COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Barca រកអ្នកឧបត្ថម្ភដាក់ឈ្មោះកីឡដ្ឋានថ្មី យកប្រាក់ជួយប្រឆាំង COVID-19
× Barcelona នឹងផ្តល់សិទ្ធិឲ្យអ្នកឧបត្ថម្ភដាក់ឈ្មោះ លើកីឡដ្ឋានរបស់ខ្លួនជាលើកដំបូង ហើយប្រាក់ចំណូលដែលទទួលបានពីការដាក់ឈ្មោះនេះ នឹងបរិច្ចាគទាំងអស់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19។
កីឡដ្ឋានរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ ដែលសព្វថ្ងៃមានឈ្មោះថា Camp Nou (ជាភាសាកាតាឡាន់) មិនធ្លាប់មានប្រវត្តិប្តូរឈ្មោះផ្សេងពីនេះឡើយ ចាប់តាំងពីបានបើកដំណើរការប្រើប្រាស់ពីឆ្នាំ ១៩៥៧ មក។
រហូតមកដល់ឆ្នាំ២០២០ ជាឆ្នាំដែលពិភពលោកជួបវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ម្ចាស់ជើងឯក La Liga រដូវកាលមុន បានរកវិធីថ្មីមួយដោយផ្តល់សិទ្ធិដាក់ឈ្មោះ លើកីឡដ្ឋានរបស់ខ្លួន ដើម្បីទទួលបានកម្រៃខ្លះ។ ថ្លៃឈ្នួលដែលទទួលបានពីកិច្ចព្រមព្រៀងឧបត្ថម្ភ ដែលចាប់ផ្តើមពីរដូវកាល ២០២០-២១ នឹងត្រូវចូលក្នុងមូលនិធិ Barca ទាំងអស់។
បើតាមសេចក្តីប្រកាសរបស់ក្លិបដែលមានមូលដ្ឋាននៅតំបន់ស្វយ័តកាតាឡូនានេះ ចំណូលដែលទទួលបានពីការឧបត្ថម្ភ នឹងត្រូវប្រើសម្រាប់គម្រោងស្រាវជ្រាវ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។
ក្លិបយក្សអេស្ប៉ាញមួយនេះបន្ថែមថា៖ «FC Barcelona និងមូលនិធិ Barca ចាត់ទុកស្ថានភាពនេះជាភាពចាំបាច់ ស្របពេលពិភពលោកកំពុងជួបវិបត្តិ ដូច្នេះក្លិបគួរតែប្រើប្រាស់ធនធានទាំងអស់របស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 និងផលវិបាករបស់វា»។
ក្រុម Barca មិនមានអ្នកឧបត្ថម្ភអាវរហូតដល់ឆ្នាំ ២០១០ នៅពេលដែលពួកគេចុះកិច្ចព្រមព្រៀងជាមួយមូលនិធិកាតា ទោះបីជាអង្គការ UNICEF បានបង្ហាញខ្លួននៅលើអាវរបស់ពួកគេតាំងពីឆ្នាំ ២០០៦ ក៏ដោយ។
អេស្ប៉ាញ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួនលើលោក ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ពោលគឺជាង ២០០០០ នាក់ និងឆ្លងជាង២សែននាក់ គិតត្រឹមថ្ងៃទី២២ ខែមេសានេះ៕
Tag:
COVID-19
Camp Nou
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com