បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
ជូ ជា​មាស ខំរៀន​បី​មហាវិទ្យាល័យ​ព្រោះ​ចង់​ធ្វើ​សវន​ករ
24, Oct 2013 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្ន មាន​យុវជន​មួយចំនួន បើទោះបីជា​ពួកគេ​បាន​រៀន​ដល់​ឆ្នាំ​ទី​ពីរ ឬ​ទី​បី​ទៅហើយ​ក្តី ក៏​ពួកគេ​ហាក់ដូចជា​មិនទាន់​ប្រាកដថា ពួកគេ​ចង់​ក្លាយជា​អ្វី​ដែរ​នៅពេល​រៀន​ចប់។ ប៉ុន្តែ​យុវជន ជូ ជា​មាស មិនមែនជា​មនុស្ស​ដែល​មានការ​រួញរា​ឡើយ។ និស្សិត​ជ័យលាភី​អាហារូបករណ៍​បី​មហាវិទ្យាល័យ​ព្រម​គ្នា​រូបនេះ បានកំណត់​វាសនា​រប​ស់​ខ្លួន​រួចហើយ​ថា នឹង​ក្លាយជា​សវន​ករ។


ជំនាញ​ជាស​វន​ករ ដែល​យុវជន ជា​មាស បាន​ឲ្យ​និយមន័យ​ថា ជា​អ្នក​ត្រូតពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុផ្សេងៗរបស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណាមួយ​នោះ គឺជា​អាជីព​ក្នុង​ក្តី​សុបិន​របស់​និស្សិត​វ័យ២១ឆ្នាំ​រូបនេះ នាពេល​អនាគត។

ជា​កូនកំព្រា​ឪពុក​តាំងពី​តូច ជា​មាស បានបញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ២០១០ ដោយ​ទទួលបាន​និ​ទ្ធេ​ស B នៅឯ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប។ ក្រោយពី​បានជា​ប់​បាក់​ឌុប​ភ្លាម ជា​មាស​បាន​ចូលរួម​ប្រកួតប្រជែង​យក​អាហារូបករណ៍​ជា​បន្តបន្ទាប់​របស់​រហូត​ដល់​ឈ្នះ​អាហារូបករណ៍​បី​ផ្ទួនគ្នា។

អាហារូបករណ៍​ទីមួយ​ដែល ជា​មាស បានទទួល​គឺ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ទី​ពីរ គឺ​អាហារូបករណ៍​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ពី​សាកលវិទ្យាល័យ​កម្ពុជា (UC) និង​ទី៣គឺ​អាហារូបករណ៍​ថ្នាក់​គណនេយ្យ​ពីសា​លា​ពាណិជ្ជកម្ម​ខេ​ម​អេ​ត (CamEd)។

មិនមែន​ដូច​ជាការ​លើកឡើងថា «ចាប់​នេះ​ចាប់​នោះ មិន​ឆ្ពោះ​ត្រង់ណា​នោះឡើយ»។ យុវជន​ដែល​ន​សប្បុរស បានបញ្ជាក់​ប្រាប់​ពី​ការ​ស្រ​វាចា​ប់រៀន​ទាំងបី​មហាវិទ្យាល័យ​របស់ខ្លួន​ថា៖ «ខ្ញុំ​ចង់​ចាប់យក​មុខវិជ្ជា​ដែល​ទាក់ទង​នឹង​ការគិត​លេខ​និង​ពាណិជ្ជកម្ម ដូច្នេះហើយ​បានជា​ធ្វើ​ឲ្យ​ខ្ញុំ​ខំ​ប្រឹងប្រែង​រៀន​រហូត​បាន​អាហា​រូ​ករ​ណ៍​ទាំងបី​ខាងលើ​ហើយ​ដែល​អាហារូបករណ៍​ពីរ​ក្នុង​បី​នោះ​គឺ​ទាក់ទង​នឹង​ជំនាញ​ពាណិជ្ជកម្ម​រួចទៅហើយ»។

ធ្លាប់មាន​ប្រវត្តិ​ជា​ក្មេង​វត្ត​ឧណ្ណាឡោម យុវជន​ថ្ពាល់ខួច​រូបនេះ​បាន​បន្ថែមទៀតថា សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ការរៀន​ជំនាញ​តែមួយ​មុខ​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ ដូច្នេះ​គេ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រក​ជំនាញ​ផ្សេង​ដែល​អាចជួយ​បំពេញ​សមត្ថភាព​របស់ខ្លួន។ បន្ថែម​ពីលើ​នេះ គេ​ត្រូវតែ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស​មួយទៀត​ដើម្បី​ជា​ជំនួយ​ដល់​ការសម្រេច​នូវ​ក្តី​សុបិន។

កញ្ញា ខាន់ សុ​គុំ​មនោ ដែលជា​មិត្ត​រួម​ថ្នាក់​របស់​ជា​មាស​នៅឯ​សាកលវិទ្យាល័យ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​ចរិតលក្ខណ​របស់​ជា​មាស​ថា “បើ​មើ​លពី​ខាងក្រៅ​គេ​ហាក់ដូចជា​មិន​ទំនង​ឧស្សាហ៍​ប៉ុន្មាន​ទេ ព្រោះ​គេ​តែង​ចំណាយពេល​ជជែក​លេង​ជាមួយ​មិត្តភក្តិ និង​ស្តាប់​ចំរៀង ក៍​ប៉ុន្តែ​ខ្ញុំ​គិតថា​ចំនុចខ្លាំង​របស់គាត់​នោះ​គឺ​គាត់​ពូកែ​រៀបចំ​និង​គ្រប់គ្រង​ពេលវេលា​សិក្សា​បានល្អ ពោលគឺ​ចំណាយពេល​សិក្សា​តិច​និង​ទទួលយក​ចំណេះ​ដឹងបាន​ច្រើន។ 

គួរបញ្ជាក់​ផងដែរ​ថា​យុវជន ជូ ជា​មាស គឺជា​អតីត​សិស្ស​ពូកែ​ដែល​បានទទួល​ពិន្ទុ​ខ្ពស់​ចំណាត់ថ្នាក់​លេខ​ប្រាំ​ទូទាំងប្រទេស​កាលពី​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១០ ។

លទ្ធផល​នេះហើយ​ដែល​ធ្វើ​ឲ្យ ជា​មាស បានទទួល​ប្រាក់ឧបត្ថម្ភ​ចំនួន១០០ដុល្លា​ជា​រៀងរាល់ខែ​រហូតមកដល់​បច្ចុប្បន្ន៕

អត្ថបទ​ដោយ រិ​ន សុ​ក្រិ​ត្យ



© រក្សាសិទ្ធិដោយ thmeythmey.com