COVID-19
អន្តរជាតិ
​ករណី​នៅ​សិង្ហ​បុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី បង្ហាញថា អាស៊ីអាគ្នេយ៍​ប្រឈម​នឹង COVID-19 កាន់តែ​ខ្ពស់​
21, Apr 2020 , 5:59 pm        
រូបភាព
ពលរដ្ឋនៅសិង្ហបុរី ឈរតម្រង់ជួរដកប្រាក់ពី ATM ដោយរក្សាគម្លាតសុវត្ថិភាព។ រូបថត AFP
ពលរដ្ឋនៅសិង្ហបុរី ឈរតម្រង់ជួរដកប្រាក់ពី ATM ដោយរក្សាគម្លាតសុវត្ថិភាព។ រូបថត AFP
​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែមេសា តួលេខ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​កើន​ឡើងជា​លំដាប់​។ ប្រទេស​នាំមុខគេ​គឺ សិង្ហ​បុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ម៉ាឡេស៊ី​។ ការកើនឡើង​យ៉ាង​លឿន​នៃ​តួលេខ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​អ្នកជំនាញ​មួយចំនួន ប៉ាន់ប្រមាណ​ថា​អាស៊ីអាគ្នេយ៍​អាចជា​ទីតាំង​ផ្ទុះ COVID-19 ថ្មី​។


 
​មកទល់ពេលនេះ តំបន់​អាស៊ីអាគ្នេយ៍​មាន​ករណី COVID-19​សរុប​ជាង ៣​ម៉ឺន​ករណី អ្នកស្លាប់​១១៧២​ករណី និង​អ្នកជា​សះស្បើយ ប្រមាណ​៧៩០០​ករណី​។ តាម​គិត​តួលេខ​សរុប​រួម​ប​ញ្ជូ​ល​គ្នា​រវាង​ប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​សិង្ហ​បុរី គឺមាន​ចំនួន​អ្នក​ផ្ទុក COVID-19 រហូតដល់ ៨៧,៩​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។ 
 
​សិង្ហ​បុរី​ដែលជា​រដ្ឋ​ដែល​តូច​មួយ​ក្នុង​តំបន់ មាន​ករណី​ឆ្លង​ជាង​៩​ពាន់ ខណៈ​ឥណ្ឌូណេស៊ី​ជាង​៦៧០០ ហ្វីលីពីន​ជិត​៦៥០០ ម៉ាឡេស៊ី​ជិត​៥៥០០ ថៃ​ជាង​២៨០០​។ វៀតណាម​មាន​២៦៨​ករណី ព្រុយ​ណេ​មាន​១៣៨​ករណី កម្ពុ​ជាមាន​១២២​ករណី មី​យ៉ាន់​ម៉ា​មាន​១១៩​ករណី ទី​ម័​រ​ខាង​កើតមាន​២២​ករណី និង​ឡាវ មាន​១៩​ករណី​។​
 
​បើទោះបីជា​តួលេខ​តំបន់​អាស៊ីអាគ្នេយ៍​នៅតែ​តិចជាង​អាមេរិក ឬ​តំបន់​អឺរ៉ុប​ឆ្ងាយ​មែន ប៉ុន្តែ​តំបន់​អាស៊ីអាគ្នេយ៍​អាចជា​ទីតាំង​ផ្ទុះ​ថ្មី ដោយសារ​ករណី​ជាច្រើន មិនទាន់​ត្រូវបាន​គេ​រកឃើញ ហើយ​COVID-19 នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ផ្សេងទៀត​យ៉ាង​លឿន ដែល​អាច​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​អ្នក​ផ្ទុក​ជំងឺ​ថ្មី​នេះ​។ ប្រទេស ដែល​គេ​បារម្ភ​ខ្លាំងជាងគេ​បំផុត គឺ​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​អាច​រងគ្រោះ​ដោយសារ​ជំងឺ​ប្រភេទ​ថ្មី​មួយ​នេះ​។ 
 
​បើតាម​លោក Simon Tay ប្រធាន​គោលនយោបាយ​សិង្ហ​បុរី នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ បាន​ប្រាប់​សារព័ត៌មាន CNBC ថា តំបន់​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 កើនឡើង​ខ្លាំង​។ ការណ៍​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​ចំនួន​ចាត់វិធានការ​ដោះស្រាយ​បន្ទាន់ ជាពិសេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី បានធ្វើ​តេស្ត​រក COVID-19 បាន​តិច​ណាស់​។ 
 
​តាមរយៈ​ការធ្វើ​តេស្ត​នៅ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី គឺមាន​ចំនួន​តិច​ណាស់ បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​របស់ខ្លួន​។ សម្រាប់​ហ្វីលីពីន ដែលមាន​ចំនួន​COVID-19 សរុប មាន​ចំនួន​ជាង ៦​ពាន់​ករណី បានធ្វើ​តេស្ត​ប្រជាជន​សរុប ៥៩៩២៨​ករណី ឬ​ស្មើនឹង ៥៤៧​នាក់ ក្នុងចំណោម​ប្រជាជន ១​លាន​នាក់​។ បើតាម​ការចុះផ្សាយ​រប​ស់​វែបសាយ Worldometer​ស ឥណ្ឌូណេស៊ី​វិញ បានធ្វើ​តេស្ត​ចំនួន ៤១៨១២​ករណី ឬ​ស្មើនឹង ១៦០​នាក់ ក្នុងចំណោម​ប្រជាជន​មួយ​លាន​នាក់​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី​ទាំងអស់ ដោយ​មិន​គិតពី​ទី​ម័​រ​ខាងកើត មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ធ្វើតេស្ត​រក COVID-19 តិចជាងគេ​បង្អស់ ពោល​គឺមាន​ត្រឹមតែ ៨៦​នាក់ ក្នុងចំណោម​ប្រជាជន ១​លាន​នាក់​ប៉ុណ្ណោះ​។ ចំណែក​សិង្ហ​បុរី គឺជា​ប្រទេស​ធ្វើតេស្ត បាន​ច្រើនជាងគេបង្អស់ ដោយមាន​ចំនួន ១៦២០៣ ក្នុងចំណោម​ប្រជាជន ១​លាន​នាក់​៕ 
 

Tag:
 អាស៊ីអាគ្នេយ៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com