អន្តរជាតិ
ការផ្លាស់ប្តូរ​ទម្លាប់​មួយ​ភូមិ​ម្តងៗ ដើម្បី​កម្រិត​កាកសំណល់​របស់​ប្រទេស​ចិន​
23, Apr 2020 , 7:59 pm        
រូបភាព
នាង Chen Liwen មកពិនិត្យមើលធុងសំរាមកែច្នៃមួយ កាលពីខែកក្កដា ឆ្នាំ២០១៩។
នាង Chen Liwen មកពិនិត្យមើលធុងសំរាមកែច្នៃមួយ កាលពីខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​បរិស្ថាន​ម្នាក់ ដែល​មកពី​ភូមិតូច​មួយ​ក្នុងប្រទេស​ចិន ព្យាយាម​ដោះស្រាយ​បញ្ហា​សំរាម ដោយ​ការផ្លាស់ប្តូរ​ទម្លាប់​នៅក្នុង​មួយ​ភូមិ​ម្តងៗ​។​

 
​នៅពេលដែល Chen Liwen បាន​ត្រឡប់​ទៅ​ភូមិ​របស់​ឪពុកម្តាយ​នាង​នៅ​ខេត្ត Hebei វិញ ក្រោយពី​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​មក នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​អ្វីដែល​នាង​បានឃើញ​។​
 
​សំរាម​បាន​គ្របដណ្តប់​លើ​ទីកន្លែង​ដែល​នាង​ធ្លាប់បាន​លេង​កាលពី​នៅ​ក្មេង​។ ក្នុង​វ័យ ៣៦ ឆ្នាំ នាង​បានដឹងថា ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ ក៏ប៉ុន្តែ​ចំនួន​សំរាម​នៅក្នុង​ភូមិ Xicai បាន​បង្ហាញថា ភាពរុងរឿង​បាន​ផ្លាស់ប្តូរ​ទម្លាប់​សន្សំសំចៃ​ដល់​កម្រិតណា​។​
 
​អ្នកភូមិ​បាន​ផ្លាស់ប្តូរ​ពី​ការទិញ​ទំនិញ​ក្នុងស្រុក​ទៅ​ទិញ​តាម​អន​ឡាញ​។ ការធ្លាក់ចុះ​នូវ​ការធ្វើ​ស្រែចំការ និង​ចិញ្ចឹមសត្វ​តាម​គ្រួសារ​មានន័យថា កាកសំណល់​ចំណីអាហារ​ដែល​ពីមុន​ធ្លាប់ប្រើ​ជា​ចំណី​ជ្រូក មាន់ ទា គឺ​មិន​ត្រូវបាន​គេ​ធ្វើ​ដូច្នេះ​ទៀត​ទេ​។ កាកសំណល់​ទាំងនោះ ត្រូវបាន​ទុកចោល​ឲ្យ​ស្អុយរលួយ​។ ពីមុន​គេ គេ​បោះចោល​សម្លៀកបំពាក់​នៅពេល​ដែល​វាចា​ស់​ស្លៀកពាក់​លែងកើត តែ​ឥឡូវនេះ គេ​បាន​បោះចោល​សម្លៀកបំពាក់ ដែល​អាច​នៅ​ស្លៀក​ពាក់បាន ឬ ក៏​អាច​ឲ្យ​បន្តទៅ​អ្នកផ្សេង​បាន​។​
 
​ភូមិ​របស់​នាង Chen ឆ្លុះបញ្ចាំង​ពី​ប្រទេសជាតិ​ទាំងមូល​។ នៅ​ទសវត្សរ៍ ១៩៨០ ប្រទេស​ចិន​ដែល​នៅ​ក្រីក្រ​នៅឡើយ មាន​កាកសំណល់​ប្រមាណ ៣០ លាន​តោន ជា​រៀងរាល់ឆ្នាំ​។ មកដល់​ត្រឹម​ឆ្នាំ ២០១៧ ប្រទេស​ចិន​មាន​សំរាម ២១៥ លាន​តោន បើ​ប្រៀបធៀប​ទៅនឹង​សំរាម​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ចំនួន ២៦៨ លាន​តោន​នៅ​ឆ្នាំ​នោះ​។ ធនាគារពិភពលោក​ប៉ា​ន់​ប្រមាណ​ថា នៅ​ឆ្នាំ ២០២៥ ប្រទេស​ចិន​នឹងមាន​សំរាម ៥០០ លាន​តោន​ជា​រៀងរាល់ឆ្នាំ​។​
 
​ចាប់តាំងពី​ពេល​ទៅលេង​ផ្ទះ​នៅ​ឆ្នាំ ២០១៧ នោះមក នាង Chen ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​បរិស្ថាន បានចាប់ផ្តើម​ចាត់វិធានការ​ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​ប្រទេស​ចិន​មាន​ភាពប្រសើរឡើង ដោយ​នាង​ធ្វើ​ក្នុង​មួយ​ភូមិ​ម្តងៗ​។ បើតាម​គំនិត​របស់​នាង ការធ្វើ​ដូច្នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​ចិន​គ្មាន​កាកសំណល់​។ ជាក់ស្តែង ការកាត់បន្ថយ​ការប្រើប្រាស់ ការប្រើប្រាស់​របស់រប​រណា​មួយ​ឡើងវិញ និង​ការកែច្នៃ​កាកសំណល់ គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​។​
 
​នាង Chen ដឹងថា ការធ្វើ​កិច្ចការ​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ នាង​បានចាប់ផ្តើម​សិក្សា​ផ្នែក​បរិស្ថាន ពេល​នៅ​ជា​និស្សិត​បរិញ្ញាប័ត្រ បន្ទាប់មក​នាង​បានធ្វើការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ការបំពុល​ខ្យល់ និង​ទឹក​នៅ​ប្រទេស​ចិន រហូតដល់​ពេលដែល​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ University of Southern California ក្នុង​ឆ្នាំ ២០១៥​។​
 
​នៅ​ខែកក្កដា​ឆ្នាំ ២០១៧ នាង​បាន​បង្កើត​អង្គការ​មួយ​ឈ្មោះថា ភូមិ​គ្មាន​សំរាម ឬ Zero Waste Village ដែលជា​អង្គ​ការមិន​រកប្រាក់​កម្រៃ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ជាមួយ​ក្រុម​របស់​នាង អង្គការ​នោះបាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាជន​ក្នុងការ​បោះចោល​សំរាម​នៅ​ភូមិ Xicai​។​
 
​ក្រុម​នេះ​បាន​រើស​កំប៉ុង​ពី​គំនរ​សំរាម​នៅតាម​ទីសាធារណៈ ដែលជា​សកម្មភាព​មួយ​ដែល​បញ្ឈប់​អ្នកភូមិ​មិន​ឲ្យ​បោះ​សំរាម​ចោល​តាម​ទំនើងចិត្ត​។​
 
​ក្រុម​របស់​នាង Chen នេះ បាន​ចែកចាយ​ធុង​ពណ៌​បៃតង​សម្រាប់​ដាក់​កាកសំណល់​ដែល​អាច​ច្នៃ​ទៅជា​ជីកំប៉ុស និង​ធុង​ពណ៌​លឿង​សម្រាប់​ដាក់​កាកសំណល់​ផ្សេងៗ​ទៀត​។ សមាជិក​ក្រុម​នេះ​បាន​ចុះទៅ​តាម​ផ្ទះ​ចំនួន ៤៨០ ខ្នង​នៅ​ភូមិ Xicai ដើម្បី​ពន្យល់​អំពី​វិធី​ល្អ​បំផុត​ក្នុងការ​បែងចែក​សំរាម​។​
 
​នាង Chen បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖ «​ការបែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវការ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជារួម​មួយ ហើយ​រឿងនេះ ងាយ​នឹង​សម្រេចបាន​នៅក្នុង​ភូមិ​ជាង​នៅតាម​ទីក្រុង​ធំៗ​»​។​
 
​ដោយ​ទទួលស្គាល់​អំពី​ឥទ្ធិពល​នៃ​ការដាក់​សម្ពាធ​ជា​ក្រុម នាង Chen ថ្លែងថា​៖ «​នៅតាម​ភូមិ​មាន​មនុស្ស​តិចជាង​នៅ​ទីក្រុង ហើយ​ពួកគេ​ស្គាល់គ្នា​នៅក្នុង​ភូមិ​»​។​
 
​នៅតាម​ភូមិ​មាន​ដី​ទូលាយ ដូច្នេះ​ការធ្វើ​ជីកំប៉ុស​ពី​កាកសំណល់​ដែល​គ្មាន​ជាតិគីមី​គឺ​មិនមាន​ក្លិនស្អុយ ឬ រញ៉េរញ៉ៃ ដូច​នៅក្នុង​ទីក្រុង​ដែលមាន​មនុស្ស​រស់នៅ​យ៉ាង​កកកុញ​នោះទេ​។​
 
​នាង Chen បាន​ថ្លែងបន្ត​ក្នុង​សម្តី​ដើម​ថា​៖ «​ភូមិ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​មែនទែន​។ អ្នកភូមិ​គាំទ្រ​ដល់​កិច្ចការ​របស់​ពួកយើង​ជាខ្លាំង​»​។​
 
​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​នាង Chen កើតឡើង​ស្រប​ពេលដែល​ប្រទេស​ចិន​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​លើ​បញ្ហា​សំរាម​។ កាលពី​ខែកក្កដា ឆ្នាំ ២០១៧ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កែប្រែ​ទាំងស្រុង​នូវ​កម្មវិធី​កែឆ្នៃ​កាកសំណល់​ដើម្បី​ប្រើប្រាស់​ឡើងវិញ​នៅ​ទូទាំង​ពិភពលោក ដោយបាន​បិទ​ស្ទើរតែ​ទាំងអស់​មិន​ឲ្យ​មានការ​នាំចូល​កាកសំណល់​មក​ក្នុងប្រទេស​ចិន ដែល​ធ្លាប់ជា​ទីផ្សារ​ឧស្សាហកម្ម​សំរាម​ដ៏​ធំ​បំផុត​។​
 
​ឯកសារ​របស់​រដ្ឋាភិបាល​ចិន​ដែល​បញ្ជូនទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានសរសេរថា​៖ «​ដើម្បី​ការពារ​ផលប្រយោជន៍​បរិស្ថាន និង​សុខភាព​ប្រជាជន​ចិន យើង​ត្រូវ​កែសម្រួល​ជាបន្ទាន់​នូវ​បញ្ជី​កាកសំណល់​រឹង​ដែល​បាន​នាំចូល ហើយ​ហាមឃាត់​ការនាំ​ចូល​នូវ​កាកសំណល់​រឹង​ដែលមាន​ការបំពុល​ខ្លាំង​»​។​
 
​វិធានការ​នេះ​បានធ្វើ​ឡើង​ស្រប​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​។ រោងចក្រ​បំពុលបរិស្ថាន​រាប់ម៉ឺន​កន្លែង​ត្រូវបាន​បិទ​នៅក្នុង​កិច្ចប្រឹងប្រែង​មួយ ដើម្បី​ទប់ស្កាត់​ការខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​
 
​រដ្ឋាភិបាល​បាន​លើកកម្ពស់​ថាមពល​កកើត​ឡើងវិញ ហើយ​នៅពេលដែល​លោក ស៊ី ជីន​ពីង ថ្លែង​នៅឯ​សមាជជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ លោក​បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន «​ការអភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ... ហើយ​និង​ការ​ងាក​ចេញពី​និន្នាការ​ដែល​មិន​យកចិត្តទុកដាក់​លើ​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការការពារ​បរិស្ថាន​»​។​
 
​គោលនយោបាយ​ដាវ​ជាតិ​របស់​ប្រទេស​ចិន ដែល​បាន​អនុវត្ត​នៅ​ខែមករា ឆ្នាំ​២០១៨ បាន​ហាមឃាត់​ការ​នាំចូល​ផលិតផល​ដែល​អាច​កែឆ្នៃ​បាន និង​កាកសំណល់​រឹង​ចំនួន ២៤ ប្រភេទ ដែល​ក្នុងនោះ​រួមមាន ផ្លា​ស្ទិ​ក ផលិតផល​ធ្វើ​ពី​ក្រដាស ស្លាក​សញ្ញា​ធ្វើ​ពី​ដែក វាយ​ន​ភណ្ឌ​ជាច្រើន​ប្រភេទ និង​របស់របរ​ផ្សេងៗ​ទៀត​។​
 
​មួយឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ ២០១៩ ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​របស់​ប្រទេស​ចិន បានប្រកាសថា បញ្ជី​ហាមឃាត់​នឹង​ពង្រីក​ដល់ ៣២ ប្រភេទ រួមមាន ផ្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​ហើយ​ដូចជា ដបទឹកក្រូច និង​ដប​ទឹកជា​ដើម​។​
 
​ការផ្តួចផ្តើម​ដែល​មិន​គិតពី​ប្រាក់កម្រៃ​មួយ​ឈ្មោះថា China Water Risk ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​ដដែល​នោះ​ផងដែរ ប្រទេស​ចិន​បានប្រកាស​អំពី​ផែនការ​លើកកម្ពស់​កម្ម​វិធី​គ្មាន​កាកសំណល់​នៅក្នុង​ទីក្រុង​ចំនួន ១០ ដូចជា​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ​ជាដើម ក្នុង​គោលបំណង​កាត់បន្ថយ​ចំនួន​កាកសំណល់​រឹង​ចេញពី​តាម​ផ្ទះ រោងចក្រ​ឧស្សាហកម្ម មន្ទីរពេទ្យ និង​ប្រភព​ផ្សេងៗ​ទៀត ខណៈដែល​លុបបំបាត់ចោល​នូវ​ការចាក់សំរាម​ខុសច្បាប់​។​
 
​រហូតមកដល់​ឆ្នាំ ២០១៩ នោះ ក្រុម​របស់​នាង Chen នៅក្នុង​អង្គការ Zero Waste Village បាន​កាត់បន្ថយ​សំរាម​នៅក្នុង​ភូមិ Xicai ចំនួន​ជាង ៧០ ភាគរយ ក្នុង​រយៈពេល ៦ ខែ​។ ក៏ប៉ុន្តែ ភូមិ Xicai មាន​ប្រជាជន​តែ ១.៦០០ នាក់​ប៉ុណ្ណោះ ដែល​មិន​ស្មើនឹង ១ ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ទីក្រុង​ប៉េកាំង​ផង​។​
 
​នៅ​ចម្ងាយ​ប្រមាណ​ជា ២០០ គីឡូម៉ែត្រ​ខាងជើង​ភូមិ Xicai ទីក្រុង​ប៉េកាំង​បាន​ប្រមូល​សំរាម​ប្រមាណ​ជា ១០ លាន​តោន​ក្នុង​ឆ្នាំ ២០១៨ ដែលជា​ទម្ងន់​ស្មើនឹង​អគារ Empire State ក្នុង​ទីក្រុង​ញូវយ៉ក ចំនួន ៣០​ដង​។​
 
​ការស្ទង់មតិ​មួយ​កាលពី​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន Vanke Foundation and Dataway បាន​បង្ហាញថា តិចជាង ២៨ ភាគរយ​នៃ​ពលរដ្ឋ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៣.៦០០ នាក់ ដែល​ចូលរួម​ក្នុង​ការស្ទង់មតិ ដឹង​ពី​របៀប​បែងចែក​កាកសំណល់​អារ​ហារ​ចេញពី​កាកសំណល់​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​។ ការស្ទង់មតិ​នេះ បាន​ធ្វើឡើង​នៅក្នុង​សហគមន៍​ចំនួន ១០២ នៅក្នុង​ទីក្រុង​ចំនួន ១៧ ដូចជា​ទីក្រុង​ប៉េកាំង សៀង​ហៃ និង​ក្វាង​ចូ​វ​ជាដើម​។​
 
​ឥឡូវនេះ រដ្ឋបាល​រដ្ឋធានី​ប៉េកាំង​កំពុង​ព្យាយាម​ដាក់ចេញ​នូវ​ការកែ​ប្រែជា​លើកដំបូង​របស់ខ្លួន​នូវ​ច្បាប់​ឆ្នាំ ២០១២ ស្តីអំពី​សំរាម​។ ឥឡូវនេះ ពលរដ្ឋ​ត្រូវ​បែងចែក​កាកសំណល់​របស់​ពួកគេ​ទៅតាម​ប្រភេទ ដូចជា​កាកសំណល់​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ កាកសំណល់​អាហារ កាកសំណល់​មាន​គ្រោះថ្នាក់ និង​ប្រភេទ​កាកសំណល់​ផ្សេងៗ​ទៀត​។​
 
​ការខកខាន​មិនបាន​អនុវត្ត​តាមច្បាប់ អាច​មានន័យថា នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ២០០ យ័ន ដែល​ស្មើនឹង​ប្រមាណ​ជា ៣០ ដុល្លារ​អាមេរិក​។ ប្រាក់ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់ៗ​នៅ​ទីក្រុង​ប៉េកាំង​គឺ​ប្រមាណ​ជា ៦៨.០០០ យ័ន ដែល​ស្មើនឹង​ប្រហែលជា ៩.៨៧០ ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ក្រុង​ប៉េកាំង​។​
 
​អ្នកស្រី Lin Xudan អាយុ ៦២ ឆ្នាំ ជា​អ្នក​រស់នៅក្នុង​សង្កាត់ Chaoyang ក្នុង​ទីក្រុង​ប៉េកាំង​។ អ្នកស្រី​បាន​និយាយថា អ្នកស្រី​មិនបាន​ឃើញ​មនុស្ស​ផ្លាស់ប្តូរ​អាកប្បកិរិយា​ឡើយ​។​
 
​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​មាន​ធុងសំរាម​នៅ​ជាន់​ក្រោម​ដែលមាន​មាន​ធុង​សម្រាប់ «​សំរាម​» និង​ធុង​សម្រាប់​កាកសំណល់ «​កែច្នៃ​ឡើងវិញ​» ប៉ុន្តែ​គ្មាន​នរណាម្នាក់​បោះ​សំរាម​ឲ្យ​ត្រូវ​ទៅតាម​ធុង​នោះទេ​។​
 
​នេះ​អាចជា​បញ្ហា​នៃ​ទំហំ ដែលជា​អ្វីដែល​នាង Chen ទទួលស្គាល់​នៅពេលដែល​នាង​ទៅ​អប់រំ​ប្រជាជន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ គឺ​ត្រូវ​ប្រាប់​អំពី​ការបោះ​សំរាម​ឲ្យ​ត្រូវ​ទៅតាម​ធុង​។​
 
​នាង Chen បាន​ថ្លែងបន្ត​ក្នុង​សម្តី​ដើម​ថា​៖ «​ការដោះស្រាយ​បញ្ហា​សំរាម​នៅ​ប្រទេស​ចិន​នឹងត្រូវ​ចំណាយពេល​រាប់​ឆ្នាំ ហើយ​ឥឡូវនេះ​អ្វីដែល​យើង​កំពុង​ធ្វើ គឺជា​ជំហាន​ដំបូង​។ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មាន​សំរាម​មក​គរ​ដូច​មុន នោះ​យើង​ត្រូវធ្វើ​ឲ្យ​ការ​បោះចោល​សំរាម​បាន​ត្រឹមត្រូវ ក្លាយជា​ទម្លាប់ មិនមែនជា​ច្បាប់​នោះទេ​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com