ក្រសួងកសិកម្ម កំណត់​ស្លាក​សញ្ញា​ជាតិ សម្គាល់​លើ​ផលិតផល​ស្បៀង ដើម្បី​បង្កើន​ការនាំចេញ​
ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម កំណត់​ស្លាក​សញ្ញា​ជាតិ សម្គាល់​លើ​ផលិតផល​ស្បៀង ដើម្បី​បង្កើន​ការនាំចេញ​
27, Apr 2020 , 7:39 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​កំណត់​ដាក់​ស្លាក​សញ្ញា​ជាតិ សម្រាប់​សម្គាល់​លើ​ផលិតផល​ស្បៀង និង​ផលិតផល​សរីរាង្គ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​មាន​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​។ ជាពិសេស​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ​ជឿជាក់​ពី​ផលិតផល​នោះ​មាន​ប្រភព​ចេញពី​ការត្រួតពិនិត្យ​វិធានការ​កសិកម្មសរីរាង្គ​ពី​ក្រសួងកសិកម្ម​។ 

​ក្រសួងកសិកម្ម​បានផ្តល់​សិទ្ធិ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​រៀបចំ និង​អនុវត្ត​យន្តការ​គ្រប់គ្រង​សម្រាប់​អនុវត្ត​វិធាន​កសិកម្មសរីរាង្គ នៅក្នុង​ដំណើរការ​កែច្នៃ​ដំណាំ​ស្បៀង ការលាង​សំអាត វេច​ខ្ចប់​ផលិតផល​ស្រស់​។ តួនាទី​ចម្បង​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម គឺ​ការរៀបចំ​ឲ្យ​ម្ចាស់​ផលិតផល​អនុវត្តតាម​វិធាន​កសិកម្មសរីរាង្គ​នៅក្នុង​ផលិតកម្ម និង​ការកែច្នៃ ដោយ​ម្ចាស់​ផលិតផល​អាចមាន​សិទ្ធិ​កំណត់​ស្លាក​សញ្ញា​សម្គាល់​លើ​ផលិតផល​របស់ខ្លួន​ដែល​ប្រកបដោយ​គុណភាព​។ 
 
​បើតាម​ក្រសួងកសិកម្ម ម្ចាស់​ផលិតផល​ដែលមាន​បំណង​ចង់​ប្រើប្រាស់​ស្លាក​សញ្ញា​សម្រាប់​សម្គាល់​លើ​ផលិតផល​របស់ខ្លួន គឺ​ត្រូវដាក់​ពាក្យស្នើសុំ​ការទទួលស្គាល់​ពី​អគ្គនាយកដ្ឋាន​កសិកម្ម  ឬ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​។ 
 
​ក្រសួងកសិកម្ម បាន​បង្គាប់​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម រួមគ្នា​ត្រូវ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ ក្នុង​ការផលិត និង​ការកែច្នៃ​ដំណាំ​ស្បៀង​។ ក្រោយ​ការវាយតម្លៃ​លើ​ផលិតកម្ម និង​ការកែច្នៃ​ដំណាំ​ស្បៀង​រួចហើយ ក្រសួង​នឹង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការទទួលស្គាល់​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ និង​អាចមាន​សិទ្ធិ​ប្រើប្រាស់​ស្លាក​សញ្ញា​លើ​ផលិតផល​របស់ខ្លួន​។ 
 
​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការទទួលស្គាល់​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ គឺជា​ការ​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​នៃ​សពុល​ផលិតផល និង​ទំហំ​នៃ​ការផលិត​។​
 
​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា មុននឹង​ម្ចាស់​ផលិតផល​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការទទួលស្គាល់​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ​នេះ គឺ​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធានការ​កសិកម្មសរីរាង្គ អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ក​សិ​កម្ម​សរីរាង្គ​។​
 
​ក្នុងករណី​ដែល​ម្ចាស់​ផលិតផល​ក្លែងបន្លំ​ស្លាក​សញ្ញា​លើ​ផលិតផល នឹងត្រូវ​ប្រឈម​នឹង​ចាត់វិធានការ​តាមច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងកសិកម្ម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com