COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ ពិចារណា​ដក​បម្រាម​គោចរ​នៅ​ចុងខែ​មេសា បើ​ស្ថានការណ៍ COVID-19 ធូរស្រាល​
20, Apr 2020 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​សម្រេច​ដកហូត​បម្រាម​គោចរ​ក្នុង​ខែ​នេះ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច ប្រសិនបើ​ស្ថានការណ៍​ការរីក​រាលដាល​ជំងឺ COVID-19 ធូរស្រាល​។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ (CCSA) ។

 
​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin នៅ​ថ្ងៃទី​២០ ខែមេសា គូសបញ្ជាក់ថា ការសម្រេចចិត្ត​ពាក់ព័ន្ធ​ការដកហូត​បម្រាម​គោចរ និង​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ នឹងធ្វើ​ឡើង​ដោយ​ផ្អែកលើ​ការវាយតម្លៃ​ស្ថានការណ៍​COVID-19 នាពេលខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​រដ្ឋាភិបាល​ថៃ បានដាក់​បទបញ្ជា​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស ចន្លោះ​ពី​ម៉ោង​១០​យប់​ដល់​៤​ព្រឹក ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៣០ ខែមេសា ខណៈ​អាជ្ញាធរខេត្ត បានដាក់​ចេញ​បញ្ជា​បិទទ្វារ​អាជីវកម្ម​មួយចំនួន​ដែល​ពុំ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​COVID-19​។​
 
​ជាមួយ​តួលេខ​អ្នក​ឆ្លង​COVID-19​បន្ត​ធ្លាក់ចុះ ចាប់តាំងពី​ចំណាត់ការ​រឹងត្អឹង​ទាំងនេះ​ត្រូវបាន​អនុវត្ត   ពលរដ្ឋ​ថៃ​ជាច្រើន​សង្ឃឹមថា រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​នេះ​នា​ដំណាច់​ខែមេសា​នេះ​។ ទាក់​ទិ​នឹង​បញ្ហា​នេះ លោកអ្នក​នាំពាក្យ Taweesilp អះអាងថា ខណៈ​ថ្ងៃទី​៣០ មេសា ខិតជិត​មកដល់ ការដកហូត​បម្រាម​នេះ អាចធ្វើ​ទៅរួច​អាស្រ័យ​លើ​កិច្ចសហការ​របស់​សាធារណជន​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា ទោះបីជា​ចំនួន​អ្នក​ឆ្លង​ថ្មី​បន្ត​ធ្លាក់ចុះ រដ្ឋាភិបាល​ថៃ​ចង់​ឲ្យ​តួលេខ​នេះ​ល្អ​ខ្លាំង​ជាង​នេះ​។  
 
​ឆ្លើយតប​នឹង​របាយការណ៍​ដែល​ហាង​ទំនិញ​ថៃ​ខ្លះ​នៅ​ថៃ ត្រៀមលក្ខណៈ​បើក​ដំណើរការ​ឡើងវិញ នា​ថ្ងៃ​១ ឧសភា លោក​វេជ្ជបណ្ឌិត Taweesilp បាន​លើកឡើងថា លោក ប្រា​យុទ្ធ ដែលជា​ប្រធាន CCSA នឹង​វាយតម្លៃ​ស្ថានការណ៍​COVID-19 នា​សប្តាហ៍​ចុងក្រោយ​នៃ​ខែមេសា​។ 
 
​សូមបញ្ជាក់ថា មន្ត្រី​សុខាភិបាល​ថៃ បាន​រាយការណ៍​ករណី​ឆ្លង​COVID-19​ថ្មី ត្រឹម​២៧​ករណី​ប៉ុណ្ណោះ ក៏ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​ឡើយ នា​ថ្ងៃរសៀល​ថ្ងៃ​ចន្ទ ២០ ខែមេសា​។ តួលេខ​ថ្ងៃ​ចន្ទ​នេះ គឺ​ទាប​ជាង​៥​ករណី បើ​ធៀប​នឹង​ថ្ងៃអាទិត្យ ទី​១៩ ខែមេសា ដែលមាន​៣២​ករណី​។ 
 
​តួលេខ​នេះដែរ ក៏​ជា​តួលេខ​អ្នក​ឆ្លង​ទាប​បំផុត ចាប់តាំងពី​ថ្ងៃទី​១៤ ខែមីនា​មក​។ ករណី​ហក់​ឡើង​ខ្ពស់បំផុត គឺ​១៨៨​នាក់ ដែល​រកឃើញ​នា​ថ្ងៃ​២២ ខែមីនា​។ បច្ចុប្បន្ន​ថៃ មាន​ករណី​ឆ្លង COVID-19 សរុប ២៧៩២​ករណី ក្នុងនោះ​ជាសះស្បើយ​មាន ១៩៩៩​នាក់ ខណៈ​អ្នកស្លាប់​សរុប​មាន​៤៧​នាក់​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com