អន្តរជាតិ
លោក ត្រាំ ទាត់ចោល​ព័ត៌មាន​របស់ CNN ដែលថា​លោក គីម ជុង​អ៊ុន ឈឺ​ធ្ងន់​
24, Apr 2020 , 9:44 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​របាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ការវះកាត់​បេះដូង​។ ត្រង់នេះ លោក ត្រាំ បាន​រិះគន់​ទូរទស្សន៍​អាមេរិក CNN សម្រាប់​ការចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បែបនេះ​។

 
«​ខ្ញុំ​គិតថា របាយការណ៍​នេះ ពុំ​ត្រឹមត្រូវ​»​។ លោក ដូ​ណា​ល់ ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ នៅ​ថ្ងៃ​២៣ មេសា ដោយ​បន្ថែមថា​៖«​ខ្ញុំ​ស្ដាប់​ឮថា​ពួកគេ​បាន​ប្រើ​ឯកសារ​ចាស់​»​។ យ៉ាងណាមិញ ប្រធានាធិបតី​ទី​៤៥​រូបនេះ បាន​បដិសេធ​បញ្ជាក់ថា​នេះ​ជា​ព័ត៌មាន​ផ្ទា​ល់ពី​កូរ៉េខាងជើង​ថា​លោក​គីម​ពិតជា​មាន​សុខ​ភាពល្អ​។​
 
​ផ្ទុយទៅវិញ លោក ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​លើ​ទូរទស្សន៍​អាមេរិក CNN ដែល​ប្រមុខ​ដឹកនាំ​អាមេរិក​រូបនេះ​ពុំ​សូវ​ស៊ី​ខ្សែ​គ្នា​យូរហើយ​នោះ​។ ថ្លែង​អំឡុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ស្ថានភាព​ជំងឺ​រាតត្បាត​សាកល COVID-19 លោក ត្រាំ អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា វា​គឺជា​របាយការណ៍​ក្លែងក្លាយ​ដែល​ធ្វើឡើង​ដោយ CNN»​។​
 
​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ទូរទស្សន៍​ខ្សែកាប​អាមេរិក CNN ដែល​ដកស្រង់​សម្តី​ដែល​ខ្លួន​អះអាងថា​ជាម​ន្ត្រី​អាមេរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ចុះផ្សាយ​ថា ក្រុង​វ៉ាស៊ីនតោន​បាន​តាមដាន​ព័ត៌មាន​សម្ងាត់​មួយ​ថា លោក គីម ជុង​អ៊ុន ស្ថិតក្នុង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ក្រោយ​ឆ្លងកាត់​ការវះកាត់​។ 
 
​ដោយឡែក សារព័ត៌មាន​អន​ឡាញ​មួយ​ឈ្មោះថា Daily NK ដែល​ដំណើរការ​ដោយ​ក្រុម​អ្នករត់​គេច​ពី​កូរ៉េខាងជើង បាន​ចុះផ្សាយ​ថា លោក គីម បាន​ឆ្លងកាត់​ការវះកាត់​បេះដូង កាលពីដើម​មេសា​នេះ ហើយ​កំពុង​សម្រាក​នៅ​វីឡា​មួយកន្លែង​ក្នុង​ខេត្ត North Phyongan ។ សារព័ត៌មាន​ដដែល​នេះ អះអាង​ទៀតថា ប្រមុខ​ដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង​ដែល​ស្ថិតក្នុង​វ័យ​៣៦​ឆ្នាំ ទាមទារ​ការព្យាបាល​ប​ន្ទា​ន់​ដោយហេតុតែ​បញ្ហា​ការជក់បារី ធាត់​ជ្រុល និង​ធ្វើការ​ជ្រុល​។​
 
​ទោះជា​បែបនេះ​ក្តី ក្រោយ​ធ្លាយ​របាយការណ៍​របស់​ទូរទស្សន៍ CNN កូរ៉េខាងត្បូង កាលពី​ថ្ងៃ​២១ ខែមេសា​បាន​លើកឡើងថា ខ្លួន​ពុំ​មើលឃើញ​សញ្ញា​អ្វី​ខុស​ប្រក្រតី​ឡើយ​ពាក់ព័ន្ធ​សុខភាព​របស់លោក គីម ជុង​អ៊ុន ដោយ​សង្កត់ធ្ងន់ថា លោក​គីម​បន្ត​មាន​វត្ត​មាននៅ​ទីសាធារណៈ​មកទល់នឹង​ពេលបច្ចុប្បន្ន​។ នេះ​បើ​ប្រភព​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ៕ 

Tag:
 សហរដ្ឋអាមេរិក​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់​ត្រាំ​
  គីម​ជុង​អ៊ុន​
  CNN
© រក្សាសិទ្ធិដោយ thmeythmey.com