​ទោះ COVID-19 អុកឡុក ចិន​បន្ត​ចាយលុយ​ពាន់​លាន​ដុល្លារ​សង់​កីឡដ្ឋាន​ប៉ង​រៀប World Cup
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
​ទោះ COVID-19 អុកឡុក ចិន​បន្ត​ចាយលុយ​ពាន់​លាន​ដុល្លារ​សង់​កីឡដ្ឋាន​ប៉ង​រៀប World Cup
25, Apr 2020 , 11:35 am        
រូបភាព
​ចិន​កំពុង​បញ្ចេញ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​កីឡាដ្ឋាន​កីឡាបាល់ទាត់​ថ្មី បើ​ទោះ​ស្ថិតក្នុង​សា្ថ​ន​ភាព​វ៉ឹ​ក​វរ​ដោយ​ជំងឺ COVID-19​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ឃើញថា​ចិន​បាន​បង្កើន​មហិច្ឆតា​ដើម្បី​ក្លាយជា​ប្រទេស​មហាអំណាច​មួយ​នៅក្នុង​វិស័យ​កីឡាបាល់ទាត់ និង​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ពិភពលោក FIFA World Cup ឆ្នាំ ២០៣០​។​

​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ថ្មី​លើទឹក​ដី​ចិន​កំពុងតែ​ចាប់ផ្តើម​ហើយ បើទោះបីជា​ស្ថិតក្នុង​ស្ថានភាព​រីក​រា​ល​ដាល​នៃ​ជំងឺឆ្លង COVID-19 ក៏ដោយ​។ COVID-19 បានធ្វើ​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច ហើយ​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ក៏​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។​ ​យ៉ាងណាក៏ដោយ ជាមួយនឹង​ការរីក​រាលដាល​ជំងឺ​រាតត្បាត​ក្នុងប្រទេស​ចិន​ដែលជា​កន្លែង​ផ្តើម​ការឆ្លង​ដំបូង​ក្នុង​ខែធ្នូ ក្រុម​ការពារ​ជើងឯក​លី​គ​កំពូល​ចិន Super League (CSL) Guangzhou Evergrande កាលពី​សប្តាហ៍​មុន​បានចាប់ផ្តើម​សាងសង់​កីឡដ្ឋាន​ថ្មី ដែល​នឹងត្រូវ​ចំណាយ​ប្រាក់ ១២​ពាន់​លាន​យ័ន (១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​)​។​
 
​ដោយមាន​សមត្ថភាព​ផ្ទុក​អ្នកទស្សនា​ផ្ទាល់​រហូតដល់​ចំនួន ១០០០០០ នាក់ កីឡាដ្ឋាន​ដែលមាន​រាង​ដូច​ផ្កាឈូក​នេះ​នឹង​ក្លាយជា​កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​បំផុត​លើ​លោក ហើយ​រំពឹងថា​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​២០២២​។​
 
​មិន​ត្រឹមតែ​សង់​កីឡដ្ឋាន​ដែលមាន​តម្លៃ​ជិត​២​ពាន់​លាន​ដុល្លារ​នេះឡើយ ប៉ុន្តែ​ក្រុមហ៊ុន Evergrande Group ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅ​ប្រទេស​ចិន ដែល​រកចំណូលបាន ៦៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ មានបំណង​ចង់​សាងសង់​កីឡដ្ឋាន ២​ទៅ​៣ ដែលមាន​កៅអីអង្គុយ​ចំនួន ៨០០០០​នាក់ បន្ថែមទៀត​នៅក្នុង​ប្រទេស​នេះ​។​ ​ការបង្កើន​ការសាងសង់​កីឡដ្ឋាន​ថ្មី​ជាច្រើន​បន្ថែម​នេះ ក៏​ព្រោះ​ចិន​នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ Asian Cup ឆ្នាំ ២០២៣ និង​ថែមទាំង​មាន​មហិច្ឆតា​ចង់​រៀបចំ FIFA World Cup ឆ្នាំ​២០៣០ ផងដែរ​។​
 
​កាសែត Southern Metropolis Daily ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​និយាយថា​ប្រទេស​នេះ​នឹងមាន​កីឡដ្ឋាន​ថ្មី​ធំៗ​យ៉ាងហោច​១២​កន្លែង​ទៀត ក្នុង​រយៈពេល​២​ឆ្នាំ គិត​ចាប់ពីពេលនេះ​តទៅ​។ ចិន​បាន​ហៅ​ឈ្មោះថា «​យុគសម័យ​ថ្មី​សម្រាប់​កីឡាបាល់ទាត់​ចិន​»​។​
 
​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​ក៏​ផ្តោតលើ​រង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ដែរ​។ មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការនាំ​ចិន​ធ្វើ​ម្ចាស់ផ្ទះ World Cup លោក​ស៊ី បាន​គាំទ្រ​ការផ្តល់​សញ្ជាតិ​ដល់​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព ដើម្បី​ចូល​ក្រុម​ជម្រើស​ជាតិចិន​។​
 
​កន្លងមក កីឡាករ​ដែល​ទទួលបាន​សញ្ជាតិ​ចិន និង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ រួមមាន  Nico Yennaris អតីត​ខ្សែបម្រើ Arsenal ដែល​កើត​នៅ​អង់គ្លេស ដោយ​ឪពុក​ជា​ជនជាតិ​ស៊ី​ប ឯ​ម្តាយ​ជា​ជន​ជាតិចិន​។ Nico ដែល​លេង​ឲ្យ​ក្លិប Beijing Guon និង​មានឈ្មោះ​ចិន​ថា «Li Ke»​។​
 
​ដោយឡែក ខ្សែប្រយុទ្ធ​ដើមកំណើត​ប្រេ​ស៊ី​ល Elkeson អះអាងថា​ចង់​នាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup បន្ទាប់ពី​រូបគេ​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិចិន​។ Elkeson ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​គ្មាន​ជាប់សាច់​ឈាម​ចិន ហើយ​ជាប់​ជម្រើសជាតិ​ប្រទេស​នេះ​ជា​ប្រវត្តិសាស្ត្រ​។​
 
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ខែមិថុនា ក៏បាន​បើកភ្លើង​បៃតង​សម្រាប់​ចិន​ផងដែរ ដោយ​ស្វាគមន៍​ការដេញថ្លៃ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​នេះ សម្រាប់​ការរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣០៕

Tag:
 FIFA World Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com