ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ម្នាស់​ត្រូវបាន​គេ​ជឿថា​ល្អ​ចំពោះ​ស្ត្រី និង​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង​ថែម​ទៀតផង​
29, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ម្នាស់​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក ឆ្ងាញ់ និង​ផ្ទុក​ទៅដោយ​ជីវជាតិ​ព្រមទាំង​សារធាតុ​មាន​ប្រយោជន៍​ជាច្រើន​ដែល​អាច​ការពារ​កា​ររ​លាក និង​ជំងឺ​ផ្សេងៗ​បាន​។ ខណៈពេលដែល​ផ្លែ​ម្នាស់ និង​សារធាតុ​របស់​វា​មាន​ជាប់ទាក់ទង​នឹង​ប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន តែ​វា​ប្រហែល​ជាមាន​ភាព​អស្ចារ្យ​បែប​ពិសេស​សម្រាប់​ស្ត្រី​តែម្តង ក្នុងនោះ​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង​បាន​។ 


 
​ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ស​ម្កាល់​ដឹង​តាមរយៈ​ការចុះ​ខ្សោយ ឬ​ឆ្អឹង​មាន​លក្ខណៈ​ផុយ​ដោយសារតែ​ការថយចុះ​កំហាប់​ឆ្អឹង​។ វា​គឺជា​ជំងឺ​ដែល​មិនអាច​ត្រឡប់​មករក​សភាព​ដើម​វិញ​ទេ ដូច្នេះ​អ្នកជំងឺ​ត្រូវ​ប្រឈម​ខ្លាំង​នឹង​ការបាក់​ឆ្អឹង និង​វះកាត់​។  ខណៈពេល​មនុស្ស​គ្រប់គ្នា​អាច​កើត​ជំងឺ​នេះ​បាន តែ​ជំងឺ​ពុក​ឆ្អឹង​ត្រូវបាន​គេ​រកឃើញថា​អាច​កើត​ឡើងលើ​ស្ត្រី​ខ្ពស់ជាង​បុរស​រហូតដល់ ៤​ដង​ឯណោះ​។ ជីវជាតិ​មួយ​ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​គឺ​វីតាមីន C ដែល​ត្រូវបាន​គេ​បង្ហាញថា អាច​ភ្ញោ​ច​ដល់​ការផលិត​របស់​កោសិកា​បង្កើត​ឆ្អឹង និង​ការពារ​កោសិកា​ឆ្អឹង​ពី​ការខូចខាត​បាន​។​
 
​តាមពិតទៅ ការ​ញ៉ាំ​វីតាមីន C គ្រប់គ្រាន់​ត្រូវបាន​គេ​រកឃើញថា ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​កាន់តែ​ខ្ពស់ ហើយក៏​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង និង​បាក់ឆ្អឹង​ផង​។ តាម​ការសិក្សា​បាន​រកឃើញថា មនុស្ស​ម្នាក់​ដែល​បាន​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C ញឹកញាប់ ឃើញថា​មិនសូវ​ប្រឈម​នឹង​ការពុក​ឆ្អឹង​ទេ ហើយក៏​បន្ថយ​ការបាក់​ឆ្អឹងត្រគាក​បាន ៣៤​ភាគរយ​ដែរ​។​
 
​សាច់​ម្នាស់ ១៦៥​ក្រាម អាច​ផ្តល់​ជា​វីតាមីន C តាម​តម្រូវការ​ប្រចាំថ្ងៃ ៨៨​ភាគរយ​។ វា​ក៏​ផ្តល់​ជា ម៉ាញ៉េ​ស្យូ​ម​តាម​តម្រូវការ​ប្រ​ចាម​ថ្ងៃ ៥​ភាគរយ​ដែរ ដែល​សំខាន់​សម្រាប់​រក្សា​ភាពរឹងមាំ​របស់​ឆ្អឹង​។​
 
​ដូច្នេះ​ការបញ្ចូល​ម្នាស់​ទៅក្នុង​របប​អាហារ​ប្រហែល​ជាមាន​ប្រយោជន៍​សម្រាប់​សុខភាព​ឆ្អឹង និង​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​ទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com