COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ក្រសួង ត្រូវការ​កិច្ចពិភាក្សា​ឲ្យ​ល្អិតល្អន់ មុន​សុំ​រដ្ឋាភិបាល​បើក​សាលា​វិញ
28, Apr 2020 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ​មើលឃើញថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា លែង​សូវ​អាក្រក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សុំ​ឲ្យ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ពិនិត្យ​ពី​ការសុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​បើកសាលារៀន​ឡើងវិញ​។

 
 
​ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង បាន​ប្រាប់​អ្នកកាសែត​ថា លោក បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​អប់រំ ហើយក៏​បាន​សុំ​ឲ្យ​ពិចារណា​ពី​ការបើក​សាលារៀន​ឡើងវិញ​។ ​

យ៉ាងណា ក្រសួង​អប់រំ នៅតែ​មិនទាន់​អាច​កំណត់ពេល​បើក​សាលារៀន​វិញ​ឡើយ​។ នេះ​បើតាម​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​។​
 
​លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​រឿងនេះ ត្រូវការ​ការពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​រវាង​ក្រសួង​អប់រំ យុវជន និង កីឡា និង​ក្រសួង​សុខា​ភិ​បាល មុនពេល​ធ្វើសំណើ​ណាមួយ​ទៅកាន់​រាជរដ្ឋាភិបាល​។ ក្រសួង​ទាំងពីរ ទាក់ទង​គ្នា និង​ដោះដូរ​យោបល់​គ្នា​ជាប្រចាំ​លើ​បញ្ហា​នេះ​»​។   
 
​វា មាន​រយៈពេល​ជិត​២​ខែ​ហើយ ដែល​កម្ពុជា បិទ​សាលារៀន​នៅ​ទូទាំងប្រទេស​។ មិនមែន​តែ​សាលារៀន​ទេ ព្រះ​បរម​រា​វាំង និង សារមន្ទីរ​ ក៏ត្រូវ​បិទ មិន​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ដែរ ហើយ​ការប្រគំ​តន្ត្រី​និង​ការជួបជុំ​ក្នុង​សាសនា ត្រូវបាន​ផ្អាក​។ លើសពីនេះ រដ្ឋាភិបាល ថែមទាំង​បាន​បិទ​អាជីវកម្ម​នានា​ជា​បណ្តោះអាសន្ន ដូចជា កាស៊ីណូ ខារ៉ាអូខេ ក្លិប​កម្សាន្ត ប៊ី​ហ្កា​ឌិន រោងកុន កន្លែង​ម៉ាស្សា​-​ស្ប៉ា និង កន្លែង​ហាត់ប្រាណ ជាដើម​។ 
 
​ការបិទ​ទាំងអស់នេះ ស្ថិតក្រោម​ហេតុផល​តែមួយ គឺ​ទប់ស្កាត់​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​-១៩ ហើយនឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ នៅពេលណា រដ្ឋាភិបាល ពិចារណា​ឃើញថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ លែង​បង្ក​ហានិភ័យ​ដល់​កម្ពុជា​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា កម្ពុជា ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​ជាសះស្បើយ​១១៩​នាក់​ហើយ ដោយ​នៅសល់តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​៕ 

Tag:
 COVID-19
  បើក​សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com