COVID-19
ជាតិ
សង្គមជាតិ
ទិវា​ពលកម្ម​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោមរូបភាព «​សម្រាក​នៅផ្ទះ​»
29, Apr 2020 , 9:19 am        
រូបភាព
កម្មករនិយោជិតនិងមេសហជីបនៅកម្ពុជា ស្នើសុំអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាលនិងថៅកែ ក្នុងទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨
កម្មករនិយោជិតនិងមេសហជីបនៅកម្ពុជា ស្នើសុំអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាលនិងថៅកែ ក្នុងទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨
ដោយ:
​តាមរយៈ​សារាចរ​ណែនាំ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រសួង​ការងារ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គការ​វិជ្ជាជីវៈ និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត ព្រមទាំង​កម្មករនិយោជិត ត្រូវ​រៀបចំ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៤ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តាម​រូបភាព​នៃ «​ការឈប់​សម្រាក​តាម​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ​ឬ​ទៅតាម​កន្លែង​ស្នាក់នៅ​»​។

 
​ការណ៍​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំនេះ ដោយ​ឲ្យ​សម្រាក​នៅផ្ទះ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​ចរាចរ​ណែនាំ ដែល​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​៧ ខែមេសា ប្រមុខ​រដ្ឋាភិបាល មិន​ភ្លេច​ឡើយ​ពី​ការ​ក្រើនរម្លឹក​កម្មករ​និ​យោ​ជិត ឲ្យ​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។ 
​លោក អាត់ ធន់ មេ​សហជីព​មួយរូប ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា​ថា ក្រុម​លោក​ជា​ថ្នាក់ដឹកនាំ​សហជីព នឹងមិន​នាំ​កម្មករ​-​កម្មការិនី រៀបចំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ដូច​រាល់​ឆ្នាំ​ឡើយ​។ លោក អះអាងថា ពួកលោក​ជា​មេ​សហជីព​ប្រមាណ​តែ​១០​នាក់​ប៉ុណ្ណោះ ដែល​នឹង​ជួបជុំគ្នា ហើយនឹង​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ដើម្បី​ឲ្យ​កម្មករ​-​កម្មការិនី ចូល​មើល​។ 
 
​លើសពីនេះ ក្រុម​លោក នៅតែ​យក​ញត្តិ​ទៅ​ដាក់ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​រាល់​ឆ្នាំ​ដដែល ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​-​កម្មការិនី​។ លោក បន្ថែមថា ថ្នាក់​ដឹ​នាំ​សហជីព នឹងធ្វើ​សន្និសីទកាសែត ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​។  
 
​ប្រមុខ​រដ្ឋាភិបាល ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ការដ្ឋាន ឬ​កសិដ្ឋាន កម្មករ ត្រូវ​រួមគ្នា​លើក​បដា​ជា​ពាក្យស្លោក​នានា ដូចជា អបអរសាទរ​ខួប​លើក​ទី​១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​, សន្តិភាព​និង​ការងារ​សមរម្យ​, សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​, គោរព​ច្បាប់​ការងារ​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ដើម្បី​ធានា​សិទ្ធិ និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត និង​និយោជក​, ចូលរួម​យុទ្ធនាការ​គ្រោះថ្នាក់​ការងារ​កម្រិត​សូន្យ​, អភិវឌ្ឍ​របប​សន្តិសុខ​សង្គម ដើម្បី​សុខុមាលភាព​សង្គម​, និង អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផលិតភាព និង​ភាព​ប្រកួតប្រជែង ជាដើម​។​
 
​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​កម្ពុជា សម្រាប់​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​សន្តិភាព និង​ការងារ​សមរម្យ​»៕ 

Tag:
 កម្មករ​
  ទិវា​ពលកម្ម​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com