ជាតិ
សង្គមជាតិ
ការងារ​មនុស្សធម៌ ជួយ​ឱ្យ​លោកស្រី ឡោក ខេង ក្លាយជា​តំណាងរាស្ត្រ
25, Apr 2020 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ ជាង​១០​ឆ្នាំ​ហើយ ដែល​លោកស្រី ឡោក ខេង ទទួលបាន​ភារកិច្ច​នៅក្នុង​រដ្ឋសភាជាតិ ក្នុងតួនាទី​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ វា​ជា​តំណែង​មួយ ដែល​លោកស្រី ឡោក ខេង មិន​ធ្លាប់បាន​រំពឹងទុក ក្រោយ​បំពេញការងារ​មនុស្សធម៌ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

«​ខ្ញុំ​! តាំងពី​តូច​មក អត់​ដែល​បាន​នឹក​ស្រមៃ និង​សុបិន​ឃើញថា នឹង​បាន​ក្លាយជា​តំណាងរាស្ត្រ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឡោក ខេង ដែល​កំពុង​អង្គុយ​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ។​
 
​ជា​អ្នកមាន​ចំណង់​ចំណូល​លើ​ការងារ​ធុរកិច្ច លោកស្រី ឡោក ខេង បានចាប់ផ្ដើម​ការងារ​ជំនួញ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ពោលគឺ​ក្រោយពី​ប្រទេស​កម្ពុជា បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ ផ្តើម​ការងារ​រកស៊ី​បាន​២​ឆ្នាំ លោកស្រី ឡោក ខេង ក៏មាន​វិ​វត្ត​ខ្លួន ជា​ប្រធាន​ក្រុមហ៊ុន​សាងសង់​ជា​បន្តបន្ទាប់ ចន្លោះ​ពី​ឆ្នាំ​១៩៨៥ ដល់​១៩៩៧​។ បំពេញការងារ​ជំនួញ​ផង និង​ឆ្លៀត​ពេលធ្វើ​ការងារ​មនុស្ស​ធម៌​ផង លោកស្រី ឡោក ខេង ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់បញ្ចូល​សមាសភាព​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយ​ទទួលបាន​ការគាំទ្រ ដល់​បច្ចុប្បន្ន​។​
 
​ការងារ​មនុស្សធម៌ ជួយ​ឱ្យ​ខ្ញុំ​ក្លាយជា​តំណាងរាស្ត្រ 

​ការងារ​ចុះ​ពិនិត្យ និង​ថែរក្សា​សុខភាព​ភ្នែក​របស់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍ និង​តំបន់​នានា ដោយ​មិន​យក​ថវិកា ក្រោម​គម្រោង​មូលនិធិ​មនុស្សធម៌​របស់​សម្ដេច ជា ស៊ីម នោះ គឺជា​ភារកិច្ច​យ៉ាងសកម្ម​របស់លោក​ស្រី ឡោក ខេង បេសកជន​ពិសេស​នៃ​មូលនិធិ​នេះ នា​អំឡុង​ឆ្នាំ​១៩៩៧​។ លោកស្រី ឡោក ខេង បាន​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​សុខភាព​ពលរដ្ឋ​យ៉ាងខ្លាំង តាមរយៈ​កម្មវិធី​មូលនិធិ​នេះ ព្រោះ​វា​ស្រប​នឹង​ឆន្ទៈ​មនុស្សធម៌​របស់ខ្លួន​។​
 
​ដោយ​សារភាព​ម៉ត់ចត់ និង​សកម្ម ក្នុងការ​ដោះស្រាយ​សុខភាព​ពលរដ្ឋ​នេះ ទើប​លោកស្រី ឡោក ខេង ត្រូវបាន​សម្ដេច ជា ស៊ីម ដំឡើង​តួនាទី​ជា​អនុប្រធាន​ខុ​ទ្ធ​កាល័យ​ផ្ទាល់ នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៩​ដល់​២០០៥​។​
 
​ជា​ការងារ​ដោះស្រាយ​បញ្ហា​សុខភាព​ភ្នែក​ពលរដ្ឋ​តែមួយ​មុខ វា​មិន​គ្រប់គ្រាន់​ឡើយ​។ លោកស្រី ឡោក ខេង ក៏បាន​បន្តសកម្មភាព​មនុស្សធម៌​របស់ខ្លួន តាមរយៈ​ការចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ ដែល​ជួប​បញ្ហា​គ្រោះធម្មជាតិ និង​ទុក្ខលំបាក​ផ្សេងៗ នៃ​សកម្មភាព​កាកបាទក្រហមកម្ពុជា ជា​បន្តបន្ទាប់ ក្នុងអំឡុង​ឆ្នាំ​២០០៥​នោះដែរ​។​
 

​តាមរយៈ​ការងារ​មនុស្សធម៌​នេះហើយ ដែល​ជួយ​ឱ្យ​លោកស្រី ឡោក ខេង មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ចំនួន​៨ នៃ​ខណ្ឌមានជ័យ និង​១២​សង្កាត់ នៅ​ខណ្ឌឫស្សីកែវ​។ ហើយ​វា​ក៏​ជា​ពេលវេលា​មួយ ដែល​កូន​អ្នក​ខេត្តកំពង់ចាម​រូបនេះ ទទួលបាន​សេចក្តីទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ការគាំទ្រ​ឱ្យ​អង្គុយ​កៅអី​តំណាងរាស្ត្រ​ផងដែរ​។ ស្ត្រី​នយោបាយ វ័យ​៦៥​ឆ្នាំ រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​និយាយ​ជារួម ខ្ញុំ​អត់​មាន​ក្តី​សុបិន​(​ជា​អ្នកតំណាងរាស្ត្រ​)​ទេ ក៏ប៉ុន្តែ​ដោយសារតែ​ការងារ​មនុស្សធម៌ ការងារ​សង្គម​យើង​ធ្វើបាន​ច្រើន យើង​មាន​ប្រជាប្រិយភាព ក៏​គណបក្ស​បានផ្ដល់​ឱកាស​ឱ្យ​យើង​បាន​ចូលរួម​សកម្មភាព​នយោបាយ »​។​
 
​លោកស្រី ឡោក ខេង បាន​ក្លាយជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៅ​អណ​ត្តិ​ទី​៤ ក្នុង​ឆ្នាំ​២០០៨-២០១៣ ដោយ​ជំនួស​លោក អ៊ិត សំហេង (​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០០៨) ដែលជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បច្ចុប្បន្ន ។ ដោយ​កាលណោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​៩០​អាសនៈ ដែល​តាម​ពីក្រោយ​ដោយ​គណបក្ស សម រង្ស៊ី ២៥​អាសនៈ​(​បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន​) គណបក្ស​សិទ្ធិមនុស្ស ៣​អាសនៈ ,​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​អាសនៈ និង​គណបក្ស​នរោត្តម​រណឫទ្ធិ ២​អាសនៈ​។​
 
​តាមពិតទៅ​ស្ត្រី​មាន​សម្បុរ​ស ភ្នែក​តូច ទំនងជា​កូនកាត់​ចិន​រូបនេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា លើកទឹកចិត្ត​ឱ្យ​ឈរ​ជា​តំណាងរាស្ត្រ តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​នោះ ទើប​លោកស្រី ឡោក ខេង សុំ​ថ្នាក់ដឹកនាំ ទុកពេល​វេលា​ឱ្យ​ខ្លួន បាន​សិក្សា​ជំនាញ​រដ្ឋបាល​សាធារណៈ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង​វគ្គ​នយោបាយ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាព មុននឹង​ទទួលយក​តួនាទី​តំណាងរាស្ត្រ​នេះ​។​
 
​តួនាទី គឺជា​កាតព្វកិច្ច​! មិនមែន​យក​តួនាទី​មក​សប្បាយរីករាយ​នឹង​មុខមាត់ កិត្តិយស​ខ្លាំង​ជាង​កាតព្វកិច្ច​ទេ​

«​ខ្ញុំ​សួរ​ខ្លួនឯង​ត្រឡប់មកវិញ តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​ឆ្លើយតប​ទៅនឹង​កាតព្វកិច្ច​របស់​យើង ឱ្យស្រប​តាម​តួនាទី​របស់​យើង ស្របតាម​ការទុកចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង​»​។ នេះ​ជា​សំនួរ​ដាស់តឿន​ស្មារតី​ខ្លួនឯង របស់លោក​ស្រី ឡោក ខេង ក្នុងការ​ប្រើប្រាស់​តួនាទី​តំណាងរាស្ត្រ​ឱ្យចំ​គោលដៅ ។​
 
​ដ្បិត​មាន​សម្បុរ​ស តែ​លោកស្រី ឡោក ខេង មិនមែន​ធ្វើ​ការងារ​តែនៅក្រោម​ម៉ាស៊ីនត្រជាក់​ក្នុង​បន្ទប់​រដ្ឋសភា​នោះទេ​។ ទីប្រជុំជន តំបន់​ដាច់ស្រយាល វាលស្រែ​ចម្ការ និង​តំបន់​ពលរដ្ឋ​រងគ្រោះ​នានា មិនថា​ហាលខ្យល់ ហាលភ្លៀង គឺ​សុទ្ធសឹងតែ​ជា​កន្លែង​អ្នកនយោបាយ​ស្រី​រូបនេះ បាន​ទៅដល់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ពលរដ្ឋ តាមរយៈ​ការ​ប្រមូលយក​បញ្ហា​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច​។​
 
​ជា​មនុស្ស​ដែល​ឱ្យ​តម្លៃ​លើ​ការងារ លោកស្រី ឡោក ខេង តែងតែ​ចាត់ទុក​តួនាទី គឺជា​កាតព្វកិច្ច​សំខាន់ ដែល​ត្រូវ​យកមកអនុវត្ត និង​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​។ ស្ត្រី​នយោបាយ​ដែលមាន​កូន​៣​នាក់​រូបនេះ តែងតែ​ប្រឹងប្រែង​ចុះជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាមរយៈ​ការ​ស្រង់​យក​មតិ ការចែក​អំណោយ និង​សម្ភារ​ប្រើប្រាស់ ដល់​ពលរដ្ឋ​នៅ​គ្រា​លំបាក មិន​ថា​នៅក្នុង​តួនាទី​តំណាងរាស្ត្រ ឬ​កាកបាទក្រហម​នោះទេ​។​
 
​សម្រាប់​លោកស្រី ឡោក ខេង ការប្រើប្រាស់​តួនាទី​តំណាងរាស្ត្រ គឺ​ត្រូវ​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គមជាតិ ហើយ​មិនត្រូវ​ងប់​ង​ល់​នឹង​កិត្តិយស និង​សិទ្ធ​អំណាច ដោយ​យកទៅ​ប្រើប្រាស់ ផ្ទុយ​ពី​ភារកិច្ច​ឡើយ​។ បើតាម​តំណាងរាស្ត្រ​វ័យ​៦៥​ឆ្នាំ​រូបនេះ ការតម្កល់​ផលប្រយោជន៍​ជាធំ ជា​អ្វីដែល​ខ្លួន​បាន​បំពេញ​។ ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី អ្នកនយោបាយ​ស្ត្រី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​គិតថា​តួនាទី គឺជា​កាតព្វកិច្ច មិនមែន​តួនាទី​ជាការ​សប្បាយរីករាយ នឹង​មុខមាត់ កិត្តិយស​ខ្លាំង​ជាង​កាតព្វកិច្ច​ទេ ហើយ​ការទទួលខុសត្រូវ​កាន់​តែ​ខ្ពស់​ថែមទៀត​»​។​
 


​ចាប់តាំងពី​អង្គុយ​កៅអី​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០០៨ អាណត្តិ​ទី​៤​មក អ្នកនយោបាយ​ស្ត្រី កូន​អ្នក​ខេត្តកំពង់ចាម​រូបនេះ បាន​ស្វះ​ស្វែងរក​ជំនួយ​កសាង​អគារ​សម្ភព​ពិនិត្យ និង​ព្យាបាល​ចំនួន​៥ នៅក្នុង​ខេត្តកំពង់ស្ពឺ​២​កន្លែង ខេត្តព្រះវិហារ​២ និង​សៀមរាប ១​ទីតាំង រួមទាំង​មន្ទីរពេទ្យ​១​កន្លែង នៅក្នុង​ខេត្តកំពត​ផងដែរ​។​លោកស្រី ឡោក ខេង ក៏បាន​អះអាងថា ខ្លួន​ក៏បាន​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ច្រើន​ដែរ នៅក្នុង​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា ដែល​ទទួលបន្ទុក​សិទ្ធិមនុស្ស ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា និង​ព្រឹទ្ធសភា កាលពី​អាណត្តិ​ទី​៥ កន្លងមក​។​
 
​លោកស្រី ឡោក ខេង ដែល​កំពុង​ដឹកនាំ​ក្រុមការងារ​នៃ​គណៈកម្មការ​ជំនាញ​ទី​៨ រដ្ឋសភា នា​អាណត្តិ​ទី​៦ នេះ បានដាក់​ទិសដៅ​ដោះស្រាយ​បញ្ហា​សុខាភិបាល ដោយ​ផ្ដោតទៅលើ​ជំងឺមិនឆ្លង​ដូចជា​ជំងឺ​ទឹកនោមផ្អែម មហារីក និង​លើសឈាម​ជាដើម​។​
 
​ស្ត្រី​គួរ​ប្រឡូក​ក្នុង​ឆាកនយោបាយ​!

«​ធ្វើ​នយោបាយ តែងមាន​គ្រោះថ្នាក់​ដល់​ខ្លួន​»​។ ពាក្យ​នេះ​តែងតែ​លង់​បន្លាច​យុវជន ជាពិសេស​ស្ត្រី ដែល​ធ្វើឱ្យ​ពួកគេ​មិន​ហ៊ាន​ប្រឡូក​ចូល​ឆាកនយោបាយ​។ ដ្បិត​មាន​ពាក្យ​បន្លាច​បែបនេះ​ក្តី ក៏​នៅមាន​យុវជន​បោះជំហាន​ចូល​វិស័យ​នយោបាយ​ជា​បន្តបន្ទាប់ លើកលែងតែ​ស្ត្រី ដែល​នៅតែ​ខ្សត់ខ្សោយ​ក្នុង​ឆាកនយោបាយ ព្រោះតែ​ភាពភ័យខ្លាច​។​
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នេះ ទើប​លោកស្រី ឡោក ខេង ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​លើកទឹកចិត្ត​ដល់​ស្ត្រី ឱ្យមាន​ស្មារតី​រឹងមាំ និង​ភាពក្លាហាន ជាពិសេស​មាន​ម​ហិ​ច្ជ​តា​ចង់​ក្លាយជា​មេដឹកនាំ​។ 
 
​ការចែករំលែក​បទពិសោធ​ន៍​ពិត​របស់​តំណាងរាស្ត្រ​ស្ត្រី , កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ប្រឈម និង​កិច្ចការងារ​ដែល​ស្ត្រី​ត្រូវ​រៀបចំខ្លួន ធ្វើជា​អ្នកនយោបាយ និង​ជា​មេដឹកនាំ​នៅ​ថ្ងៃ​អនាគត​នោះ សុទ្ធសឹងតែ​ជា​មេរៀន ដែល​លោកស្រី ឡោក ខេង ដាក់​ប​ញ្ចូ​ន​នៅក្នុង​កម្មវិធី​ពង្រឹងស្មារតី នៃ​យុទ្ធនាការ​ស្ត្រី​វ័យក្មេង​ឆ្ពោះទៅកាន់​អ្នកដឹកនាំ​។ 
 
​អង្គុយ​នៅក្នុង​បន្ទប់​គណៈកម្មការ​ជំនាញ​ទី​៨ រដ្ឋសភា ដែល​ទទួល​ផ្នែក​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី ស្ត្រី​នយោបាយ​វ័យ​៦៥​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​កម្មវិធី​នេះ ក្នុង​គោលបំណង​ពង្រឹង​ទំនុកចិត្ត​របស់​ស្រីៗ ពង្រឹងស្មារតី​របស់គាត់​ឱ្យមាន​សេចក្តីក្លាហាន ចង់​ធ្វើជា​មេដឹកនាំ​ដូច​បុរស​ដែរ​»​។​
 


​តាមពិតទៅ​ស្ត្រី​មាន​ភាពក្លាហាន និង​សមត្ថ​ភាពខ្លាំង​ស្ទើរ​លើ​គ្រប់​វិស័យ​ហើយ ប៉ុន្តែ​គ្រាន់តែ​ខ្វះ​ការលើកទឹកចិត្ត​ពី​អ្នក​នៅ​ជុំវិញខ្លួន ជាពិសេស​ពី​ឪពុកម្ដាយ​ប៉ុណ្ណោះ​។ នោះ​ក៏​ព្រោះតែ​ឪពុកម្ដាយ​ខ្លះ នៅតែ​រក្សា​គំនិត​ចាស់​បុរាណ​ថា «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក​ស្រី ឡោក ខេង ដែល​បាន​សិក្សា​ស្វែងយល់​ពី​ស្ត្រី តាមរយៈ​យុទ្ធនាការ​ស្ត្រី​វ័យក្មេង​ឆ្ពោះទៅកាន់​អ្នកដឹកនាំ ចំនួន​២​ដង​មកនេះ​។​
 
​សម្រាប់​លោកស្រី ឡោក ខេង ទង្វើ​របស់​ម្ដាយ​-​ឪពុក ដែល​នៅ​ប្រកាន់​គំនិត​ចាស់គំរិល​បែបនេះ គឺ​ដើរ​ផ្ទុយ​ពី​ប​ច្ចប្ប​ន្ន​ភាព​សម័យ​បច្ចេកវិទ្យា​។ ហើយ​ការបង្ខំ​កូន​-​ចៅ​ឱ្យធ្វើ​អ្វីមួយ ស្របតាម​ទស្សន​ខ្លួន ក៏​នាំឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព និង​ភាពក្លាហាន​របស់​ពួកគេ​ដែរ​។ ដូច្នេះ​ឪពុកម្ដាយ គ្រប់រូប​គួរតែ​ឈប់​បង្ខំ​កូន​ឱ្យធ្វើតាម​ទស្សន​ខ្លួន និង​មិន​ត្រូវយក​កូន​ខ្លួន ទៅ​ប្រៀបធៀប​នឹង​ក្មេង​ដទៃ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ​។ នេះ​ជាការ​លើកឡើង​របស់​តំណាងរាស្ត្រ​ស្ត្រី កូន​អ្នក​ខេត្តកំពង់ចាម ដែល​ជំរុញ​ឱ្យ​ស្ត្រី​បោះជំហាន​ចូល​វិស័យ​នយោបាយ ៕

Tag:
 ឡោក ខេង​
  នយោបាយ​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com