COVID-19
កីឡាជាតិ
ជាតិ
កូ​វីដ​-១៩ កំពុង​វាយប្រហារ​ជីវភាព​គ្រួសារ​របស់​កីឡាការិនី នៅ ស្រី​ពៅ​
23, Apr 2020 , 8:29 pm        
រូបភាព
ដោយ:
​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​បានធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បង្ខំចិត្ត​ផ្អាក ឬ​លើក​ពេល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​របស់ខ្លួន​។



ព្រឹត្តិការណ៍​ប្រដាល់​កម្រិត​អន្តរជាតិ ក៏ត្រូវ​បាន​ផ្អាក​ដោយសារ​ជំងឺ​នេះ​ផងដែរ​។ កត្តា​នេះ​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​កីឡាការិនី នៅ ស្រី​ពៅ ដែលមាន​ប្រាក់ចំណូល​ពឹង​ផ្អែកលើ​ការឡើង​សង្វៀន​ប្រដាល់​នៅក្រៅ​ប្រទេស​។ 
 
​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​កីឡាការិនី នៅ ស្រី​ពៅ បាន​ខកខាន​ក្នុងការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​លំដាប់​អន្តរជាតិ​សម្រេច​ផ្អាក និង​លើក​ពេល​ប្រកួត ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការផ្អាក ឬ​លុបចោល​ការប្រកួត​នេះ បានធ្វើ​ឲ្យ​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​រូបនេះ បាត់បង់​ប្រាក់ចំណូល​រាប់ពាន់​ដុល្លារ​នៅ​ឆ្នាំនេះ​។ 
 
​តាម​គម្រោង​នៅ​ឆ្នាំនេះ ស្រី​ពៅ គ្រោង​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ជប៉ុន និង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ក្នុង​ព្រឹត្តិការណ៍ World Lethwei Championship(WLC) ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​ជា​អកុសល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​ទាំងនេះ​ត្រូវ​ផ្អាក ដោយ​លើក​ពេល​ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ​។ 


កីឡាការិនី នៅ ស្រីពៅ (ស្តាំ)ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE កាលពីពេលកន្លងទៅ
 
​បើតាម​កីឡាការិនី នៅ ស្រី​ពៅ សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​នៅ​ប្រទេស​ថៃ ដែល​គ្រោង​ចូលរួម​ពី​៣​ទៅ​៤​ប្រកួត នាង​អាច​ទទួលបាន​តម្លៃ​ពលកម្ម​ចន្លោះ​ពី​៧០០​ទៅ​៨០០​ដុល្លារ ខណៈ​នៅ​ប្រទេស​ជប៉ុន​ចន្លោះ​ពី​១​ពាន់​ទៅ​១,៣០០​ដុល្លារ​។ ចំណែក​ព្រឹត្តិការណ៍​ប្រដាល់ WLC រូបគេ​អាច​ទទួលបាន​តម្លៃ​ខ្លួន​ចាប់ពី​១,៥០០​ដុល្លារ​ឡើងទៅ​។​
 
​ការខកខាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស គួបផ្សំ​នឹង​ការពន្យា​ពេល​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​អាចធ្វើ​ឲ្យ​ម្ចាស់​ជ័យលាភី​អ្នក​ប្រដាល់​ស្រី​ឆ្នើម​ប្រចាំ​ស្ថាប័ន WLC រូបនេះ ជួប​ការលំបាក​ផ្នែក​ជីវភាព​នៅ​ឆ្នាំនេះ​។ ដ្បិត​ប្រាក់ចំណូល​ដែល​ផ្គត់ផ្គង់​គ្រួសារ គឺ​រូបគេ​ពឹងផ្អែក​ទាំងស្រុង​លើ​ការឡើង​សង្វៀន និង​វិស័យ​កីឡា​។ នៅ​កម្ពុជា ស្រី​ពៅ ពុំ​សូវ​មាន​ទីផ្សារ​ប្រកួត​នោះទេ ដ្បិត​សង្វៀន​ប្រដាល់​ភាគច្រើន​នៅ​កម្ពុជា​សុទ្ធសឹង​ជា​បុរស​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​រូបនេះ​បាន​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្នាំនេះ គេ​លុបចោល​ការប្រកួត​អស់​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ការពិបាក ព្រោះ​ជីវភាព​គ្រួសារ​ខ្ញុំ​ពឹង​ផ្អែកលើ​សង្វៀន​ប្រដាល់​នៅក្រៅ​ប្រទេស ដោយសារ​កម្ពុជា​យើង​ពុំ​សូវ​មាន​គូប្រកួត​ជា​ស្ត្រី​។  មិនដឹង​ពេលណា​ជំងឺ​កូ​វីដ​-១៩​បាត់ទៅ​វិញ​ទេ បើ​បន្ត​តែ​បែបនេះ​ទៀត គ្រួសារ​ខ្ញុំ​ប្រហែលជា​ដាច់បាយ​មិន​ខាន ព្រោះ​មានតែ​ចំណាយ អត់​មាន​ចំណូល​»​។​
 
​នៅ ស្រី​ពៅ ហាក់​ជោគជ័យ​ខ្លាំង​នៅលើ​ឆាក​អន្តរជាតិ នាង ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក ONE Championship ចំនួន​ពីរលើក​ក្នុងនោះ​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige ដោយ​ពិន្ទុ តែ​ចាញ់​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol​។ អ្វីដែល​កាន់តែ​អស្ចារ្យ​កីឡាការិនី​រូបនេះ បាន​យកឈ្នះ​កីឡាការិនី​មី​យ៉ាន់​ម៉ា​ពីររូប​ក្នុង​ព្រឹត្តិការណ៍ World Lethwei Championship នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​នាង​ក្លាយជា​កីឡាការិនី​ឆ្នើម​ប្រចាំ​ស្ថាប័ន WLC៕   

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  នៅ ស្រី​ពៅ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com