ជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​៖ ទឹកស្អាត​នៅ​ភ្នំពេញ មាន​គុណភាព​ខ្ពស់​ដូច​ទឹក​នៅ​ទីក្រុង​តូ​ក្យូ​
23, Apr 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ មានគុណ​ភាព​ដូច​ល្អ​ដូច​ទឹកស្អាត នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី​២៣ មេសា​។​


​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​រូបនេះ បាន​បញ្ជាក់ថា ទឹកស្អាត​ដែល​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ទីក្រុង​សៀមរាប គឺ​សុទ្ធតែ​អាច​យក​ផឹក​បាន​ទាំងអស់ ព្រោះ​វា​គុណភាព​ល្អ មិន​ចាញ់​ទឹកស្អាត​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ឡើយ​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​ក្រសួង នាទី​ស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សុខ​គង់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សូមជម្រាបថា ទឹក​នៅ​រាជធានី​ភ្នំពេញ ជាប់​គុណ​ភាពជា​ទឹក​ល្អ ល្អ​មែនទែន​រហូត​ទៅដល់​ស្មើនឹង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ហើយ​ទឹក​ដែល​ចេញ​មកពី​រ៉ូ​ប៊ី​ណេ គឺ​យើង​អាច​ផឹក​បាន​ផ្ទាល់​តែម្តង នៅ​សៀមរាប​ដូចគ្នា​។ អញ្ចឹង​ហើយ​គុណភាព​ទឹក​នៅ​កម្ពុជា​យើង​ខ្ពស់​មែនទែន ដែល​យើង​ជំរុញ​ត​ភ្ជាប់​ទៅដល់​រដ្ឋាករទឹក​ដទៃ​ទៀត​»​។​
 
​បើតាម​លោក សុខ​គង់ ទឹក​ដែល​ហូរ​កាត់​ប្រព័ន្ធ​បំពង់​ទុយោ​នេះ មាន​ការធ្វើ​ប្រព្រឹត្ត​កម្ម​ច្បាស់លាស់ ។ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​រូបនេះ មិនអាច​រៀបរាប់​ពី​ការធ្វើ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ​ដល់​មហាជន​បានទេ ព្រោះ​វា​មាន​ច្រើន​ដំណាក់កាល​វែងឆ្ងាយ​ណាស់​។ ប៉ុន្តែ​អ្វីដែល​លោក ហេង សុខ​គង់ អាច​ជម្រាប​បាន​ត្រួសៗ​នោះ ត្រង់​ថា ទឹកស្អាត​មិនមែន​ត្រឹមតែ​ដាក់​សាច់ជូ​ធ្វើ​ឲ្យ​ទឹកថ្លា ហើយ​អាច​យកទៅ​ប្រើប្រាស់​បានទេ ប៉ុន្តែ​វា​ត្រូវការ​សម្លាប់​មេរោគ ការដកចេញ​សារធាតុ​គីមី រ៉ែ រួមទាំង​ត្រូវ​ការដាក់​ប្រព័ន្ធ​សម្រាប់​ដកចេញ​មេរោគ​ផ្សេងៗ​ទៀតផង​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​រោងចក្រ​ផលិត​ទឹកស្អាត​ទូទាំងប្រទេស​ចំនួន​២៩០​កន្លែង ដោយ​ក្នុងនោះ មាន​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ និង​សៀមរាប​របស់​រដ្ឋ​មាន​ចំនួន​១១ និង​រដ្ឋាករទឹក​ឯក​ជន​របស់​អង្គការ World Bank ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សុខ​គង់​។​
 
​បើតាម​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​រូបនេះ បរិមាណ​ផលិត​ទឹកស្អាត​ទូទាំងប្រទេស កើនឡើង​ដល់ ៣៤៦,៩២១,០១៦​ម៉ែត្រគូប ក្នុង​ឆ្នាំ​២០១៩ ។ ចំនួន​នេះ​កើន​លើស​ឆ្នាំ​២០១៨ ចំនួន​៣៩,១៦៨,៧៥៤​ម៉ែត្រគូប​។ បរិមាណ​ទឹក​ស្អា​ច អាច​គ្របដណ្ដប់​ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​នៅ​ទីប្រជុំជន​ទូទាំងប្រទេស​ជា​មធ្យម ៥៦.៣៧​ភាគរយ ខណៈ​រាជធានី​ភ្នំពេញ សម្រេចបាន​ជាង​៨៥​ភាគរយ​៕

Tag:
 ទឹកស្អាត​
  ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com