COVID-19
អន្តរជាតិ
​គ្រួសារ​មួយ​នៅ​អូស្ត្រាលី​បង្កើត​ផ្សារ​ទំនើប​នៅផ្ទះ​ខ្លួនឯង​សម្រាប់​ម្តាយ​ជរា​ដែល​វង្វេងស្មារតី​
22, Apr 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
​លោកយាយ Hendrika van Genderen អាយុ​៨៧​ឆ្នាំ​ដែល​រស់នៅ​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី មាន​ជំងឺ​វង្វេងវង្វាន់​។ គាត់​តែងតែ​ទាមទារ​ឲ្យ​កូនចៅ​ជូនទៅ​ផ្សារ​ទំនើប​ជា​រៀងរាល់​សប្តាហ៍ ដោយ​មិន​បានដឹង​ពី​ការហាម​ប្រាម​ការធ្វើដំណើ​រ​ដោយសារ COVID-19 នោះឡើយ​។ ដើម្បី​ឲ្យ​គាត់​សប្បាយចិត្ត កូនចៅ​របស់គាត់​បាន​នាំគ្នា​យក​ទីតាំង​នៅផ្ទះ​ខ្លួន ច្នៃ​ជា​ផ្សារ​ទំនើប​។​

 
​មានឱកាស​ដើរ​ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​ទំនើប គឺជា​សុភមង្គល​របស់លោក​យាយ Hendrika van Genderen​។ ដោយសារ​គាត់​មាន​ស្មារតី​វង្វេងវង្វាន់ គាត់​មិន​ស្គាល់​ច្បាស់​ទីតាំង​ផ្សារ​នោះឡើយ ហើយ​តែងតែ​ឲ្យ​លោក Jason van Genderen ជូន​ទៅជា​រៀងរាល់​សប្តាហ៍​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន 7News Australia អមដោយ​ឃ្លី​ប​វីដេអូ ដែល​ត្រូវបាន​ថត​តាំងពី​ថ្ងៃទី​១០ ខែមេសា មក​។​
 
​លោក Jason បាន​អះអាងថា​៖ «​រៀងរាល់​សប្តាហ៍ គាត់​តែងតែមាន​កម្មវិធី​ដើរ​ផ្សារ ប៉ុន្តែ​យើង​មិនអាច​នាំ​គាត់​ទៅ​ដូច​មុន​បាន​នោះឡើយ​។ ទីបំផុត​យើង​ក៏​សម្រេចចិត្ត​យក​ទីតាំង​ផ្ទះ​ច្នៃ​ជា​ផ្សារ​ទំនើប សម្រាប់​គាត់​»​។​

 
 
​តាមរយៈ​ឃ្លី​ប​វីដេអូ លោក Jason សំដែង​ធ្វើជា​ជូន​ម្តាយ​ទៅ​ផ្សារ ដោយ​ភរិយា និង​កូនៗ​របស់លោក​នាំគ្នា​ធ្វើ​អ្នកលក់ និង​ចាំ​គិតលុយ​។ លោកយាយ Hendrika រីករាយ​យ៉ាងខ្លាំង ជាមួយនឹង​ការដើរ​ទិញ​ទំនិញ ប៉ុន្តែ​គាត់​មិនបាន​ចាប់អារម្មណ៍​ថា ទំនិញ​ទាំងនោះ ជា​អ្វី​នោះឡើយ​។​
 
​អូស្ត្រាលី​ដែល​ស្ថិតនៅក្នុង​ទ្វីបអូសេអានី មាន​ករណី​ឆ្លង COVID-19 ជាង​៦៦០០ ដែល​ក្នុងនោះ​ស្លាប់​ជាង​៧០​នាក់ និង​សះស្បើយ​ជិត​៤៧០០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com