ជាតិ
អ្នកនាំពាក្យ​សង្គមកិច្ច​៖ មាន​អ្នក​ស៊ីកម្លាំង​ញើស​ឈាម លើ​ជនពិការ និង​អ្នកសុំទាន​
28, Apr 2020 , 2:35 pm        
រូបភាព
​ភ្នំពេញ​៖ ជនពិការ និង​អ្នកសុំទាន​មួយចំនួនធំ ត្រូវបាន​ជន​ទុច្ចរិត កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម តាមរយៈ​ការប្រើ​ពួកគេ ឱ្យ​ដើរ​សុំ​ប្រាក់​ពី​មហាជន​នៅតាម​ដងផ្លូវ​។ នេះ​ជាការ​បញ្ជាក់​របស់លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​២៨ មេសា​។​


 
​លោក តូច ចាន់នី ដែល​ធ្លាប់​ជួប​ករណីនេះ​ផ្ទាល់​បាន​និយាយថា មាន​ជន​ទុច្ចរិត​ខ្លះ ជិះ​សុទ្ធតែ​រថយន្ត​ទំនើប បាន​ប្រើ​មនុស្ស​ចាស់ និង​កុមារ ជាពិសេស​ជនពិការ ឱ្យ​ច្រៀង ឬ​ដើរ​សុំទាន​គេ​តាម​ដងផ្លូវ ជា​ថ្នូរ​នឹង​អាហារ និង​ថវិកា​ខ្លះ ក្រោយ​ចប់​ភារកិច្ច​សុំទាន​នេះ​។ បើតាម​លោក តូច ចាន់នី ក្រសួង​កំពុង​តាមដាន​ករណីនេះ​។​
 
​ឆ្លើយតប​នឹង​ករណី​អ្នកសុំទាន និង​ជនអនាថា នៅតាម​ដងផ្លូវ​នេះ លោក តូច ចាន់នី បាន​បកស្រាយ​ថា ពួកគេ​ទាំងនោះ មិន​ព្រម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នោះទេ បើទោះជា​ក្រសួង​ព្យាយាម​ដោះស្រាយ​បញ្ហា​ពួកគេ តាមរយៈ​រៀបចំ​កន្លែង​ឱ្យ​ស្នាក់នៅ​ក្តី​។ បានន័យថា ពួកគេ​សុខចិត្ត​បន្ត​ការដើរ​សុំទាន ។​
 
​ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច ក៏​បង្ហាញ​ទស្សន​ផ្ទាល់ខ្លួន​ថា បើ​ចង់​លុបបំបាត់​ជនអនាថា និង​អ្នកសុំទាន​នោះ លុះត្រាតែ​មហាជន បញ្ឈប់​សកម្មភាព​ឱ្យ​លុយ​ទៅ​ពួកគេ ព្រោះ​ពួកគេ​ទាំងនោះ ភាគច្រើន​យក​របរ​សុំទាន​ធ្វើជា​អាជីព ដែលនាំឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ 
 
​កាលពី​ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច បាន​ចាប់ខ្លួន​មន្ត្រី​ជាប់កិច្ចសន្យា​ នៃ​មន្ទីរ​សង្គមកិច្ច និង​បក្ខពួក​សរុប​៣​នាក់ ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​ពលកម្ម កុមារ មនុស្ស​ចាស់ជរា និង​ញុះញង់​អនីតិជន ឲ្យ​ដើរ​សុំទាន​គេ​តាមផ្លូវ​ផងដែរ។ ពួកគេ​ទាំង​៣​នាក់​នោះ កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​។ នេះ​បើតាម​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​៕

Tag:
 ​សង្គមកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com