COVID-19
អន្តរជាតិ
ប៉េកាំង ទាត់ចោល​ការលើកឡើង​របស់​ប្រមុខ​ការទូត​អូស្ត្រាលី​ថា ខ្លួន​គ្មាន​តម្លាភាព​ពី COVID-19
21, Apr 2020 , 2:04 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang នា​ថ្ងៃទី​២០ ខែមេសា បាន​ទាត់ចោល ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី​ដែល​ដាក់​ការសង្ស័យថា ចិន​គ្មាន​តម្លាភាព​ជុំវិញ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​ប្រភពដើម និង​ការរីក​សាយភាយ​។  អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា វា​មិនមែនជា​ការពិត ព្រោះ​ចិន បាន​បើកចំហ​ណាស់ ជុំវិញ​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។


​នា​ថ្ងៃទី​១៩ ខែមេសា លោកស្រី ម៉ា​រី​ស ផេ​ន (Marise Payne) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​ចោទសួរ​ពី​តម្លាភាព​របស់​ចិន ក្នុងការ​ដោះស្រាយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការរីក​សាយភាយ​ពី​ប្រភពដើម ក៏ដូចជា​ព័ត៌មាន​លំអិត​ផ្សេងទៀត​ទាក់ទង​កូ​រ៉ូ​ណាវី​រុស​។​
 
​ចិន បដិសេធ​ការលើកឡើង​នេះ​។ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាង​ថា ការលើកឡើង​របស់លោក​ស្រី ម៉ា​រី​ស ផេ​ន មិន​ផ្អែកលើ​ការពិត​ទេ​។ ចិន ពិតជា​បារម្ភ​ពី​ការរីក​សាយភាយ COVID-19 និង​ជំទាស់​ដាច់ខាត​ទៅនឹង​ការលើកឡើង​របស់​អូស្ត្រាលី​។ លោក Geng បាន​អះអាងថា ចាប់តាំងពី​ផ្ទុក COVID-19​មក ចិន​មិនដែល​បិទបាំង ឬ​លាក់​ព័ត៌មាន COVID-19 ឡើយ ព្រមទាំង​ឆ្លើយតប និង​មាន​តម្លាភាព​យ៉ាង​សមស្រប ក្នុងការ​ចាត់វិធានកា​រដោះ​ស្រាយ​បញ្ហា​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែមេសា អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ចិន​បាន​ចែករំលែក​ព័ត៌មាន COVID-19 ទៅ​អង្គការ​សុខភាព​ពិភពលោក ការចែករំលែក​សែន​វីរុស​ជាមួយ​ប្រទេស​ដទៃ ការដឹកនាំ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​។ 
 
​ដោយ​ផ្អែក​តាម​កិច្ចខិតខំ​កន្លងមក លោក Geng និយាយថា ការលើកឡើង​របស់​អូស្ត្រាលី​ថា ចិន​គ្មាន​តម្លាភាព គឺជា​រឿង​មិន​សមស្រប និង​មិន​គោរព​ទឹកចិត្ត​របស់​ប្រជាជន​ចិន ដែល​ខិតខំ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។ 
 
​ក្រៅពីនេះ អ្នកនាំពាក្យ​ចិន​រូបនេះ ក៏​សង្ឃឹម​ផងដែរ​ថា អូស្ត្រាលី នឹងមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន កាន់តែខ្លាំង​ជាង​មុន ដើម្បី​ពង្រឹង​ការទុកចិត្ត និង​ដោះស្រាយ​បញ្ហា​ជំងឺ​រលាក​សួត​នៅក្នុង​ប្រទេស​ទាំងពីរ​រួមគ្នា ជាជាង​ប្រឈមមុខ​ដាក់គ្នា​។ 
 
​សូមបញ្ជាក់ថា ការទាមទារ​របស់​អូស្ត្រាលី​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការរីក​សាយភាយ COVID-19 នេះ ធ្វើឡើង បន្ទាប់ពី​ចិន បាន​បញ្ចេញ​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​បន្ថែម​នៅក្នុង​ទីក្រុង​វូ​ហាន ដែលជា​ចំណុច​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដំបូង​៕ 

Tag:
 ចិន​
  អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com