COVID-19
ជាតិ
លោក ហេង សួរ​៖ វិបត្តិ​COVID-19 នឹង​ធ្វើឱ្យ​កម្មករ​ស្គាល់​តម្លៃ​ការងារ​
27, Apr 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​COVID-19 នឹង​ធ្វើឱ្យ​កម្មករ​ស្គាល់​តម្លៃ​ការងារ​ពិតប្រាកដ​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង សួរ ដែល​ប្រាប់​ឱ្យ​កម្មករ​រក្សា​ការងារ​ឱ្យបាន​ល្អ និង​អនុវត្តតាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល ដែល​កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩​នេះ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ខ្លួន​។​


 
​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រូបនេះ បាន​សង្កត់ធ្ងន់ថា ពេលនេះ មិនមែនជា​ពេលវេលា​ដែល​កម្មករ​ត្រូវការ​យកឈ្នះ​រដ្ឋាភិបាល​ទេ ។​ប៉ុន្តែ​វា​ពេល​មួយ ដែល​កម្មករ​ត្រូវបំពេញ​កាតព្វកិច្ច និង​រួមគ្នា សហការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​ជាមួយ​រដ្ឋាភិបាល ជាពិសេស​រក្សា​ការងារ​កុំឱ្យ​បាត់បង់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ខ្លួន​។​
 
​និយាយ​ត្រង់ចំណុច​នេះ លោក ហេង សួរ បាន​លើកយក​ករណី​កម្មករ ដែល​នាំគ្នា​ស្រុកកំណើត ប្រឆាំង​បម្រាម​រដ្ឋាភិបាល​ថា កម្មករ​ដែល​បាត់បង់​ការងារ ដោយសារ​ការអនុវត្ត​ផ្ទុយ​ពី​បម្រាម​រដ្ឋ គឺ​មិនមែនជា​កំហុស​រដ្ឋាភិបាល​ទេ ព្រោះ​រដ្ឋ​ក៏បាន​ណែនាំ​ពួកគេ​ឱ្យ​យោគយល់​ពី​ស្ថានការណ៍​ជាក់ស្ដែង​ដែរ​។ លោក ហេង សួរ ក៏​ចាត់ទុក​កម្មករ​ដែល​អ​នុ​វត្ត​ផ្ទុយ​បម្រាម​នេះ ថា ជា​អ្នកក្លាហាន​ខុស​កាលៈទេសៈ​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ស្តីពី​បច្ចុប្បន្នភាព​នៃ​ការ​ច​ត្តា​ឡី​ស័ក​កម្មករ នា​រសៀល​ថ្ងៃទី​២៧ មេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សួរ បាន​បញ្ជាក់ថា​៖ «​ចំពោះមុខ​នេះ ខ្ញុំ​គិតថា​ប្រហែលជា​លើក​ទី​១​ហើយ ដែល​បងប្អូន​កម្មករ​និយោជិត​ជាច្រើន ស្គាល់​តម្លៃ​ថា អ្វី​ទៅ​ការងារ​។ ឥឡូវនេះ​គ្រប់គ្នា​យល់​ហើយ​ថា មាន​ការងារ​សំខាន់​ប៉ុណ្ណា​។ កន្លងទៅ​នៅពេលដែល​យើង​និយាយថា សូមឱ្យ​បងប្អូន​រួមគ្នា​រក្សា​ឆ្នាំងបាយ រក្សា​ការងារ ពេលខ្លះ​យើង​អត់​យល់ថា​ស្អី​ទៅ​តម្លៃ​ការងារ​នោះទេ​។ តែ​ឥឡូវនេះ នៅពេល​ពិភពលោក​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មួយ ការងារ​ក៏ត្រូវ​បាត់​គ្រប់​ប្រទេស ក្នុងនោះ​ក៏មាន​កម្ពុជា​យើង​ផងដែរ​។ ពេលនេះ​យើង​ប្រហែលជា​ស្គាល់​តម្លៃ​ទាំងអស់គ្នា​ថា ការរក្សា​ការងារ ការ​មាន​ការងារ​ធ្វើ វា​សំខាន់​ប៉ុណ្ណា​»​។​
 
​កម្មករ​ជាង​៥០០០​នាក់ ត្រូវបាន​ពិនិត្យ​សុខភាព ក្រោយ​ត្រឡប់​ពី​ស្រុកកំណើត​វិញ បន្ទាប់ពី​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​។ ក្នុងចំណោម​កម្មករ​ទាំង​នោះ មាន​កម្មករ​១២៥​នាក់ ដាក់​ច​ត្តា​ឡី​ស័ក​កម្រិត​ពីរ (​បន្ទប់​ស្នាក់​នៅតែ​ម្នាក់​) និង​កម្មករ​៩៧​នាក់​ទៀត ដាក់​ដោយឡែក​នៅ​បន្ទប់​កម្រិត​មួយ (​បន្ទប់ មាន​គ្នា​លើសពី​២​នាក់​ទៅ​) នៃ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សេង​។​
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ បច្ចុប្បន្ន​រោងចក្រ​ជាង​១៣០ បាន​ព្យួរការងារ ដែលនាំឱ្យ​ប៉ះពាល់​ដល់ក​ម្មករ និយោជិត​នៅ​កម្ពុជា ជិត​១០​ម៉ឺន​នាក់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩(COVID-19)​។ លោក ហេង សួរ បាន​បញ្ជាក់ថា ខាង​ភាគី​រោងចក្រ​ចង់​បិទទ្វារ​រោងចក្រ​តែម្ដង ប៉ុន្តែ​ដោយសារ​មានការ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល ទើប​ថៅកែ​រោងចក្រ​សម្រេចចិត្ត ត្រឹម​ព្យួរការងារ​កម្មករ​សិន ដែល​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ខ្លះ​ដល់​ពួកគេ​។​
 
​ក្រៅពី​រក​ដំណោះស្រាយ​ឱ្យ​ភាគី​រោងចក្រ រដ្ឋាភិបាល​ក៏​ចូលរួម​សម្របសម្រួល​ជាមួយ​ភាគី​អ្នកបញ្ជា​ទិញ ដើម្បីឱ្យ​ពួកគេ អនុវត្ត និង​រក្សា​នូវ​កិច្ចសន្យា​បញ្ជា​ទិញ​។ បើតាម​លោក ហេង សួរ អ្នកបញ្ជា​ទិញ​យល់ព្រម​បង់​នូវ​អ្វីដែល​ពួកគេ បាន​ចុះ​កុងត្រា​ក្នុង​កិច្ចសន្យា ប៉ុន្តែ​គ្រាន់តែ​ពួកគេ មិនទាន់​ឱ្យ​កម្ពុជា នាំចូល​ទីផ្សារ​របស់​ពួកគេ​ប៉ុណ្ណោះ ដោយសារ​បារម្ភ​ពី​បញ្ហា​កូ​វីដ​១៩​។​
 
​មិនមែន​តែ​កម្ពុជា​ទេ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពោលគឺ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ទាំងអស់​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ ត្រូវ​រក្សា​ការងារ​ឱ្យបាន​ល្អ ដើម្បី​បញ្ចៀស​ការបាត់បង់ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង សួរ​។​

Tag:
 ហេង សួរ​
  COVID-19
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com