COVID-19
ជាតិ
មន្ត្រី​ជំនាញ ធ្វើតេស្ត​រក​COVID-19 លើក​ម្មករ ដែល​ត្រឡប់​ពី​ស្រុកកំណើត​វិញ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ
20, Apr 2020 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្មករ​ជា​រាប់ពាន់នាក់ ត្រូវបាន​មន្ត្រី​ជំនាញ​សុខាភិបាល ពិនិត្យ​ធ្វើតេស្ត​រក​មេរោគ​កូ​រ៉ូ​ណា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​នេះ​។​


 
​ការពិនិត្យ​លើ​សុខភាព​កម្មករ​ទាំងនោះ ដើម្បី​ទប់ស្កាត់​ជំងឺ​COVID-19 ក្រោយពី​ពួកគេ​ត្រឡប់​ពី​ស្រុកកំណើត​វិញ បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ កម្មករ​ទាំងនោះ នឹងត្រូវ​ដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន មុននឹង​អនុញ្ញាត​ឱ្យចូល​បម្រើការ​ងារ​វិញ​។ ការដាក់​ឱ្យនៅ​ដោយឡែក​នេះ ពួកគេ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​នោះទេ លើកលែងតែ​កម្មករ​ដែលមាន​ការអនុញ្ញាត​ទៅ​ស្រុកកំណើត​ត្រឹមត្រូវ ពី​ថៅកែ និង​និយោជិត ទើប​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ធម្មតា​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
​សូម​លោក​-​អ្នកនាង ទស្សនា​វីដេអូ​ខាងក្រោម​៖

 
 
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ត្រី​ជំនាញ​សុខាភិបាល បានធ្វើ​តេស្ត​លើក​ម្មករ​រោងចក្រ​ចំនួន​១០​ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​រកឃើញ​កម្មករ​២​នាក់ ចេញ​រោគ​សង្ស័យ​ជំវិញ​ករណី​កូ​វីដ​១៩​នេះ​។ បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ សំណាក​របស់​កម្មករ​ទាំងពីរ​នេះ ត្រូវបាន​យកទៅ​ពិ​និត្យនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ហើយ​។ ប៉ុន្តែ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​នៅទីណា​នោះ លោក ហេង សួរ មិនអាច​បញ្ជាក់​បានឡើយ ដោយ​ទុកជា​ការសម្ងាត់​។​
 
​ក្រសួង​ការងារ ក៏បាន​រៀបចំ​ឱ្យមាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ១០​កន្លែង ដោយ​រាយ​តាម​តំបន់​ដែលមាន​រោងចក្រ​ច្រើន​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដាក់​កម្មករនិយោជិត​ឱ្យនៅ​ដាច់ដោយឡែក ១៤​ថ្ងៃ​។​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនេះ​ត្រូវបាន​បែង​ចែកជា ២​កម្រិត ក្នុងនោះ​អគារ​ច​ត្តា​ឡី​ស័ក​កម្រិត​១ អាច​ស្នា​ក់បាន​លើសពី​១​នាក់ ហើយ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​នីមួយៗ អាចដាក់​មនុស្ស​សរុប​បាន​ប្រហែល ២,៥០០​នាក់​។ ចំណែក​អគារ​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្នុង​១​បន្ទប់​ស្នាក់នៅ​បានតែ​ម្នាក់​ប៉ុណ្ណោះ ។​
 
​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​១០​ទីតាំង​នោះ មាននៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​, អនុវិទ្យាល័យ​គោក​បញ្ជាន់​, សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២, វិទ្យាល័យ​ជម្ពូ​វ័​ន្ត​, អនុវិទ្យាល័យ​ដង្កោ​, វិទ្យាល័យ​ភ្នំពេញ​ថ្មី​, តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​, សាលាបឋមសិក្សា​ភូមិ​ឫស្សី និង​វិទ្យាល័យ​ឫស្សីកែវ​៕

Tag:
 COVID-19
  សេដ្ឋកិច្ច​
 ​កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com