COVID-19
កីឡាជាតិ
ជាតិ
ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ត្រូវបាន​លើក​ពេល​ទៅ​ឆ្នាំក្រោយ ដោយសារ​កូ​វីដ​-១៩
22, Apr 2020 , 9:29 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ដែល​គ្រោង​ធ្វើ​នៅ​ខែសីហា ឆ្នាំ​២០២០ នា​ខេត្តសៀមរាប នឹងត្រូវ​លើក​ពេល​ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ ដោយសារ​ការបារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

 
​ស្របពេល​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការ​រាតត្បាត នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី កម្ពុជា​បានសម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ឆ្នាំនេះ​។ ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំក្រោយ ពោលគឺ​ក្រោយ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ 
 
​នេះ​ជា​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ទី​២ បន្ទាប់ពី​កម្ពុជា បានសម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ភ្នំពេញ ដែល​គ្រោង​ធ្វើឡើង​នៅ​ខែមិថុនា ឆ្នាំ​២០២០​។ តាម​លោក វ៉ា​ត់ ចំរើន ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​មានការ​សំណូមពរ​ពី​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​។ លោក​បន្តថា អ្នក​ដែល​បាន​ចុះឈ្មោះ និង​បង់ថ្លៃ​ចូលរួម​ព្រឹត្តិការណ៍​នេះ​រួចហើយ គណៈកម្មការ​នឹង​រក្សាទុក រហូតដល់​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើងវិញ​។ ក្នុងន័យនេះ គឺ​អ្នក​ដែល​ចុះឈ្មោះ និង​បង់​ថវិកា​រួចហើយ​នៅ​ឆ្នាំនេះ ពុំ​ចាំបាច់​ចុះឈ្មោះ ឬ​បង់ប្រាក់​ម្តងទៀត​នោះទេ​។ 
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ បន្តទៀតថា សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប ដែល​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​រាប់ម៉ឺន​នាក់​ឲ្យ​ចូលរួម នា​អំឡុង​ខែធ្នូ កំពុងស្ថិត​ក្នុងការ​ពិចារណា ថា​តើ​គួររៀបចំ​នៅ​ឆ្នាំនេះ ឬ​ត្រូវ​លើក​ពេល ដូច​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ​។ តែ​យ៉ាងណា លោក វ៉ា​ត់ ចំរើន អះអាងថា ការផ្អាក ឬ​មិន​ផ្អាក វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៅពេលនោះ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​បាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ហើយ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១១០​នាក់​។ ដូច្នេះ​កម្ពុជា​នៅមាន​អ្នកជំងឺ​តែ​១២​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ កម្ពុជា​ពុំបាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ថ្មី​នោះឡើយ​៕



Tag:
 ម៉ារ៉ាតុន​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com