ទូទាំងប្រទេស​ផងដែរ​។​
 
​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល​កម្ពុជា​បានដាក់​កំហិត​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ជួបជុំ​បងប្អូន​នៅ​ស្រុកកំណើត ក្នុង​គោលដៅ​បញ្ចៀស​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។ ក្រុមកម្មករ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ក៏​នៅ​បន្ត​ផឹក​គ្រឿង​ស្រវឹង​ជុំៗ​គ្នា នៅតាម​បន្ទប់​ជួល​របស់​ពួកគេ​ផងដែរ ដែល​នេះ​ជាការ​ព្រួយបារម្ភ​មួយ​របស់លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។​
 
​លោក អាត់ ធន់ មានប្រសាសន៍ថា​៖ «​យើង​មើល​បន្ទប់​ជួល​គឺ​គាត់​មិន​ប្តូរ​ទេ​បានន័យថា​ដដែល​។ គាត់​នៅតែ​ហូបចុក​ដដែល​។ ប៉ុន្តែ​ដូចជា​នៅ​កន្លែង​រោងចក្រ​អី គាត់​មានការ​ជួបជុំ​ដែរ ប៉ុន្តែ​តូច​ហើយ​គាត់​ប្រយ័ត្នប្រយែង​ជាង​មុន​បន្តិច តែ​យើង​ឃើញ​ហើយ​នៅ នៅ​បន្ទប់​ជួល​អី ដូចជា​មិនមាន​ការវិវត្ត​អី​ល្អ​ទេ​»​។​


 
​លោក​បន្ថែមថា កម្មករ​ក៏​នៅ​បន្ត​ធ្វើដំណើរ​រួមគ្នា​ជា​ក្រុម​ដដែល ហើយ​រោងចក្រ​ក៏​មិនទាន់មាន​វិធានការ​ដាក់​ឲ្យ​ពួកគេ​នៅ​ចម្ងាយ​ឆ្ងាយ​ពីគ្នា​ផងដែរ​។ លោក​បន្តថា បើសិន​មានការ​ឆ្លង​ក្នុងចំណោម​កម្មករ​នោះ គឺ​ស្ថានការណ៍​នឹង​ពិបាក​គ្រប់គ្រង​។​
 
​លោក យង់ គិ​ម​អេង នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មានប្រសាសន៍ថា បើសិន​មានការ​ឆ្លង​ណាមួយ​កើតឡើង​ក្នុងពេល​ទទួលទាន​គ្រឿង​ស្រវឹង​ជុំគ្នា នោះ​ការឆ្លង​រីក​រាលដាល​ចៀស​មិន​ផុត​ទេ​។​
 
«​អ្នក​ដែល​ប្រជុំគ្នា​ផឹកស៊ី​នៅតាម​ភូមិ​ឃុំ​ហ្នឹង គឺជា​ហានិភ័យ​មួយ​ខ្ព​ស់បាទ​។ ហើយ​បើសិនជា​ពួកគាត់​នៅតែ​បន្ត​ការផឹកស៊ី​ទៀត ឬក៏​នៅ​ក្នុងនោះ​ចំណោម​នោះ​មាន​នរណា​ឆ្លង​ហើយ​ហ្នឹង គឺ​នឹង​ចម្លង​ទាំងអស់​។ ហើយ​អា​ហ្នឹងហើយ​គឺថា​ឆ្លង​ពី​ក្រុម​អ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង​បាទ គឺ​នឹងធ្វើ​ឲ្យ​សហគមន៍​យើង​ហ្នឹង គឺ​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​បាទ​ទៅ​ថ្ងៃ​អនាគត​បាទ​»​។​
 
​លោក​ក៏បាន​ជំរុញ​ឲ្យ​មានការ​កាត់បន្ថយ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ហើយ​ងាក​មក​បង្កើន​ការផ្សព្វផ្សាយ​ពី​វិធី​ការពារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ៊ីចឹង​ខ្ញុំ​ថា​ជា​វិធានការ​ដ៏​ប្រសើរ គឺ​ត្រូវតែ​មានការ​រឹតត្បិត ឬក៏​ការដាក់​កម្រិត​ទៅលើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅតាម​សហគមន៍ ឬក៏​ហាម​ការលក់ដូរ​នៅក្នុង​មួយរយៈ​ពេលនេះ​ទៅ​បាទ ក៏​ជាការ​ប្រសើរ​ដែរ​បាទ​»​។​
 
​លោក អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​និង​ការនាំចេញ​នៃ​ក្រុមហ៊ុន Khmer Brewery Limited មានប្រសាសន៍ថា ការបិទ​លក់​គ្រឿង​ស្រវឹង​មិនគួរ​កើតឡើង​នៅពេលនេះ​ទេ ពីព្រោះ​មិនទាន់មាន​ការឆ្លង​ជា​សហគមន៍​នៅឡើយ​។​
 
«​នៅក្នុង​កាលៈទេសៈ​ដូច​រាល់ថ្ងៃ​អ៊ីចឹង​ប៉ុណ្ណឹង​អត់​ទាន់​មានការ​ឆ្លង​រាលដាល​ជា​សហគមន៍​។ ការណ៍​ដែល​ទាមទារ​ឲ្យ​បិទ​លក់​គ្រឿង​ស្រវឹង​ហ្នឹង វា​អត់​បាន​ជួយ​ច្រើន​ទៅដល់​ការឆ្លង​រាតត្បាត​របស់​ជំងឺ​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​អ៊ីចឹង តែ​បើសិនជា​រាជរដ្ឋាភិបាល​មាន​វិធានការ​ថា​...​យើង​ត្រូវតែ​បិទ​អាហ្នឹង​ក៏​យើង​ធ្វើតាម​ហ្នឹង​ដែរ​»​។​
 
​ទោះជា​យ៉ាងណា លោក​ឲ្យ​ដឹងថា​ការលក់​ស្រា​បៀរ​របស់​ក្រុមហ៊ុន​លោក​បាន​ធ្លាក់ចុះ​ប្រមាណ​៣០​ភាគរយ​រួចទៅហើយ ដោយសារ​ពិធី​ជួបជុំ​ផ្សេងៗ​ត្រូវបាន​លុបចោល ដូចជា​ពិធី​រៀបការ​ជាដើម​។​
 
​ករណី​សរុប​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​នៅ​កម្ពុជា មាន​ចំនួន​សរុប ១២២ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​ខែមេសា​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៨​នាក់ ដែល​ស្មើ​ប្រមាណ ៨០​ភាគរយ​នៃ​អ្នក​ឆ្លង​ទាំងអស់​។​
 
​យោងតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ នៅលើ​ហ្វេ​ស​ប៊ុ​ក​កងកម្លាំង​ថ្នាក់មូលដ្ឋាន បាន​ផ្តើម​ចុះ​អប់រំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ជុំគ្នា ឬក៏​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ ចាក់​ភ្លេង​រំខាន​អ្នក​នៅក្នុង​សហគមន៍​។ កាលពី​ថ្ងៃទី​១៤ ខែមេសា កងកម្លាំង​នគរបាល​សង្កាត់​បឹ​ក​កក់​ទី​១ ក៏បាន​ចុះទៅ​ណែនាំ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​មួយក្រុម ដែល​ត្រូវគេ​រាយការណ៍​ថា​បាន​ចាក់ធុងបាស់​ច្រៀង​រំខាន​គេឯង​។​
 
​លោក គឹម ស៊ី​ណាត មេ​ប៉ុស្តិ៍​សង្កាត់​បឹ​ក​កក់​ទី​១ បាន​ប្រាប់ VOA ថា អាជ្ញាធរ​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ទើបត្រូវ​ចុះ​អប់រំ​ណែនាំ​មិន​ឲ្យ​មានការ​ជួបជុំគ្នា​ទទួល​ទាន​គ្រឿង​ស្រវឹង និង​បង្ក​ការរំខាន​ដល់​អ្នក​ក្បែរ​ខាងក្នុង​មូលដ្ឋាន​។​
 
​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់ VOA ថា សមត្ថកិច្ច​បាន​ខិតខំ​រឹតបន្តឹង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ និង​ការ​ពិសា​គ្រឿង​ស្រវឹង​ជុំគ្នា​។​
 
«​បិទ​លក់​មិន​បិទ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​គ្រប់គ្រង​ទៅតាម​មូលដ្ឋាន​បិទ​ការជួបជុំ​។ នែ៎​កាត់បន្ថយ​ការជួបជុំ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​អីហ្នឹង យើង​ការពារ​ខ្លាច​គាត់​ឆ្លង គាត់​អី​គ្នា​ហ្នឹង​ណា៎​!»
 
​ដោយឡែក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រជាពលរដ្ឋ​ត្រូវតែ​កាត់បន្ថយ​ការជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង​ជាមួយគ្នា​ដើម្បី​បញ្ចៀស​លទ្ធភាព​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។ លោក​រដ្ឋមន្ត្រី​ព្រមាន​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នឹង «​ត្រូវ​កប់​ចោល​ភ្លាមៗ​» តែម្តង​ដោយ​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ដូច​សព្វដង​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com