ជាតិ
សង្គមជាតិ
សិល្បះ
រៀន​កម្រិត​ថ្នាក់​មធ្យម តែ​លោក រស់ សុ​ផា​រិ​ទ្ធ អាច​បង្រៀន​ជនបរទេស​លើ​ជំនាញ​កុលាលភាជន៍​ខ្មែរ​
26, Apr 2020 , 3:59 pm        
រូបភាព
ភ្នំពេញ​៖ ទើបតែ​រៀន​ឆ្នាំ​ទី​៦​ផ្នែក​កុលាលភាជន៍ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ យុវ​សិស្ស រស់ សុ​ផា​រិ​ទ្ធ អាយុ​២១​ឆ្នាំ អាចមាន​សមត្ថភាព​ទៅ​បង្រៀន​ជនបរទេស​គិត​ម៉ោង ដែល​អាច​ទទួលបាន​ចំណូល​ខ្លះ​។ មាន​គម្រោង​ច្បាស់លាស់ សុ​ផា​រិ​ទ្ធ ទៅ​ថ្ងៃ​អនាគត​ចង់​បើក​សិប្បកម្ម​ធ្វើ​កុលាលភាជន៍​ដោយ​ខ្លួនឯង និង​ចង់​ក្លាយជា​គ្រូបង្រៀន​លើ​ជំនាញ​នេះ​តែម្ដង​។​

​ចូលចិត្ត​គូរគំនូរ​តាំងតែ​ពី​តូច រស់ សុ​ផា​រិ​ទ្ធ ត្រូវបាន​ម្ដាយ​នាំមក​ឱ្យចូល​រៀន​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ កាលពី​ប្រមាណ​៥​ឆ្នាំមុន​។ ពេល​បាន​មកដល់​សាលា​នេះ​ដំបូង ជំនាញ​ដែល សុ​ផា​រិ​ទ្ធ ចាប់អារម្មណ៍ ហើយ​យល់ថា​ខ្លួន​មាន​ឧបនិស្ស័យ​ខ្ពស់​នោះ​គឺ ជំនាញ​កុលាលភាជន៍​។ ហើយ​ចាប់តាំងពី​ពេលនេះ ក្មេងប្រុស​ដែល​បច្ចុប្បន្ននេះ​មាន​អាយុ​២១​ឆ្នាំ​ទៅហើយនោះ ចាប់ផ្ដើម​តាំងចិត្ត​សម្រួច​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​។​
 
​មិនអាច​និយាយ​ឱ្យបាន​ច្បាស់លាស់ ពី​អារម្មណ៍​នៅពេលដែល​បាន​កាន់​ដី​ដើម្បី​ធ្វើ​រូប​អ្វីមួយ សុ​ផា​រិ​ទ្ធ ដែលមាន​សម្បុរ​ស រាង​ខ្ពស់ស្រឡះ ដឹង​ត្រឹម​ថា​ខ្លួន​សប្បាយចិត្ត​ប៉ុណ្ណោះ​។ ជាប់​ឈ្មោះ​ជា​សិស្ស​ដែលមាន​សេចក្ដី​ព្យាយាម​មាំ និង​មានការ​យកចិត្តទុកដាក់​ផ្ចិតផ្ចង់​លើ​ការងារ​ខ្ពស់ ពី​គ្រូ​ឯកទេស​ជំនាញ សុ​ផា​រិ​ទ្ធ ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន​សមត្ថភាព​អាច​បង្រៀន​ពី​ការធ្វើ​កុលាលភាជន៍​ខ្មែរ ទៅកាន់​ភ្ញៀវ​ទេសចរណ៍​បរទេស​តាំងពី​ខ្លួន​រៀន​នៅ​ឆ្នាំ​ទី​៣​មក​ម្លេះ​។ 
 
​ទោះជា​យ៉ាងណា ការបង្រៀន​ជនបរទេស បុរស​ដែល​កំព្រា​ឪពុក​រូបនេះ ធ្វើ​តែ​នៅពេល​ទំនេរ​ពី​ការសិក្សា​ប៉ុណ្ណោះ​។ សុ​ផា​រិ​ទ្ធ បញ្ជាក់បន្ថែម​ដូច្នេះ​៖« ជនបរទេស​ខ្លះ​គាត់​ចង់​រំឭក​ពី​អនុស្សាវរីយ​កាល​គាត់​នៅ​ក្មេង គាត់​ក៏​មក​រៀន​ធ្វើ​កុលាលភាជន៍​នេះ​។ នៅពេល​ដែលមាន​ភ្ញៀវ​ចាប់ពី​៧​ទៅ​១០​នាក់​ឡើងទៅ គេ​ណាត់​ពេលវេលា ហើយ​ខ្ញុំ​និង​បងប្រុស​របស់ខ្ញុំ​ទៅ​បង្រៀន​គេ​។ យើង​បង្រៀន​គិត​ជា​ម៉ោង ក្នុង​ភ្ញៀវ​ម្នាក់​មួយ​ម៉ោង​៥​ទៅ​៦​ដុល្លារ​អាមេរិក​»​។​
 
​ទោះបី​អាច​រកប្រាក់​បាន​ក៏ពិតមែន ប៉ុន្តែ​បុរស​ដែលមាន​ម្ដាយ​ជា​អ្នក​លក់ទំនិញ​រូបនេះ មិនដែល​អវត្តមាន​កា​រ​សិក្សា ដើម្បី​ចង់បាន​ប្រាក់​បន្តិច​ប​ន្ទួ​ច​នេះឡើយ​។ សុ​ផា​រិ​ទ្ធ ដែល​បង្ហាញ​ពី​ភាព​ហ្មត់ចត់​រាល់​ការធ្វើ​កុលាលភាជន៍ បានដឹង​ច្បាស់​ណាស់​ថា ជំនាញ​នេះ​មិនសូវមាន​ទីផ្សារ​។ ប៉ុន្តែ​ទំនងជា​បុរស​ដែលមាន​បងប្អូន​៣​នាក់​រូបនេះ មាន​ជំនឿ​មុតមាំ​ថា ទីផ្សារ​គឺ​ដើរ​ពីក្រោយ​ចំណេះ​ជំនាញ​ច្បាស់លាស់​ហើយ​មើលទៅ បានជា​លោក​ខំតស៊ូ​លើ​ជំនាញ​មួយ​នេះ​។ 
 
​រៀន​ថ្នាក់​ទី​១២​ផ្នែក​ចំណេះដឹង​ទូទៅ​នៅ​វេន​ពេល​ថ្ងៃ បច្ចុប្បន្ន សុ​ផា​រិ​ទ្ធ ត្រូវ​រៀន​ឯកទេស​កុលាលភាជន៍​ច្រើន​ម៉ោង​ជាងគេ​នៅ​វេន​ពេលព្រឹក ព្រោះ​ជា​មុខវិជ្ជា​ស្នូល​។ ក្រៅពីនោះ សុ​ផា​រិ​ទ្ធ ក៏​រៀន ចិត​ពុម្ព រៀន​គូរគំនូរ​ពណ៌ គំនូរ​មើលឃើញ និង​គំនូរ​ស្អាត ផងដែរ ដើម្បី​ពង្រឹង​ដល់​ឯកទេស​ស្នូល​។ 
 
​ទៅ​ថ្ងៃ​អនាគត យុវជន រស់ សុ​ផា​រិ​ទ្ធ បាន​មើលឃើញ​គោលដៅ​រួចទៅហើយ គឺ​លោក​ចង់​បើក​សិប្បកម្ម​ធ្វើ​កុលាលភាជន៍​ដោយ​ខ្លួនឯង និង​ចង់​ក្លាយជា​គ្រូបង្រៀន​ផ្នែក​នេះ​តែម្ដង​៕

Tag:
 សិល្បៈ​
  កុលាលភាជន៍​
  មធ្យម​វិចិត្រសិល្បៈ​
 ​ជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com