COVID-19
អន្តរជាតិ
ប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ក្រុង​ហាណូយ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​អំពើពុករលួយ​រឿង​ទិញ​សម្ភារ​តេស្ត COVID-19
23, Apr 2020 , 5:28 pm        
រូបភាព
ប្រធានCDCប្រចាំក្រុងហាណូយ Nguyen Nhat Cam  (Vietnam-express)
ប្រធានCDCប្រចាំក្រុងហាណូយ Nguyen Nhat Cam (Vietnam-express)
ដោយ:
​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ប្រចាំ​ក្រុង​ហាណូយ (CDC) និង​បក្ខពួក​៦​នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ពុករលួយ​ពាក់ព័ន្ធ​ការបញ្ជាទិញ​សម្ភារ​ធ្វើតេស្ត COVID-19 ។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​២២ ខែមេសា ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​បញ្ជាក់ថា ប្រធាន​CDC​ប្រចាំ​ក្រុង​ហាណូយ Nguyen Nhat Cam ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​ពីបទ​ល្មើសច្បាប់​លើ​ការដេញថ្លៃ​ដែល​បង្ក​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។  
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​វៀតណាម Vietnam Express ក្រសួង អះអាងថា ប្រធាន​CDC​រូបនេះ បាន​គប់គិត​បោកប្រាស់ និង​ដំឡើងថ្លៃ​កញ្ចប់​ធ្វើតេស្ត​COVID-19​ដែល​ដាក់​ដេញថ្លៃ​។  
 
​លោក Cam បាន​ចូលកាន់​តំណែង​ជា​ប្រធាន​CDC​ប្រចាំ​ក្រុង​ហាណូយ ក្នុង​ឆ្នាំ​២០១៨​។ CDC ទទួលបន្ទុក​ចាត់វិធានកា​រ​បង្ការ​ការរីក​រាល​ដាល​ជំងឺឆ្លង ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​៨​លាន់​នាក់​ក្នុងប្រទេស​វៀតណាម​នេះ​។ 
 
​ទន្ទឹមនឹង​សហការ​ជាមួយ​អាជ្ញាធរ​តំបន់​ទប់ស្កាត់​COVID-19 និង​ស៊ើបអង្កេត​ករណី​ឆ្លង​ថ្មី CDC ក៏​ទទួលបន្ទុក​ធ្វើតេស្ត​COVID-19 ក្នុង​ទីក្រុង ហើយ​ធ្វើតេស្ត​មនុស្ស​ចន្លោះ​ពី​២៥០០-៣០០០​នាក់​ក្នុង​មួយថ្ងៃ​។ 
 
​គិត​ត្រឹម​ថ្ងៃ​២៣ ខែមេសា វៀតណាម មាន​ករណី​ឆ្លង​COVID-19​សរុប ២៦៨​ករណី ក្នុងនោះ​ជាង​៨០​ភាគរយ​ជាសះស្បើយ​។ ម្យ៉ាងទៀត ប្រទេស​នេះ​គ្មាន​ករណី​ឆ្លង​ថ្មី​១​សប្តាហ៍​ពេញ​ហើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្ដើម​គិតគូរ​ដកហូត​ការ​រឹតត្បិត​ការដើរ​ហើរ​ជួយ​សេដ្ឋកិច្ច​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com