អាងហែលទឹកពហុកីឡដ្ឋានជាតិបានបញ្ចប់ការស្តារ និងជួសជុលជាស្ថាពរហើយ ដោយចំណាយថវិកាជិត៣លានដុល្លារ។ អាងហែលទឹកនេះអាចផ្ទុកអ្នកទស្សនាជាង១ពាន់នាក់។
ក្រោយចំណាយអស់រយៈពេលជាង១ឆ្នាំ ពោលគឺតាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ អាងហែលទឹកពហុកីឡដ្ឋានជាតិបានបញ្ចប់ការជួសជុល និងស្តារឡើងវិញជាស្ថាពរ។ តាមគម្រោងអាងហែលទឺកនេះ គ្រោងបញ្ចប់ការជួសជុលនិងស្តារឡើងវិញត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩។
បើតាមលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ហាយឺតយ៉ាវនេះ គឺបណ្តាលមកពីសហព័ន្ធបានកែប្រែសម្ភារបច្ចេកទេសមួយចំនួន ដើម្បីធ្វើឲ្យអាងហែលទឹកនេះមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យការជួសជុលកន្លែងខ្លះត្រូវចំណាយពេលច្រើនជាងការគ្រោងទុក។
ការជួសជុលនិងស្តារឡើងវិញនេះ សហព័ន្ធបានចំណាយថវិកាអស់ជិត៣លានដុល្លារ ខណៈតាមការវាយតម្លៃដំបូងគ្រោងចំណាយថវិកាប្រមាណតែ២លានដុល្លារតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានពេលចុះត្រួតពិនិត្យអាងហែលទឹកពហុកីឡដ្ឋានជាតិនៅព្រឹកថ្ងៃទី២៣ មេសា នេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ដូច្នេះថា៖«យើងប្រើអស់រយៈពេល១៨ខែក្នុងការជួសជុល ហើយយើងចំណាយអស់ថវិកាជិត៣លានដុល្លារ។ យើងជួសជុលផង និងពង្រីកផង»។

ពីមុនអាងហែលទឹកពហុកីឡដ្ឋានជាតិមានបណ្តោយ៥០ម៉ែត្រ ទទឹង២១ម៉ែត្រ និងមាន៨គន្លង តែក្រោយការជួសជុលនិងស្តារឡើងវិញអាងហែលទឹកនេះមានទទឹង២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ និងមាន១០គន្លង ដែលស្របតាមស្តង់ដារអន្តរជាតិ។ អាងលោតទឺក ដែលមានទំហំ២១ម៉ែត្រ ក៏បានពង្រឹកទៅ២៥ម៉ែត្រផងដែរ។
ឧបករណ៍បច្ចេកទេស និងម៉ាស៊ីនបូបទឹកក្នុងអាងហែលទឹកពហុកីឡដ្ឋានជាតិត្រូវបានផ្លាស់ប្តូរថ្មីទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ។ លើសពីនេះ សហព័ន្ធបានរៀបចំកៅអីអង្គុយ ដែលអាចផ្ទុកអ្នកទស្សនាជាង១,៦០០នាក់ បន្ទប់ហាត់ប្រាណ ការិយាល័យ និងកន្លែងស្នាក់នៅរបស់គ្រូបង្វឹក និងកីឡាករទៀតផង។
សម្រាប់ប្រធានសហព័ន្ធរូបនេះ ការហាត់តែក្នុងទឹកមួយមុខ គឺគ្រប់គ្រាន់នោះទេសម្រាប់កីឡាករកីឡាការិនីហែលទឹក ពោលគឺទាមទារឲ្យពួកគេហាត់ប្រាណពង្រឹងសម្បទាឲ្យស្មើនឹងការហាត់ក្នុងទឹក។ លោកសង្ឃឹមថា អាងហែលទឹកដែលទើបជួសជុលថ្មីនេះ នឹងជួយចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣។
អាងហែលទឹកពហុកីឡដ្ឋានជាតិសាងសង់ឡើងចន្លោះពីឆ្នាំ១៩៦១-១៩៦៥ ជាស្នាដៃរបស់បិតាស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជតំរិះផ្តួចផ្តើមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ អាងហែលទឹកនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងឆ្នាំ១៩៦៧៕





